ខេត្តរតនគិរី៖ ជារៀងរាល់ថ្ងៃ គេសង្គតឃើញជនជាតិដើមភាគតិចស្ពាយកាផាដាក់ពីក្រោយខ្នងដើរត្រសងតាមផ្លូវជាតិមកដាក់លក់បន្លែផ្លែឈើធម្មជាតិពុំមានជាតិគីមីនោះទេ ពួកគាត់លក់នៅតាមចិញ្ចើមផ្លូវជាតិលេខ៧៨ ត្រង់ចំណុចដីព្រលានយន្តហោះចាស់ និងមួយកន្លែងទៀត ទល់មុខផ្សារក្រុងបានលុងនេះតែម្តង ដោយសារពួកគាត់គ្មានផ្សារលក់ដូរ ទើបពួកគាត់សម្រេចចិត្តមកលក់ដូរកន្លែងសាធារណៈ ធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ហើយក៍ប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ជាពិសេសធ្វើឲ្យខូចសោភណ្ឌ័ភាពទីក្រុង ដែលលោកអភិបាលខេត្តបានខិតខំថែទាំសួនច្បារដើម្បីប្រឡងប្រណាំងយកទីក្រុងស្អាតផងដែរ ។
លោក អ៊ុក សំអុល អភិបាលក្រុងបានលុងបានលើកឡើងថា ដីដែលត្រូវធ្វើផ្សារជូនពួកគាត់គឺត្រង់ចំណុចខាងកើតឈាងខាងជើងនៃផ្សារក្រុងបានលុង អាជ្ញាធរក្រុងរៀបចំមិនកើត ព្រោះអាជីវករបានរារាំងជាច្រើនលើកច្រើនសារ ហេតុដូចនេះក្រុងក៍ឈប់លូកដៃហើយទុកឲ្យខេត្តជាអ្នកចាត់វិធានការម្តង។
លោក ញែមសំអឿន អភិបាលរងខេត្តបានបញ្ជក់តាមទូរស័ព្ទកាលពីថ្ងៃទី១៧ ខែតុលាឆ្នាំ២០១៥នេះថា ចំពោះជនជាតិដើមភាគតិចដែលប្រឈមនឹងការគ្មានផ្សារនោះ ក៍ដោយសាអាជីវករខ្មែរបានរារាំងកន្លែងគំរោងសាងសង់ផ្សារឲ្យជនជាតិ។ហេតុដូចនេះលោកក៍មានគំរោងការថ្មីផងដែរ នឹងរៀបចំផ្សារជូនពួកគាត់ឲ្យបានត្រឹមត្រូវនាពេលឆាប់ៗខាងមុខនេះ ៕
ដោយ៖ អ៊ុចសាវុទ្ធ