ប៉ុនប៉ងសម្លាប់ទៅលើអ្នកដ៏ទៃមិនបានសម្រេចគេចខ្លួនជាច្រើនឆ្នាំត្រឡប់មកវិញត្រូវនគរបាលក្របួច

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់បានធ្វើសកម្មភាពប៉ុនប៉ងសម្លាប់ទៅលើអ្នកដ៏ទៃមិនបានសម្រេចក៏រត់គេចខ្លួនទៅពួនអាត្មានៅតាមបណ្តាលខេត្តផ្សេងៗអស់រយៈពេលជាច្រើនឆ្នាំ ហើយបានលបលួចចូលមកស្រុកកំណើតលេងក្រុមគ្រួសារនាឱកាសបិណ្ឌភ្ជុំ ក៏ត្រូវសមត្ថកិច្ចនគរបាលមូលដ្ឋានស្រាវជ្រាវឃាត់ខ្លួនកាលពីវេលាម៉ោង៨ និង៣០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់ណ្តាល ដើម្បីចាត់ការតាមច្បាប់ ។

66

មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា បុរសខាងលើនេះមានឈ្មោះ គីម ផូ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាជាងផ្សាដែកមានទីលំនៅក្នុងភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ។ បុរសរូបនេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៤១០ ចុះថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៥ ចុះហត្ថលេខាដោយលោក ហុក វ៉ាន់ធីណា ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទ “ប៉ុនប៉ងមនុស្សឃាត” ដែលបានប្រព្រឹតកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៧ នៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ។

អធិការរងនគរបាលស្រុកខ្សាច់កណ្តាលលោកវរសេនីយ៍ត្រី អ៊ុន យ៉ុង បានរំឮកថា កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៧ កន្លងមកជិត១០ឆ្នាំមកហើយជនសង្ស័យឈ្មោះ គីម ផូ បានធ្វើសកម្មភាពកាប់ជនរងគ្រោះឈ្មោះ ឃឹម ព្រែក ដោយកាំបិតខ្វែវបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមានជម្លោះពាក្យសំដីក្នុងវង់ផឹកស៊ីជាមួយគ្នា ។ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនចេញពីលំនៅដ្ឋានបាត់ស្រមោល ដោយពុំមាននរណាម្នាក់ដឹងថា ជនសង្ស័យលាក់ក្នុងពួកអាត្មានៅខេត្តណានោះទេ ។

លោកវរសេនីយ៍ត្រី អ៊ុន យ៉ុង បានបន្តថា បន្ទាប់ពីជនប្រព្រឹត្តបទល្មើសគេចខ្លួនបាត់ សមត្ថកិច្ចនគរបាលបានកសាងសំណុំរឿងនិងសាវតាជាតិជនសង្ស័យបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ទើបឈានដល់មានដីកាចបង្គាប់ឲ្យចាប់ខ្លួននៅពេលនេះ ។

បច្ចុប្បន្នជនត្រូវចោទឈ្មោះ គីម ផូ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញផ្នែកអនុវត្តដីកានៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារតាមការសម្រេចរបស់លោក ហុក វ៉ាន់ធីណា ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល ៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print