ខេត្តកណ្តាល៖ សមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលបានស្រាវជ្រាវឃាត់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនម្នាក់ កាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ នៅភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់ណ្តាល ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនត្រូវចោទមានឈ្មោះ ខាន់ ចំរើន ហៅបារាំង ភេទប្រុស អាយុ៣០ឆ្នាំ ជនជតិខ្មែរ មុខរបរ ជាអ្នកលក់បន្លែ បច្ចុប្បន្នស្នាក់នៅ ភូមិពុកឫស្សីកណ្តាល ឃុំ ពុកឫស្សី ស្រុកខ្សាច់កណ្តាល ។
ជនត្រូវចោទរូបនេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៤៧៣ ចុះថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៥ ចុះហត្ថលេខាដោយលោក ឆែ វិវឌ្ឍន: ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទ “ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន” ដែលបានប្រព្រឹត្ត១៤ ខែឧសភា ឆ្នាំ២០១៥ នៅភូមិពុកឫស្សីក្រោម ឃុំ ពុកឫស្សី ស្រុកខ្សាច់កណ្តាល ។
ប្រភពដដែលបានបន្តថា ជនត្រូវចោទខាងលើនេះជាមេក្លោងជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ កន្លងមកសមត្ថកិច្ចនគរបាលស្រុកបានធ្វើការឃាត់ខ្លួនបក្ខពួក និងដៃជើងរបស់ជននេះ ។
ក្រោយមកសមត្ថកិច្ចនគរបាលបានបញ្ជូនបក្ខពួក និងដៃជើងរបស់ជនត្រូវចោទខាងលើនេះទៅតុលាការ ទើបតុលាការចេញដីកាឃាត់ខ្លួនជនត្រូវចោទខាងលើនេះ ។ ជនត្រូវចោទខាងលើនេះត្រូវបានសមត្ថកិច្ចនគរបាលជំនាញយុត្តិធម៌ បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល តាមការសម្រេចរបស់លោក ឆែ វិវឌ្ឍន: ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត ៕
ដោយ៖ ស្អាងជ័យ