សត្វព្រៃ​១៥៦​គីឡូក្រាម​ដែល​ឈ្មួញ​បំរុង​ដឹក​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​ត្រូវ​គយ​ច្រក​ទ្វារ​ជ្រៃ​ធំ​បង្ក្រាប​បាន​

ចែករំលែក៖

ខេត្ត​កណ្តាល​៖​ សត្វព្រៃ​ជា​ច្រើន​ប្រភេទ​ដូច​ជា​ ពស់ថ្លាន់​ ពស់​សាំង​សឿ​ និង​អណ្តើក​សរុប​ប្រមាណ​១៥៦​គីឡូក្រាម​ ត្រូវ​បាន​មន្ត្រី​ការិយាល័យ​គយ​ និង​រដ្ឋាករ​ច្រក​ទ្វារ​ជ្រៃ​ធំ​ បង្ក្រាប​បាន​ពី​ឈ្មួញ​ដឹក​បន្លំ​តាម​ម៉ូតូ​ បំរុង​ឆ្លង​ដែន​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​ប៉ុស្តិ៍​ត្រួតពិនិត្យ​ តាម​ផ្លូវជាតិ​លេខ​២១B​ ស្ថិត​ក្នុង​ឃុំ​សំពៅ​ពូន​ ស្រុក​កោះធំ​ ខេត្តកណ្តាល​។​

Lay-0363

​លោក​ មួ​ង​ ដា​រ៉ា​ ប្រធាន​ការិយាល័យ​គយ​ និង​រដ្ឋាករ​ជ្រៃ​ធំ​បាន​ឲ្យ​ដឹង​ថា​ សត្វព្រៃ​ដែល​កម្លាំង​របស់​លោក​បង្ក្រាប​បាន​នោះ​ មាន​ចំនួន​សរុប​១៥៦​គីឡូក្រាម​ ក្នុង​នោះ​ប្រភេទ​សត្វ​ពស់ថ្លាន់​ ចំនួន​១១១​គីឡូក្រាម​ ពស់​សាំង​សឿ​ចំនួន​១៥​គីឡូក្រាម​ និង​សត្វ​អណ្តើក​ចំនួន​ ៣០​គីឡូក្រាម​ដែល​បង្ក្រាប​បាន​ពី​ឈ្មួញ​ដឹក​បង្កប់​តាម​ម៉ូតូ​ មួយ​គ្រឿង​ម៉ាក​គុប​មូល​ពណ៌​ សំបក​ឪឡឹក​គ្មាន​ស្លាក​លេខ​ អ្នកបើកបរ​ម៉ូតូ​ពុំ​ត្រូវ​បាន​ ស្គាល់ឈ្មោះ​នោះ​ទេ​។​

​លោក​ប្រធាន​ក​រិ​យា​ល័យ​បាន​បន្ត​ទៀត​ថា​ បន្ទាប់​ពី​ត្រួតពិនិត្យ​និង​ចាប់ដក​ហូត​បាន​ពី​ជនល្មើស​ទាំងនោះ​រួច​ហើយ​ សត្វព្រៃ​ទាំងអស់​ រូ​ម​នឹង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ផង​នោះ​ ត្រូវ​បាន​លោក​បញ្ជា​ឲ្យ​កម្លាំង​ក្រោម​ឱវាទ​យក​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​ ដើម្បី​រង់ចាំ​ប្រគល់​ឲ្យ​ទៅ​អង្គការ​ថែរក្សា​សត្វព្រៃ​ (WILDLIFE​ ALLIANCE)​យក​ទៅ​ថែរក្សា​ ។​

​លោក​បាន​បញ្ជាក់​ទៀត​ថា​ ទោះបីជា​កម្លាំង​សមត្ថកិច្ច​របស់​លោក​ខិតខំ​ទប់ស្កាត់​ យ៉ាងណា​ក៏​ដោយ​ក៏​ក្រុម​ឈ្មួញ​ខិលខូច​ មួយ​ចំនួន​នៅ​តែ​បន្ត​លួច​ឆ្មក់​ធ្វើ​សកម្មភាព​ ដោយ​ប្រើ​រូបភាព​ផ្សេងៗ​គ្នា​បង្វែ​ពី​ភ្នែក​សមត្ថកិច្ច​។​ ប៉ុន្តែ​ទោះបីជា​យ៉ាង​ ណា​ក៏​ដោយនៅ​តែ​មិន​អាច​គេច​ផុត​ភ្នែក​សមត្ថកិច្ច​ ព្រោះ​លោក​តែងតែ​ចាត់​កម្លាំង​ជំនាញ​ ឲ្យ​យកចិត្តទុកដាក់​ទប់ស្កាត់​ និង​បង្ក្រាប​បានជា​បន្តបន្ទាប់​ និង​បាន​ប្រគល់​ទៅ​ឲ្យ​អង្គការ​ថែរក្សា​សត្វព្រៃ​។​ ជាមួយ​គ្នា​នោះ​ដែរ​លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ គ្រប់​មូលដ្ឋាន​ត្រូវ​ចូលរួម​ជាមួយ​និង​សមត្ថកិច្ច​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ ដើម្បី​ថែរក្សា​សត្វព្រៃ​ឲ្យ​បាន​គង់វង្ស​ បើ​មិន​ដូច្នេះ​ទេ​សត្វព្រៃ​ប្រឈម​នឹង​ការ​វិនាស​ជាក់​ជា​មិន​ខាន​ ៕

Lay-0362Lay-0361Lay-0364

...

ដោយ៖ វិបុល

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print