ភ្នំពេញ៖ បុរស២នាក់បានរងរបួសធ្ងន់និងស្រាលហើយសត្វគោ១ក្បាលបានងាប់ខណះម្ចាស់រថយន្តកូរ៉េពីរតោនកន្លះមួយគ្រឿងបោះពួយយ៉ាងលឿនដូចហោះទៅបុកសត្វគោពេញទំហឹង ហើយរថយន្តរេចង្កូតទៅឡើងសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលអោយក្រឡាប់ផ្ញាជើងទៅផ្លូវម្ខាងទៀត។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣៥នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នៅចំណុចមុខវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៉ីលីដា តាមបណ្តោយផ្លូវភ្នំពេញហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញមមានវ៉ូងសត្វបីទៅ៤ក្បាលកំពុងតែដើរកណ្តាលផ្លូវពេលនោះស្រាប់តែមានរថយន្ត១គ្រឿងទៀតម៉ាក ហីុយ៉ាន់ដាយ ពណ៌ស ជាប្រភេទរថយន្តពីរតោនកន្លះរបស់ក្រុមហ៊ុនបញ្ញើឆាប់រហ័ស ពាក់ស្លាកលេខភ្នំពេញ 3B-3802 បើកបរដោយបុរសម្នាក់និងនាក់រួមដំណើម្នាក់ទៀតទើបតែដឹកឥវ៉ាន់បញ្ញើចេញមកពីខេត្តបំណងយកទៅឃ្លាំងនៅម្តុំសំរោងអណ្តែត ដោយធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីជើងទៅត្បូងនិងក្នុងល្បឿនយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុ រួចក៏ជ្រុលទៅបុកសត្វគោញីមួយក្បាលដែលឈរនៅកណ្តាលផ្លូវប៉ើងជិត១០ម៉ែត្របណ្តាលឲ្យងាប់ ហើយរថយន្តក៍រេចង្កូតទៅខាងឆ្វេងទៅឡើងសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលអោយក្រឡាប់ផ្ងាជើងទៅលើផ្លូវម្ខាងទៀត ចំណែកឯបុរសម្នាក់ដែលជាអ្នកបើកបររថយន្តរងរបួសចង្កេះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅក្លីនិកឯកជន និងម្នាក់ទៀតរងរបួសស្រាល់។
ក្រោយពេលកើតហេតុសត្វគោនិងរថយន្តត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ស្ទួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោះ៖ តុង សីហា