ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋនាំគ្នាដេញចាប់វាយអ្នកមួយដៃអ្នកមួយជើងស្ទើររស់ស្ទើរស្លាប់ទើបប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកងទី១ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីម្នាក់ជនជាបទេសដែលកំពុងជិះម៉ូតូជាមួយប្ដីតាមផ្លូវបណ្តាលឲ្យដួលរងរបួសធ្ងន់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ នៅចំណុចផ្លូវលេខ២៧៨ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យខាងលើត្រូវគេឲ្យដឹងថា មានឈ្មោះ សុខ ឈាង ភេទប្រុស អាយុ២៧ឆ្នាំ មុនរបរមិនពិតប្រាដក ស្នាក់នៅម្តុំសង្កាត់សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពពីប្រជាពលរដ្ឋឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញប្ដីប្រពន្ធ២នាក់ជាជនជាបទេសជិះម៉ូតូមួយគ្រឿងម៉ាកឃ្លីក ពណ៍ស ពាក់ស្លាកលេខកណ្ដោល1H-0524ធ្វើដំណើរតាមបណ្តោយផ្លូវ២៨៨ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FE-5361 ហើយក៏ធ្វើសកម្មភាពឆក់ការបូបស្ពាយពីនារីរងគ្រោះតែមិនបានសម្រេចបណ្តោយដួលរងរបួសធ្ងន់ទៅនិងថ្នល់ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាដេញចាប់វាយអ្នកមួយដៃអ្នកមួយជើងស្ទើររស់ស្ទើរស្លាប់ទើបប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកងទី១ ។
ក្រោយពេលកើតហេតុជនសង្ស័យត្រូវបាន សមត្ថកិច្ចនាំខ្លួនមកទីស្នាក់ការនគរបាលប៉ុស្តិ៍បឹងកេងកងទី១ ដើម្បីសាកសួរ ចំណែកជនរងគ្រោះត្រូវបានប្រជាពលរដ្នដឹកយកទៅសង្គ្រោះនៅមនី្ទរពេទ្យ៣៧០ភ្លាមៗ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនាំយកមកឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្នាននគរបាលខណ្ឌចំការមនដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងចាត់ការតាមនីតិវិធីច្បាប់ ។
...
ដោយ៖ ស រស្មី