ភ្នំពេញ៖ តុលាការក្រុងភ្នំពេញបានបើកសវនាកា រឿងក្តី លោកព្រំ សាន និង ភរិយាលោក ឧត្តមសេនីយ៍ សៀក សុជាតិ កាលពីព្រឹកម៉ោង ១១ ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៥ និងបានបញ្ចប់ការសួរដេញដោលលើសំណុំរឿងលោក ព្រំ សាន និងលោកស្រី មុំម៉ានុត ភរិយាលោកឧត្តមសេនីយ៍ សៀក សុជាតិ រួចហើយបន្ទាប់ពីបានបើកសវនាការតាំងពីព្រឹកព្រលឹម ។
លោកជំទាវ កែវម៉ាលី ជាដើមបណ្ដឹងរដ្ឋប្បវេណីដែលបានប្ដឹង លោកព្រំ សាន និងលោកស្រី មុំ ម៉ានុតពីបទបរិហារកេរ្តិ៍ជាសាធារណៈរឿងបង្ហោះហ្វេសបុកចោទថាលោកជំទាវកែវម៉ាលីថាសាហាយស្មន់ជាមួយលោក សៀក សុជាតិ។តុលាការសម្រេចប្រកាសសាលក្រមរឿងក្ដីនេះនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៥ ។
លោកព្រំ សានបានសរសេរព័ត៌មាននៅក្នុងសង្គមFacebookរបស់លោក កាលពីសប្ដាហ៍មុនដោយបានដកស្រង់ប្រភពព័ត៌មានពីប្រពន្ធស្របច្បាប់របស់លោកឧត្តមសេនីយ៍ សៀក សុជាតិ គឺលោកស្រី មុំ ម៉ានុតចង់ប្រាប់ដល់នារីគ្រប់រូប ត្រូវមានការប្រុងប្រយ័ត្ន កុំងាយជឿ សំដីប្រុសៗខ្លាំងពេក ។
ខ្លឹមសារដែលលោកព្រំ សាន បានសរសេរនៅលើសង្គមFacebook ថា អ្នកណាថា កែវម៉ាលី ជាជំទាវទី៤ របស់លោកឧត្តមសេនីយ៍ សៀក សុជាតិ? លោក ព្រំ សានបានសរសេរបន្តថា ម្ចាស់វិមានចរណៃលោកជំទាវ កែវ ម៉ាលីមិនអាចជាជំទាវទី៤ របស់លោកសៀក សុជាតិ បានទេ!! បើអាចគឺអាចជាសហាយស្មន់ច្រើនជាង?? ព្រោះលោក សៀក សុជាតិនៅជាប់ចំណងអាពាហ៍ពិពាហ៍ជាមួយជាមួយ អ្នកស្រីនុតនៅឡើយ មានទាំងកូន២នាក់ ជាសាក្សី និងថ្នាក់ដឹកនាំជាន់ខ្ពស់បានដឹងរឿងនេះផងដែរ និងមានសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០០៩ នៅឡើយ ។
ព្រោះតែខ្លឹមសារព័ត៌មានខាងលើនេះហើយបានជំរុញឲ្យលោកជំទាវ កែវម៉ាលី សម្រេចដាក់ពាក្យបណ្ដឹងប្ដឹងលោក ព្រំ សានពីបទផ្សាយព័ត៌មានមិនពិត និងបទបរិហារកេរ្តិ៍ជាសាធារណៈតាមមាត្រា ៥០៣ នៃក្រមព្រហ្មទណ្ឌ ចំណែកលោកព្រំ សាន ក៏បានរៀមរាប់នៅក្នុងអង្គសវនាកា ថា រាល់ប្រយោគងែលគាត់សរសេរ គឺមានដាក់សញ្ញា ឧទាន និងសញ្ញា សួរ គឺស្មើរនិងមិនពិតតែប៉ុណ្ណោះ ៕
ដោយ៖ ចាន់ ធឿន