ខេត្តព្រះសីហនុ៖ លបបត់ប្រភេទ ស្បៃម៉ុងចំនួន៧៥ ស្មើនឹង៦០០ម៉ែត្រ ត្រូវបានមន្ត្រីជលផលស្រុកព្រៃនប់ដុតកម្ទេចចោល បន្ទាប់ពីចុះបង្ក្រាបបានកាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥ ក្រោមកិច្ចសហការជាមួយ អាជ្ញាធរ ឃុំអីជ្រៅ ប៉ុស្តិរដ្ឋបាលនគរបាលឃុំអូជ្រៅ សហគមន៍នេសាទកោះខ្យង ។
លោក អនុសេនីយ៍ត្រី ហ៊ួ យ៉ៃ នាយប៉ុស្តិ៍រដ្ឋាបាលសង្កាត់ អូជ្រៅ បានគូសបញ្ជាក់ថា យុទ្ឋនាការចុះបង្ក្រាប ឧបករណ៍នេសាទល្មើសច្បាប់នេះ បានដឹកនាំដោយ លោក ឯម ភាព នាយផ្នែករដ្ឋាបាលជលផល ស្រុកព្រៃនប់ សហការជាមួយកំលាំងប៉ុស្តិ៍រដ្ឋបាលឃុំអូជ្រៅ ដែលដឹកនាំដោយរូបលោកផ្ទាល់សហគមន៍នេសាទកោះខ្យង និង អាជ្ញាធរមូលដ្ឋាន ឃុំអូជ្រៅបន្ទាប់ពីទទួលព័ត៌មានថា នៅចំណុចភូមិបឹងតាព្រហ្ម ឃុំអូជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានការនេសាទ ដោយឧបករណ៍នេសាទខុសច្បាប់ ដែលឧបករណ៍ទាំងនេះបាននឹងកំពុងបំផ្លាញមច្ឆជាតិយ៉ាងធ្ងន់ បង្កឡើងដោយឈ្មោះ សូត្រ ប៊ុនណា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិភ្នំតូច ឃុំ បឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
លោក ឯម ភាព នាយផ្នែករដ្ឋាបាលជលផល ស្រុកព្រៃនប់ បានថ្លែងក្នុងឱកាសដុតបំផ្លាញលបបទនេះថា ឧបករណ៍ដែលកំលាំងជំនាញដុតបំផ្លាញនាពេលនេះ ជាឧបករណ៍ថ្មីមួយប្រភេទដែលពុំមានចែងក្នុងច្បាប់ជលផល។ យោងតាមច្បាប់ជលផលនៃព្រះរាជាណាចក្រកម្ពុជាបានចែងយ៉ាងច្បាស់ថា រាល់ឧបករណ៍ទាំងឡាយណាដែលពុំមានកំណត់ក្នុងច្បាប់ជលផល គឺចាត់ទុកជាឧបករណ៍ល្មើសច្បាប់ ហើយម្យ៉ាងទៀតឧបករណ៍ប្រភេទលបបត់នេះ វាបានបំផ្លាញដល់ធនធានធម្មជាតិក្នុងទឹកយ៉ាងធ្ងន់ ព្រោះលបប្រភេទនេះ វាបានស្រូបយកទាំងត្រីតូច ត្រីធំ បង្គារ ក្តាម គ្រប់ប្រភេទ ដែលអាចធ្វើអោយហិនហោចពពួកមច្ឆជាតិទៅថ្ងៃអនាគត ។
លោកបន្តថា ដោយបានអំពាវនាវ ដល់បងប្អូនប្រជានេសាទទាំងអស់ សូមមេត្តា បោះបង់ចោលនូវការនេសាទទាំងឡាយណាដែលបានធ្វើអោយប៉ះពាល់ដល់សង្គមជាតិ ក៏ដូចជាសម្បត្តិធម្មជាតិ ងាកមកនេសាទស្របច្បាប់តាមលក្ខណះបច្ចេកទេសដែលច្បាប់ជលផលអនុញ្ញាត ដើម្បីរួមគ្នាការពារ និង អភិរក្សសម្បត្តិធម្មជាតិដែលខ្មែរមានស្រាប់ ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយ ៕
ដោយ៖ ឆ្លាម សមុទ្រ