សហគមន៍​អឺរ៉ុប​ប្រកាស​បញ្ចប់​ការ​ដាក់​ទណ្ឌកម្ម​អ៊ី​រ៉​ង់

ចែករំលែក៖

​ប្រភព​អ្នកការទូត​ស្និទ្ធ​លោក​ខាងលិច​បាន​បញ្ជាក់​ថា​ នៅ​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០១៥​ សហគមន៍​អឺរ៉ុប​នឹង​ប្រកាស​បញ្ចប់​ការ​ដាក់​ទណ្ឌកម្ម​ដែល​ធ្វើ​ឲ្យ​ខូចខាត​សេដ្ឋកិច្ច​អ៊ី​រ៉​ង់​ ដោយសារ​តែ​កម្មវិធី​នុយក្លេអ៊ែរ​នោះ​ជា​ផ្លូវការ​ហើយ​ ។

iran-sanctions

​ប្រភព​បាន​អះអាង​ថា​ ការ​ប្រកាស​បញ្ចប់​ទណ្ឌកម្ម​របស់​អឺរ៉ុប​ទៅ​លើ​ប្រទេស​អ៊ី​រ៉​ង់​នេះ​អាច​មាន​ប្រសិទ្ធភាព​ចាប់ពី​ដំណាច់ឆ្នាំ​២០១៥​នេះ​តទៅ​ គឺ​ក្រោយ​ពី​ទីភ្នាក់ងារ​អាវុធ​បរមាណូ​អន្តរជាតិ​(IAEA)​ ប្រកាស​បញ្ជាក់​ថា​ អ៊ី​រ៉​ង់​ពិតជា​បាន​អនុវត្ត​តាម​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​កាលពី​ខែកក្កដា​ ឆ្នាំ​២០១៥​ ជាមួយ​មហាអំណាច​ទាំង៥បូក​មួយ​បញ្ឈប់​សកម្មភាព​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​នី​ញ៉ូ​វ​ក្នុង​គោលដៅ​ផលិត​គ្រាប់បែកបរមាណូ​អ៊ី​រ៉​ង់​ និង​ការ​អនុញ្ញាត​ឲ្យ​សហគមន៍​អន្តរជាតិ​ចូល​ទៅ​កាន់​អ៊ី​រ៉​ង់​ត្រួតពិនិត្យ​ផ្ទាល់​ភ្នែក​ ។​

​ប្រភព​ដែល​ស្នើ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ថា​ ពិតប្រាកដ​ណាស់​ថា​ សហគមន៍​អឺរ៉ុប​នឹង​ព្រាងការ​អនុវត្ត​ច្បាប់​បញ្ឈប់​ទណ្ឌកម្ម​ពាក់ព័ន្ធ​កម្មវិធី​អាវុធ​បរមាណូ​ ឬ​បញ្ចប់​ទណ្ឌកម្មសេដ្ឋកិច្ច​ទាំងស្រុង​ទៅ​លើ​ប្រទេស​អ៊ី​រ៉​ង់​ ប៉ុន្តែ​ទាល់តែ​មានការ​បញ្ជាក់​ពី​ IAEA​ នោះ​សិន​ ។​ អង្គការ​ IAEA​ ជា​អ្នកត្រួតពិនិត្យ​សង្កេត​ដោយ​ផ្ទាល់​ថា​ តើ​ភាគី​អ៊ី​រ៉​ង់​បាន​អនុវត្ត​តាម​ដែរ​ឬទេ​ពាក់ព័ន្ធ​កិច្ចព្រមព្រៀង​ដែល​ចុះហត្ថលេខា​កាលពី​ពេល​កន្លង​មក​នោះ​ ។​

​សហគមន៍​អឺរ៉ុប​ និង​អា​មេ​រិ​កបាន​ដាក់​ទណ្ឌកម្ម​ខ្លាំង​ជាងគេ​ទៅ​លើ​ប្រទេស​អ៊ី​រ៉​ង់​ទាក់ទង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ ។​ អា​មេ​រិ​ក​ និង​សហគមន៍​អឺរ៉ុប​បាន​អនុវត្ត​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ នា​ពេល​កន្លង​មក​យូរ​ឆ្នាំ​ហើយ​ទៅ​លើ​ស្ថាប័ន​ ហិរញ្ញវត្ថុ​ ក្រុមហ៊ុន​ប្រេង​ ឬ​ក្រុមហ៊ុន​ដទៃ​ផ្សេងៗ​ដែល​មាន​វិនិយោគ​ជាមួយ​ប្រទេស​អ៊ី​រ៉​ង់​ ក៏​ដូច​ជា​ហាមប្រាម​ការ​ចេញ​ទិដ្ឋាការ​មិន​ឲ្យ​មានការ​ចេញចូល​ទៅ​កាន់​ទីក្រុង​តេ​អេ​រ៉​ង់​ និង​ការ​បង្កក​ទ្រព្យ​មន្ត្រី​អ៊ី​រ៉​ង់​សំខាន់ៗ​មួយ​ចំនួន​ផង​ដែរ​ ដើម្បី​បង្ខំ​ឲ្យ​រដ្ឋាភិបាល​អ៊ី​រ៉​ង​ដែល​មានការ​សង្ស័យ​ថា​ កំពុង​សម្ងំ​លួច​ផលិត​គ្រាប់បែកបរមាណូ​នោះ​ឲ្យ​ បោះបង់​ចោល​កម្មវិធី​របស់​ខ្លួន​ ហើយ​អនុញ្ញាត​ឲ្យ​សហគមន៍​អន្តរជាតិ​ចូល​ត្រួតពិនិត្យ​ដោយ​គ្មាន​ការ​លាក់បាំង​ ។​

​ការ​ដាក់​ទណ្ឌកម្ម​នេះ​បាន​ធ្វើ​ឲ្យ​អ៊ី​រ៉​ង​ខាតបង់​សេដ្ឋកិច្ច​យ៉ាង​ធំធេង​ ក៏​ដូច​ជា​ការ​ជាប់​គាំង​ទ្រព្យសម្បត្តិ​អ៊ី​រ៉​ង់​នៅ​ ក្រៅប្រទេស​រាប់​សិប​លាន​ដុល្លារ​ផង​ដែរ​ ។​ អ៊ី​រ៉​ង់​អះអាង​ថា​ ខ្លួន​មិន​បាន​ផលិត​គ្រាប់បែកបរមាណូ​ដូច​ការ​ចោទប្រកាន់​លោក​ខាងលិច​ និង​អា​មេ​រិ​ក​នោះ​ឡើយ​ កម្មវិធី​បរមាណូ​របស់​ខ្លួន​ គឺ​សម្រាប់​បម្រើ​ដល់​វិស័យ​ស៊ី​វិល​តែ​ប៉ុណ្ណោះ​ ។​

​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ​ ភ្នាក់ងារ​អាវុធ​បរមាណូ​អន្តរជាតិ​ ក៏​ដូច​ជា​មហាអំណាច​ទាំង​៥​បូក​១​ គឺ​មាន​ប្រទេស​អា​មេ​រិ​ក​,​ រុ​ស្ស៊ី​,​ ចិន​,​ បារាំង​,​ អង់គ្លេស​ និង​អា​ល្លឺ​ម៉​ង់​បាន​ជួប​ពិភាក្សា​គ្នា​ជាមួយ​រដ្ឋាភិបាល​អ៊ី​រ៉​ង់​តាំងពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ នៅ​តែ​គ្មាន​បាន​លទ្ធផល​ជា​ដុំ​កំភួន​ ។​

​លុះ​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ រដ្ឋាភិបាល​អ៊ី​រ៉​ង់​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​ថ្មី​ លោក​ហា​ស្សាន់​ រ៉ូ​ហា​នី​នោះ​ កាលពី​អំឡុង​ខែកក្កដា​ ឆ្នាំ​២០១៥​ បាន​បន្ទន់​ជំហរ​ជាមួយ​ភ្នាក់ងារ​អន្តរជាតិ​ ក៏​ដូច​ជាមួយ​មហាអំណាច​ទាំង​៥​បូក​១​ ហើយ​ឈាន​ដល់​ការ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​ ថ្នូរ​នឹង​ការ​លើកលែង​ទណ្ឌកម្ម​ពី​មហាអំណាច​ទាំងនោះ​មក​លើ​អ៊ី​រ៉​ង់​។​

​អ៊ី​រ៉​ង់​បាន​អះអាង​ថា​ ខ្លួន​សុខចិត្ត​ធ្វើ​តាម​លក្ខខណ្ឌ​ និង​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​នេះ​ ដោយ​បញ្ឈប់​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​នី​ញ៉ូ​ម​ ព្រមទាំង​អនុញ្ញាត​ឲ្យ​មានការ​ចូល​ទៅ​ត្រួតពិនិត្យ​ដល់​រោងចក្រ​ដែល​សង្ស័យ​ថា​ មានការ​ផលិត​គ្រាប់បែកបរមាណូ​នោះ​ ។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ ទីភ្នាក់ងារ​អាវុធ​បរមាណូ​អន្តរជាតិ​ រួម​ជាមួយ​មហាអំណាច​ផង​ដែរ​មិន​ទាន់​ជឿ​តាម​ការ​អះអាង​របស់​អ៊ី​រ៉​ង់​ភ្លាមៗ​នោះ​ឡើយ​ ដោយ​ត្រូវ​សង្កេត​ត្រួតពិនិត្យ​សកម្មភាព​របស់​អ៊ី​រ៉​ង់​ជា​មុន​សិន​។​

​ទាក់ទង​បញ្ហា​នេះ​ដែរ​ ទីភ្នាក់ងារ​ព័ត៌មាន​ channelnewsasia​ បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០១៥​ថា​ ទីក្រុង​វ៉ា​ស៊ី​ន​តោន​ នៅ​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០១៥​ មាន​គម្រោង​ប្រកាស​លើកលែង​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​អ៊ី​រ៉​ង់​ ដូចដែល​សហគមន៍​អឺរ៉ុប​បាន​ធ្វើ​នោះ​អីចឹង​ដែរ​ ។​

​នៅ​ទីក្រុង​តេ​អេ​រ៉​ង់​ ទីភ្នាក់ងារ​អ៊ី​រ៉​ង់​ IRNA​ បាន​ផ្សព្វផ្សាយ​ដែរ​ថា​ លោកស្រី​ Federica​ Mogherini​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហភាព​អឺរ៉ុប​ និង​សម​ភាគី​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អ៊ី​រ៉​ង់​ Mohammad​ Javad​ Zarif​ នឹង​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​នៅ​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០១៥​ ទាក់ទង​បញ្ហា​ទណ្ឌកម្មសេដ្ឋកិច្ច​អ៊ី​រ៉​ង់​នេះ​ផង​ដែរ​ ។​

​លោក​ Abbas​ Araghchi​ ប្រធាន​គណៈប្រតិភូ​ចរចា​បញ្ហា​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់​បាន​ថ្លែង​ថា​ ការ​បញ្ចប់​ទណ្ឌកម្ម​នឹង​ត្រូវធ្វើ​ឡើង​ នៅ​ពេល​ដែល​ភាគី​នីមួយៗ​បាន​បំពេញ​តាម​កាតព្វកិច្ច​រៀងខ្លួន​។​ លោក​បន្ត​ថា​ លោក​សង្ឃឹមថា​ ការ​ដាក់​ទណ្ឌកម្ម​នឹង​បញ្ចប់​នៅ​អំឡុង​ពេល​មួយ​ខែ​ ឬ​ពីរ​ខែ​ទៀត​នេះ​ ៕

iranian-foreign-minister

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print