ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់មានអ្នកធ្វើដំណើរតាមរថយន្តរបស់ក្រុមហ៊ុនមេគង្គ អ៊ិចហ្វ្រេសចំនួន៧នាក់ បានរងគ្រោះបាត់បង់ជីវិតនិងទទួលរងរបួសធ្ងន់ស្រាលដោយជួប និងគ្រោះថ្នាក់ចរាចរណ៍ខណៈដែលរថយន្តក្រុមហ៊ុនមេគង្គអ៊ិចហ្វ្រេសបុករថយន្តដឹកខ្សាច់ធុនធំចតស្ងៀមនៅលើចញ្ចើមថ្នល់ ។
ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៥ នៅលើកំណាត់ ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើ បើតាមសេចក្តីរាយការណ៍ពីនគរបាលចរាចរ ស្រុកថ្មគោលប្រាប់ឱ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិតចំនួន២នាក់ មានឈ្មោះ ១,ហ៊ុន ម៉ាណេ ភេទស្រី អាយុ២៥ឆ្នាំ រស់នៅខេត្តព្រៃវែង ២,ហួយ ផេង ភេទប្រុសអាយុ៥៧ឆ្នាំ រស់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំណែកអ្នករងបួសធ្ងន់ស្រាលមានចំនួន៥នាក់ ។
បើតាមប្រភពព័ត៌មានដដែលប្រាប់ឱ្យដឹងទៀតថា មុនពេលកើតហេតុគេឃើញរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយធុនធំដឹកខ្សាច់ពណ៌ខៀវពាក់ស្លាកលេខកំពង់ធំ ៣A ១១៤២ បានឈប់ចតស្ងៀមនៅលើចិញ្ចើមថ្នល់ដើម្បីចាក់ទឹកម៉ាស៊ីន។លុះបន្ទាប់មកគេមិនដឹងរថយន្ត ដឹកអ្នកដំណើររបស់ក្រុមហ៊ុនមេគង្គអ៊ិចហ្វ្រេសមានបញ្ហាអ្វីនោះទេ បានបើកយ៉ាងលឿនហើយ ជ្រុលទៅបុករថយន្តដឹកខ្សាច់ពីក្រោយពេញទំហឹង បណ្តាលឱ្យអ្នកជិះក្នុងរថយន្តក្រុមហ៊ុន មេគង្គអ៊ិចហ្វ្រេសស្លាប់២នាក់ដោយសាកសពគាបជាប់ក្នុងរថយន្តចំណែកអ្នករងរបួសធ្ងន់ស្រាល៥នាក់បន្ទាប់មកត្រូវបានសមត្ថកិច្ចដឹកតាមរថយន្តពេទ្យបញ្ជូនយកទៅសង្គ្រោះជីវិតនៅមន្ទីរពេទ្យ។សាកសពជនរងគ្រោះ២នាក់នោះក៏ត្រូវបានសមត្ថកិច្ចគាស់យកសព ហើយ ដឹកយកទៅកាន់មន្ទីរពេទ្យដើម្បីទំនាក់ទំនងក្រុមគ្រួសារមកទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ចំពោះអ្នកបើករថយន្តទាំងក្រុមហ៊ុនមេគង្គអ៊ិចហ្វ្រេសនិងរថយន្តហ៊ីយ៉ានដាយដឹកខ្សាច់ទាំង២នាក់ក៏នាំគ្នារត់គេចខ្លួនរៀងៗខ្លួន ក៏ប៉ុន្តែសេចក្តីរាយការណ៍ឱ្យដឹងទៀតថា អ្នកបើករថយន្តមេគង្គអ៊ិចហ្វ្រេសរត់គេចខ្លួនទាំងទទួលរងរបួស។
ជុំវិញបញ្ហាគ្រោះថ្នាក់ចរាចរណ៍ខាងលើនគរបាលចរាចរស្រុកថ្មគោលបានធ្វើសន្និ ដ្ឋានជាបឋមថា អាចបង្កឡើងដោយអ្នកបើករថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនមេគង្គអ៊ិចហ្វ្រេស បើកបរខ្វះការប្រុងប្រយ័ត្ន ដោយគេសង្ស័យអ្នកបើករបបើករថយន្តងងុយដេក។រថយន្តទាំង២គ្រឿងក្រោយពីសមត្ថកិច្ចវាស់វែងតាមចំនាញរួចរាល់ក៏បានស្ទុចយកមករក្សាទុកនៅអធិការ ដ្ឋាននគរបាលស្រុកថ្មគោលទុកចាត់ការតាមផ្លូវច្បាប់ ៕
ដោយ៖ សំ វិច្ឆិកា