ខេត្តកំពង់ស្ពឺ៖ ក្រុមអ្នករកស៊ីលក់ម៉ូតូស្របច្បាប់(មានពន្ធ) បានត្អូញត្អែរថាសព្វថ្ងៃនេះពួកគាត់លក់ម៉ូតូមិនសូវដាច់ឡើយ ព្រោះដ្បិតតែមានស្តង់លក់ម៉ូតូអត់ពន្ឋរីកដូចផ្សិត។ ម៉ូតូអត់ពន្ឋដែលក្រុមឈ្មួញដាក់តាំងលក់នេះត្រូវបានប្រភពបង្ហើបថា ក្រុមឈ្មួញបានឃុបឃិតគ្នាជាប្រព័ន្ឋជាមួយមន្ត្រីដែលប្រចាំការនៅតាមច្រកព្រំដែនក្នុងនោះមានច្រកកោះកុង និងព្រះសីហនុ ទើបបញ្ជូនបន្តមកចែកចាយលក់នៅកំពង់ស្ពឺ ។
អ្នករកស៊ីលក់ម៉ូតូស្របច្បាប់(មានពន្ឋ)ម្នាក់បានអោយដឹងថា រាល់ថ្ងៃនេះការលក់មិនសូវជាដាច់ប៉ុន្មានឡើយ ព្រោះតែមានស្តង់លក់ម៉ូតូអត់ពន្ធនៅក្រុងច្បារមនច្រើនពេក។ ពីមុនបើលក់ដាច់គឺអំឡុងបុណ្យភ្ជុំ និងចូលឆ្នាំ តែប៉ុន្មានឆ្នាំនេះ ការលក់ម៉ូតូមានពន្ឋមិនសូវទទួលបានផលនោះឡើយ។ ទាំងនេះបណ្តាលមកពីមានការបើកដៃពីសំណាក់ជំនាញពាក់ព័ន្ឋនិងអាជ្ញាធរតែម្តង។
ជាទូទៅគេសង្កេតឃើញថា ការដាក់តាំងលក់ម៉ូតូអត់ពន្ឋ យ៉ាងច្រើនស្អេកស្កះ ដោយគ្មានការបង្ក្រាបបែបនេះបើអស់លោកជំនាញពាក់ព័ន្ឋមិនបានទទួលលាភសក្ការះពីក្រុមថៅកែម៉ូតូអត់ពន្ឋនេះទេ ម្លេះសមម្នាក់ៗខិតខំដឹកនាំកម្លាំងចុះបង្ក្រាបយកស្នាដៃថ្នាក់លើជាក់ជាមិនខាន។ អ្វីដែលពិសេសនោះគឺត្រង់ថា សមត្ថកិច្ចតូចតាចមិនសូវហ៊ានទៅក្បែរស្តង់លក់ម៉ូតូ អត់ពន្ធនោះប៉ុន្មានទេ ព្រោះថាម្នាក់ៗខា្លចធ្លាក់ស័ក្តិពីលើស្មាមិនមាននរណាម្នាក់ហ៊ានអះអាងថាមកពីមូលហេតុអ្វីអោយពិតប្រាកដនោះទេអំពីបញ្ហានេះ ឬមួយក៏ម្នាក់ៗបានដឹងថា ក្រុមលក់ម៉ូតូអត់ពន្ឋមានទំនាក់ទំនងអ្វីជាមួយថ្នាក់លើ ឬអាចថាបានម្យ៉ាងទៀតគឺគេបានរៀបចំសំណែនប្រចាំខែ មួយថ្នាក់លើគ្រាក់ៗអស់ហើយ ទើបមិនដែលមានការបង្ក្រាបកើតឡើង ។
ម៉ូតូអត់ពន្ឋតាំងនោះភាគច្រើនត្រូវបានដឹងថា ដឹកតាមរថយន្តទួរីសចេញពីខេត្តកោះកុង និងកំពង់សោម ហើយយកមកចែកចាយដាក់តាំងលក់តាមស្តង់នានាក្នុងក្រុងច្បារមនខេត្តកំពង់ស្ពឺ ។ ក្រុមឈ្មួញគេឆ្លាតណាស់គឺគេចរាចរណ៍តែពេលយប់ប៉ុណ្ណោះតែទោះជាឆ្លាតប៉ុណ្ណាក៏ត្រូវសែនព្រេនដល់ជំនាញដែរទើបបានសុខ។
ក្នុងនោះមាន ថៅកែម្នាក់ត្រូវបានស្គាល់ថា ឈ្មោះឈុន ហោ គឺជាអ្នកឡើងទៅទំនាក់ទំនងឈ្មួញនៅខេត្តកោះកុង និងកំពង់សោម ក្នុងការទិញម៉ូតូអត់ពន្ធ យកមកចែកចាយលក់តាមស្តង់នៅខេត្តកំពង់ស្ពឺនេះ ។
ពាក់ព័ន្ឋនឹងការដាក់តាំងលក់ម៉ូតូអត់ពន្ឋនេះដែរ លោកឈុន ហោ ដែលជាថៅកែស្តង់លក់ម៉ូតូដ៏ធំជាងគេនៅក្រុងច្បារមនធ្លាប់បានប្រាប់អ្នកពត៌មានយើងថា រាល់ថ្ងៃនេះការលក់ម៉ូតូអត់ពន្ឋគ្រាន់តែល្អមើលតែប៉ុណ្ណោះ មិនសូវចំណេញប៉ុន្មានទេ ព្រោះត្រូវបែងចែកទៅគ្រប់ជំនាញអស់រាប់ពាន់ដុល្លារក្នុងមួយខែៗ។ មជ្ឈដ្ឋានប្រជាពលរដ្ឋបានលើកឡើងថា តើឱ្យគេមកចាប់ និងបង្ក្រាបយ៉ាងម៉េច បើគ្រប់ជំនាញជាពិសេសនគរបាលសេដ្ឋកិច្ចនិងក្រុមគយចល័តតែម្តងបើជំនាញនីមួយៗទទួលសំណែនប្រចាំខែរបស់ក្រុមដង្ខៅម៉ូតូអត់ពន្ឋអស់ទៅហើយនោះ ។ និយាយរួមគេចែកគ្នាស៊ីតាមជំនាញតែម្តង ទើបការដាក់តាំងលក់នេះដំណើរការទៅបានយ៉ាងរលូនបែបនេះ ។
ក្រុមអ្នករកស៊ីលក់ម៉ូតូស្របច្បាប់ក៏បានសំណូមពរផងដែរដល់ជំនាញពាក់ព័ន្ឋជាពិសេសនគរបាលសេដ្ឋកិច្ចល្មមមានវិធានការបង្ក្រាបម៉ូតូអត់ពន្ឋនេះម្តងហើយដើម្បីប្រមូលថវិការចូលរដ្ឋ បើមិនដូច្នោះទេអ្នករកស៊ីលក់ម៉ូតូមានពន្ឋច្បាស់ជាលក់មិនសូវដាច់ឡើយហើយបើលក់មិនដាច់តើរកកំរៃ ឯណាយកមកបង់ពន្ឋចូលរដ្ឋបាន។
បញ្ហានេះគួរណាស់តែលោកប្រធាននាយកដ្ឋាននគរបាលសេដ្ឋកិច្ចឧស្សាហ៍កេះថ្នាក់ក្រោមបន្តិច ព្រោះគេសង្កេតឃើញថា មានកម្លាំងនគរបាលសេដ្ឋកិច្ចច្រើនណាស់នៅតាមផ្លុវជាតិលេច៤ទាំងខេត្ត និងក្រសួងបើមិនដូច្នេះទេ អស់លោកទាំងនោះប្រាកដជាលង់លក់ក្នុងតំណែងមិនចេញធ្វើការនោះឡើយ ៕
ដោយ៖ សេនាស័ក្តិ