ខេត្តកែប៖ រឿងរ៉ាវហួសចិត្ត និងដែលធ្វើឲ្យមនុស្សជាច្រើនស្ងើចសរសើរគ្រប់ៗគ្នា បន្ទាប់ពីបានដឹងថា លោកអធិការនគរបាលស្រុកដំណាក់ចង្អើរបានរើសយកទារកម្នាក់ ដែលត្រូវគេយកទៅប្លុងចោលនៅដីទួលដាំដំឡូងមួយកន្លែង ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ កាលពីព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥។
លោក សែម បញ្ញាមន អធិការនគរបាលស្រុកដំណាក់ចង្អើរបានឱ្យដឹងថា មានអ្នកបររទេះម្នាក់ឈ្មោះ ស៊ុន គឹមស្រ៊ន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិភ្នំលាន់ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ បានប្រទះឃើញទារកនេះ ពេលគាត់កំពុងបររទេះគោដឹកសំណាបយកទៅស្ទូង ។ ពេលប្រទះឃើញនោះ គឺទារកនេះត្រូវគេរុំក្រមាក្រហមយកមកប្លុងចោលកណ្តាលទួល ជាកន្លែងស្ងាត់ហាក់មានបំណងទុកចោលឲ្យទារកនោះស្លាប់តែម្តង។
លោកអធិការបានបន្តទៀតថា ក្រោយពីមានសេចក្តីរាយការណ៍ភ្លាម ប៉ូលិសស្រុកដំណាក់ចង្អើររួមទាំងរូបលោកផ្ទាល់ បានចុះទៅកន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យទារកដែលគេយកទៅបោះចោលនោះទើបដឹងថា ទារកនេះទើបនឹងកើតប្រហែល៣ទៅ៤ម៉ោងប៉ុណ្ណោះ ព្រោះនៅលើដងខ្លួនទារកមានប្រទ្បាក់ឈាមស្រស់មិនទាន់ស្ងួតនៅទ្បើយទេ។ លោកបានសន្និដ្ឋានថា ទារកនេះគេយកមកបោះចោលប្រហែលជាម៉ោង៤ទៀបភ្លឺនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ ទំនងស្ត្រីជាម្តាយខូចចិត្តអ្វីម្យ៉ាងទើបដាច់ចិត្តបោះកូនចោលបែបនេះ។ ដោយឃើញស្ថានភាពដ៏គួរឲ្យសង្វេគរបស់ក្មេងបែបនេះ ទើបលោកព្រមទាំងភរិយាបានមូលមតិគ្នា យកទារកនេះទៅចិញ្ចឹមបីបាច់ថែរក្សា ទុកដូចកូនបង្កើតរបស់លោក។
លោកអធិការរូបនេះបន្តថា ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខម្តាយទារកឲ្យខាងតែបាន ទើបដឹងរឿងពិតប្រាកដ ព្រោះម្តាយទារកនេះប្រហែលជារស់នៅ មិនឆ្ងាយពីកន្លែងកើតហេតុនោះទេ ៕
ដោយ៖ វិបុល