ប៉ូលិសក្នុងតំបន់បានថ្លែងថា យ៉ាងហោចណាស់មនុស្ស១៣នាក់បានបាត់បង់ជីវិត និង១០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ភាគខាងត្បូងរដ្ឋ អេនត្រាប្រាដែស ប្រទេសឥណ្ឌាកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ ។
ប្រភពបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងនៅពេលរថយន្តដឹកអ្នកដំណើរធុនតូច ដឹកមនុស្ស៤០នាក់ ដែលជាញាតិមិត្តចូលរួមក្នុងពិធីមង្គលការ បានបុកជាមួយរថយន្តក្រុងមួយគ្រឿងទៀតស្ថិតនៅជិតទីប្រជុំជន Kandukur ក្នុងតំបន់ Prakasam ។
ប្រភពបន្តថា រថយន្តធុនតូចនោះបានក្លាយជាអណ្តាតភ្លើងឆាប់ឆេះភ្លាមៗ ដោយគ្មានការអន្តរាគមន៍ទាន់ពេលវេលា ហើយនៅទីបំផុត ជនរងគ្រោះ១៣នាក់បានបាត់បង់ជីវិតនៅកន្លែងកើតហេតុ ក្នុងនោះមានកុមារ៣នាក់ផងដែរ ។ រីឯអ្នករងរបួស១០នាក់ផ្សេងទៀតត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជិតកន្លែងកើតហេតុ ក្នុងចំណោមនោះភាគច្រើនមានរបួសធ្ងន់ ។
មន្ត្រីបានអះអាងថា ជនរងគ្រោះទាំងអស់ជាអ្នកធ្វើដំណើរតាមរថយន្តធុនតូច ។ អ្នកបើកបរ និងព្រូរថយន្តបានគេចខ្លួនភ្លាមៗក្រោយកើតហេតុ ។ ប៉ូលិសមិនបានបញ្ជាក់ប្រាប់ពីមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់កើតឡើងនោះឡើយ ដោយគ្រាន់តែអះអាងថាសមត្ថកិច្ចបានស៊ើបអង្កេតករណីគ្រោះថ្នាក់នេះ និងតាមស្វែងរកចាប់ខ្លួនអ្នកបើកបររថយន្តបង្កផងដែរ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត