ខេត្តបន្ទាយមានជ័យ៖ ពលករខ្មែរប្រុសស្រីចំនួន៣៥នាក់ធ្វើដំណើរតាមរថយន្តតាក់ស៊ី៣គ្រឿងមកពីខេត្ត សៀមរាបនិងខេត្តបន្ទាយមានជ័យបម្រុងចេញឆ្លងដែនទាំងប្រថុយប្រឋានខុសច្បាប់តាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបាននគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្ត សហការនិងនគរបាលប៉ុស្ថិ៍ឃុំបឹងបេង ធ្វើការឃាត់ដំណើរ មិនឱ្យពលករទាំងនោះធ្វើដំណើរបន្តទៅមុខទៀតឡើយ។ សមត្ថកិច្ចទប់ស្កាត់ធ្វើឡើងកាលពីរសៀលថ្ងៃត្រង់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥ នៅចំណុចភូមិជ្រែ ឃុំបឹងបេងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។
ការទប់ស្កាត់ពលករខ្មែរបម្រុងចាកចេញឆ្លងដែនខុសច្បាប់ពីសំណាក់មត្ថកិច្ចខេត្ត បន្ទាយមានជ័យ គ្រាដែលគេមើលឃើញថាក្រោយពីថ្ងៃបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់គឺមានពលករខ្មែរជាច្រើននាក់កំពុងតែធ្វើដំណើរមកពីបណ្តាខេត្តនានានៅក្នុងប្រទេសកម្ពុជា ឆ្លងកាត់ខេត្តបន្ទាយមានជ័យដើម្បីធ្វើដំណើរ ចាកចេញពីប្រទេសកម្ពុជាទៅធ្វើការងារនៅក្នុងប្រទេសថៃវិញ។
ការចាកចេញឆ្លងដែនខុសច្បាប់របស់ពលករខ្មែរត្រូវគេមើលឃើញថានៅតែបន្តកើតមានជាដដែលទោះបីកម្លាំងសមត្ថកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ ជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។ការឆ្លងដែនរបស់ពលករខ្មែរតាមច្រករបៀងត្រូវគេនិយាយថា បើមិនមានការឃុបឃិតគ្នាពីសំណាក់សមត្ថកិច្ចការពារព្រំដែននោះទេគឺពលករទាំងនោះ មិនអាចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃបាននោះឡើយ។ការឆ្លងដែនខុសច្បាប់ទៅប្រទេសថៃរបស់ពលករខ្មែរនោះដែរក៏ត្រូវគេនិយាយថាពលករខ្មែរប្រឈមនិងបញ្ហា គ្រោះថ្នា្កក់ដល់អាយុជីវិតដោយប្រការផ្សេងៗដូចជាត្រូវទាហាថៃបាញ់សម្លាប់ និងចាប់ដាក់គុកធ្វើ ទារុណកម្ម ចាញ់បោកមេខ្យល់កេងកម្លាំងពលកម្ម និងការជួញដូរមនុស្សទៅប្រទេសទី៣ជាដើម។បញ្ហាប្រឈមទាំងនោះ កន្លងមកពលករខ្មែរទៅរកការងារធ្វើនៅប្រទេសថៃក៏ធ្លាប់បានកើតឡើងទៅលើពលករខ្មែរមួយចំនួនជាបន្តបន្ទាប់រយចមកហើយ។
ពាក់ព័ន្ធទប់ស្កាត់ពលករខ្មែរខាងលើ លោកវរសេនីយ៍ត្រី ឡាយ គឹមលួន នាយ ការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តប្រាប់ឱ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្តបានដាក់ចេញផែនការដល់កម្លាំងការិយាល័យជំនាញត្រូវសហការនិងកម្លាំងនគរបាលតាមព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ត្រូវមានវិធានការទប់ស្កាត់ពលករខ្មែរឆ្លងដែនខុសច្បាប់ឱ្យមានប្រសិទ្ធភាព ដើម្បីការពារអាយុជីវិតនិងបញ្ចៀសបញ្ហាប្រឈមដែលកើតឡើងចំពោះពលករខ្មែរដោយប្រការណាមួយ។ពលករខ្មែរប្រុសស្រីទាំង៣៥នាក់ខាងលើបន្ទាប់ពីសមត្ថកិច្ចឱ្យធ្វើកិច្ច សន្យានិងអប់រំឱ្យពួកគាត់បញ្ឆប់ការឆ្លងដែនខុសច្បាប់រួចហើយ សមត្ថកិច្ចក៏បានដោះលែងឱ្យពលករ ទាំងនោះវិលត្រឡប់ទៅស្រុកកំណើតវិញ៕
ដោយ៖ សំ វិច្ឆិកា