ខេត្តកណ្តាល៖ មុខសញ្ញាចែកចាយថ្នាំញៀនម្នាក់ដែលព្យាយាមគេចខ្លួនអស់រយៈពេលជាច្រើនខែមកនោះ ពេលនេះសមត្ថកិច្ចចាប់ខ្លួនបាន ដោយអនុវត្តទៅតាមដីការបង្គាប់អោយស្វែងរកចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល ពាក់ព័ន្ធករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ។
កាលពីល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥ នៅចំនុចភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយត្រូវបញ្ជូនខ្លួនទៅកាន់តុលាការនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ ។
លោកវង សែ អធិការរង ទទួលការងារព្រហ្មទណ្ឌស្រុកបានអោយដឹងថា ជនសង្ស័យមានឈ្មោះសំ គា ភេទប្រុស អាយុ៣៧ឆ្នាំ គ្មានមុខរបរពិតប្រាកដ មានទីលំនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀន ស្វាយ ខេត្តកណ្តាល ។ ករណីចាប់ខ្លួនជនសង្ស័យរូបនេះធ្វើឡើងទៅតាមដីការបង្គាបអោយចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាលលេខ៤៩៤ ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥ ចេញដោយលោក ហូល វ៉ាន់ធីណា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទ “ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន “ ប្រព្រត្តិទៅកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥ នៅក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
លោកអធិការរងបានបន្តថា ក្នុងកំឡុងខែមេសា ឆ្នាំ២០១៥ កន្លងទៅបក្ខពួកជនសង្ស័យ ជិត ១០នាក់ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបថ្នាំញៀនទ្រង់ទ្រាយធំ ក្រោមការបញ្ជា ពីលោកឧត្តមទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំកម្លាំងចុះបង្ក្រាប ផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការ រងទទួលការងារគ្រឿងញៀន និងលោកអធិការនគរបាលស្រុក ៕
ដោយ៖ សណ្តោស