ភ្នំពេញ៖ កំពង់ផែស្វយ័តភ្នំពេញ(ក.ស.ភ)បានធ្វើការប្រកាសបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ( IPO )កាលពីថ្ងៃទី១៩ខែតុលា ឆ្នាំ២០១៥នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ។
លោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយក ក.ស.ភបាន ថ្លែងនៅ ក្នុងកម្មវិធី រ៉ូដសូស្តីពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈថា«ថ្ងៃនេះជាថ្ងៃមួយប្រកបដោយកិត្តិយសនិងប្រកបដោយមោទនភាពដ៏ខ្ពង់ខ្ពស់ សម្រាប់កំពង់ផែស្វយ័តភ្នំពេញ ដែលបានរៀបចំកម្មវិធីរ៉ូដសូ នេះឡើង ដើម្បីផ្តល់ព័ត៌មានជូនដល់វិនិយោគិនសាធារណៈជាតិ និងអន្តរជាតិព្រមទាំងសាធារណៈជនទូទៅស្តីពីការបោះផ្សាយលក់មូលបត្រកម្មសិទិ្ធលើកដំបូងជាសាធារណៈរបស់ក.ស.ភដែលជាវេទិកាជំនួបដំបូងរវាងក.ស.ភនិងវិនិយោគិនសាធារណៈទាំងទ្បាយក្នុងការស្វែងយល់ពីគ្នាទៅវិញទៅមក មុននឹងធ្វើការសម្រេចចិត្តវិនិយោគមកលើការធ្វើបរិវិសកម្មមូលបត្រកម្មសិទិ្ធរបស់ក.ស.ភ»។
លោកបានរម្លឹកពីដំណើរការរៀបចំចូលIPOរបស់ក.ស.ភថាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលជម្រុញ និងលើកទឹកចិត្តឱ្យសហគ្រាសសាធារណៈរបស់រដ្ឋឈានមុខគេ ក្នុងការបោះផ្សាយលក់មូលបត្រនៅលើផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០១៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាត់ឲ្យក្រុមហ៊ុនមូលបត្រ តុងយ៉ាង ដែលបច្ចុប្បន្ននេះត្រូវបានផ្លាស់ប្តូរឈ្មោះមកជាក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី ចុះមកធ្វើការសិក្សាបឋមដើម្បីវាយតម្លៃអំពីលទ្ធភាព និងសក្តានុពលរបស់ក.ស.ភ នៃការធ្វើIPO ហើយការសិក្សានេះបានបញ្ចប់នៅថ្ងៃទី១៦ ខែតុលាឆ្នាំ២០១៣។
ផ្អែកលើរបាយការណ៍សិក្សាបឋមនេះ បានបង្ហាញថា ក.ស.ភ បានបំពេញនូវគ្រប់លក្ខខណ្ឌតម្រូវ និងអាចមានលទ្ធភាពធ្វើ IPOបាននោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានគោរពស្នើសុំទៅរាជរដ្ឋាភិបាលអនុញ្ញាតឱ្យ ក.ស.ភ រៀបចំធ្វើ IPO។ តាមរយៈលិខិតលេខ៦០០ សជណ.ពហ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក.ស.ភ ត្រូវបានរាជរដ្ឋាភិបាល សម្រេចអនុញ្ញាតឱ្យដំណើរការរៀបចំចូល IPO ហើយព្រមជាមួយគ្នានោះ ក៏បានចាត់តាំងឱ្យក្រុមហ៊ុនមូលបត្រ យាន់តាស៊ីឃ្យូរីធី ធ្វើជាក្រុមហ៊ុនធានាទិញមូលបត្រ ក្នុងការដឹកនាំធ្វើ IPO របស់ក.ស.ភ ផងដែរ។ បន្ទាប់មកទៀត ក.ស.ភ បានរៀបចំកិច្ចប្រជុំដំបូង(Kick Off Meeting) នៅថ្ងៃទី០២ ខែមេសា ឆ្នា២០១៤ ដើម្បីចាប់ផ្តើមបើកដំណើរការការងារ នៃការត្រៀមរៀបចំចូល IPO រហូតមកដល់សព្វថ្ងៃនេះ ដែលមានរយៈពេលប្រហែលមួយឆ្នាំកន្លះ។
លោកបានបន្តថាចាប់តាំងពីនោះមក ក.ស.ភបានរៀបចំកិច្ចការសំខាន់ៗ សម្រាប់ត្រៀម ចូលIPOក្នុងនោះរួមមានការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងទ្បើងវិញដើម្បីធានាឱ្យមានអភិបាលកិច្ចល្អការរៀបចំទ្បើងវិញនូវរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាគណនេយ្យអន្តរជាតិ(CIFRS) ការដាក់ឱ្យធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុដែលបានរៀបចំទ្បើងវិញការចុះមកធ្វើសវនកម្មពន្ធដារ ការត្រួតពិនិត្យភាពត្រឹមត្រូវតាមច្បាប់ (Legal Due Diligence) ការរៀបចំគណនាប្រាក់សោធន៍និវត្តសម្រាប់និយោជិតរបស់ក.ស.ភ។ល។
លោក រស់ សីលវ៉ា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងប្រធានក្រុម ការងារចម្រុះ ដើម្បីអនុវត្តគម្រោងធ្វើ IPOរបស់កំពង់ផែស្វយ័តភ្នំពេញក្នុងកម្មវិធី“រ៉ូដសូ”បានថ្លែងថាក.ស.ភ.នឹងក្លាយជា សហគ្រាសរដ្ឋទី២ ដែលធ្វើការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូងក្នុងទីផ្សារមូលបត្រកម្ពុជា បន្ទាប់ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ការធ្វើ IPOរបស់ ក.ស.ភ. គឺជាសក្ខីភាពបញ្ជាក់បន្ថែមទៀតពីការប្តេជ្ញាយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់វិស័យសាធារណៈ ដែលក្នុងបរិបទនេះ សំដៅលើការពង្រឹងគណនេយ្យភាព តម្លាភាព និងអភិបាលកិច្ចល្អរបស់សហគ្រាសរដ្ឋ។ លោកបន្ថែមថា«ការសម្រេចឲ្យក.ស.ភ.ធ្វើ IPO គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីទាក់ទាញក្រុមហ៊ុនឯកជនដែលមានសក្តានុពល និងគុណវុឌ្ឍិគ្រប់គ្រាន់ ឲ្យធ្វើការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូងក្នុងទីផ្សារមូលបត្រកម្ពុជា ដើម្បីឲ្យទីផ្សារនេះមានសកម្មភាពរស់រវើក សន្ទនីយភាពខ្ពស់ និងពិពិធកម្មធំទូលាយ ដែលជាកម្លាំងចលកររួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព ស្របតាម “យុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៣” និយាយជារួម និងស្របតាម “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១១-២០២០” និយាយដោយទ្បែក»។
គួរបញ្ជាក់ថាកំពង់ផែស្វយ័តភ្នំពេញ ជាសហគ្រាសសាធារណៈរបស់រដ្ឋ មានទម្រង់ជាក្រុមហ៊ុនរដ្ឋដែលបានបង្កើតទ្បើងដោយអនុក្រឹត្យលេខ៥១ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩៨។ បច្ចុប្បន្ននេះ ក.ស.ភ បាននិងកំពុងធ្វើប្រតិបត្តិការចំណតផែសំខាន់ៗចំនួនបួន រួមមាន ១).ចំណតផែកុងតឺន័រ LM១៧២). ចំណតផែពហុបំណង TS៣៣).ចំណតផែអ្នកដំណើរ និងទេសចរណ៍TS១និង៤).ចំណតផែទន្លេបិទ UM២រួមនឹងប្រតិបត្តិការចំណតស្តុកកុងតឺន័រ ICD មួយកន្លែង។ក.ស.ភ បាននិងកំពុងធ្វើអាជីវកម្មចម្បងៗរួមមាន លើកដាក់ផ្ទេរផ្ទុកកុងតឺន័រ និងទំនិញរាយ សេវាកម្មស្តុកទំនិញ រៀប និងរើទំនិញចេញចូលកុងតឺន័រ និងដឹកជញ្ជូនកុងតឺន័រនាំចេញនាំចូលបរិវេណផែ។ បរិមាណកុងតឺន័រ បានកើនទ្បើងទ្វេដងចាប់ពីចំនួន ៦២.២៥៦ TEUs ក្នុងឆ្នាំ២០១០ ដល់ចំនួន ១៣៣.៦៦៦ TEUs ក្នុងឆ្នាំ២០១៤ ដែលអត្រាកំណើនគិតជាធម្យមប្រចាំឆ្នាំមានចំនួន២១.០៥%។ ចំណូល បានកើនទ្បើងទ្វេដងក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយគិតចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៤ ដែលមានចំនួនពី ៦,១៦ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១០ ដល់១៣,២៩ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៤ ដែលមានអត្រាកំណើនជាមធ្យមប្រចាំឆ្នាំចំនួន ២១.២០%៕
ដោយ៖ ស ដារ៉ា