ខឹងគេបើករថយន្តមិនឲ្យជែង បាញ់បង្ហើរលើរថយន្តខាងមុខ បណ្តាលឲ្យត្រូវជនរងគ្រោះ១គ្រាប់

ចែករំលែក៖

ភ្នំពេញៈ មានការផ្ទុះគ្រាប់កាំភ្លើងចំនួន៦គ្រាប់យ៉ាងកក្រើក បណ្តាលឲ្យផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចទាំងយប់ បន្ទាប់ពីមានរថយន្ត២គ្រឿង បើកប្រដេញគ្នាដូចរថយន្តប្រណាំង ហើយគ្រានោះគេឃើញ អ្នកជិះរថយន្តនៅខាងក្រោយខឹងអ្នកបើករថយន្ត​ខាងមុខមិន​ព្រម​ឲ្យជែងក៏បានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកបាញ់ជាច្រើនគ្រាប់បង្ហើរមកលើ​រថយន្តខាងមុខ បណ្តាឲ្យត្រូវជនរងគ្រោះ ចំជូតជើងខាងស្តាំ១គ្រាប់ រងរបួសស្រាល ។

ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ ស៊ិន វណ្ណធី ភេទប្រុសអាយុ២៩ឆ្នាំស្នាក់នៅផ្ទះលេខ១២៣ ក្នុងបូរីកាំកូសង្កាត់ទួលសង្កែទី២ មុខរបរលក់រថយន្ត។

ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះនេះ​ បានកើតឡើង​កាលពីវេលាម៉ោង៩និង៣០នាទីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សាក្សីបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត២គ្រឿងបានបើក​ប្រដេញគ្នា​យ៉ាង​លឿនចេញពីម្តុំអង់តែនទូរទស្សន៍(ទទក)ទួលគោគ ពីកើតទៅលិច តាមបណ្តោយផ្លូវលេខ៣៥៥ សំដៅទៅកាំកូស៊ីធី។ លុះមកដល់មុខមជ្ឈមណ្ឌលជប៉ុន រថយន្តឡិចស៊ីសRX330 ពណ៌ស មិនចាំស្លាកលេខ ដែលបើកពីក្រោយ ក៏បានស៊ីប្លេ ដើម្បី​សុំផ្លូវពីរថយន្តហ្វតមិនស្គាល់ស្លាកលេខ​មួយគ្រឿងដែលបើក​ខាងមុខ តែពេលនោះរថយន្តនេះមិនព្រម​អែបឲ្យ​បើកជែងទេ ទើបធ្វើឲ្យ​អ្នកបើក​រថយន្ត​ខាងក្រោយក្ដៅចិត្ត ដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកបាញ់ឡើងលើចំនួន៥គ្រាប់ ហើយរថយន្តទាំងពីរគ្រឿងបើកយ៉ាងលឿន ដល់​រង្វង់មូលកាំកូស៊ីធីបាត់ស្រមោលតែម្ដង។

ក្រោយកើតហេតុ ទើបសមត្ថកិច្ចចុះមកសាកសួរនៅកន្លែងកើតហេតុ ហើយបានរកឃើញ សំបកគ្រាប់​ចំនួន ៤គ្រាប់ បាត់២គ្រាប់រកមិនឃើញជាប្រភេទគ្រាប់កាំភ្លើងម៉ាកកា៥៩ រួចយកទៅយកទៅរក្សាទុកនៅអធិការ​ដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់កាំភ្លើងតាមក្បួនបច្ចេកទេស ៕ អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print