ខេត្តកំពង់ធំ៖ សំណង់អនាធិបតេយ្យ២កន្លែងបានកំពុងតែសាងសង់យ៉ាងទំនើង ដោយមិនអើពើខ្វល់ខ្លាចអំណាចច្បាប់ ឬអាជ្ញធរមូលដ្ឋាន ដោយបានសាងសង់រំលោភយកដីចំណីស្ទឹងដែលជាសម្បត្តិរួម រហូតមកដល់ពេលនេះបានជិត១០០ភាគរយទៅហើយ តែគេហាក់ពុំឃើញមានអាជ្ញាធរជំនាញណាមួយ ចាត់វិធានការសមរម្យទប់ស្កាត់ឡើយ ដែលករណីនេះមានការលើកឡើងថា ជាការឃុបឃិតគ្នារវាងម្ចាស់សំណង់ និងមន្ដ្រីជំនាញ រួមទាំងអាជ្ញាធរមូលដ្ឋាន។
ប្រភពបានឲ្យដឹងថា សំណង់អាណាធិបតេយ្យ២កន្លែង ដែលមានទ្រង់ទ្រាយជាផ្ទះថ្ម បានសាងសង់តាមទំនើងចិត្ត រំលោភលើដីចំណីស្ទឹងតាំងក្រសាំងដែលជាស្ទឹងធម្មជាតិ ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ សំណង់នេះបានសាងសង់ជិតមួយឆ្នាំហើយ រហូតមកដល់ខែតុលា ឆ្នាំ២០១៥ នេះ ការសាងសង់បានសម្រេចប្រហែល៧០ភាគរយទៅហើយ ប៉ុន្តែគេពុំដែលឃើញមានមន្ដ្រីជំនាញមកពីស្ថាប័នណាមួយ ចាត់វិធានការចុះទប់ស្កាត់ឲ្យបានសមរម្យនោះទេ។ ករណីនេះ ប្រជាពលរដ្ឋចោទប្រកាន់ថា អាជ្ញាធរទាំងនោះប្រាកដជាបានទទួលសាភសក្ការ អំណាចទឹកប្រាក់បាំងភ្នែកបាំងច្រមុះជិតអស់ហើយ ទើបចេះតែបណ្ដោយឲ្យសំណង់អនាធិបតេយ្យមួយនេះ ចេះតែបន្ដដំណើរការទៅយ៉ាងរលូនបែបនេះ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងដែរថា មកាលពីខែឧសភាកន្លងទៅ ពួកគាត់បានឃើញមានមន្ដ្រីមួយចំនួនគេបានចុះទៅដែរ តែមិនដឹងថាគេធ្វើស្អីខ្លះនោះទេ ទើបបានជាផ្អាកការសាងសង់បានមួយដង្ហើមចង្រិត ហើយក៏បន្ដដំណើរការទៀតយ៉ាងរលូន។
ទាក់ទិនករណីនេះ គណៈអភិបាលស្រុក និងមន្ដ្រីជំនាញជលផលរបស់លោកពេជ្រ សុធា ដែលមានទីតាំងចម្ងាយពីការដ្ឋានសំណង់នេះតែ២០០ម៉ែត្រ បែជាឆ្លើយថា ពួកលោកមិនបានដឹងថា គេលួចសាងសង់សំណង់ខាងលើនេះនោះឡើយ។
ដោយឡែកលោកអ៊ឹម ឌីណា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសុរិយោដី ខេត្តកំពង់ធំ បានឲ្យដឹងថា សំណង់ថ្ម២កន្លែងនេះ មន្ទីរជំនាញខេត្តកំពង់ធំបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានបានចុះទៅធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពសាងសង់នេះរួចម្តងហើយកាលពីកំឡុងដើមខែឧសភា ឆ្នាំ២០១៥ ខណៈដែលសំណង់ទើបតែសង់បានប្រហែល៣០%។ ប៉ុន្តែលោកមិនដឹងថា ហេតុអ្វីបានម្ចាស់សំណង់នេះហ៊ានលួចសាង់សង់បន្តបានរហូតដល់៧០ភាគរយ ដូចនេះ ឬក៏ម្ចាស់សំណង់ឈ្មោះហួត សុទ្ធា នេះអាងខ្នងប៉ុណ្ណាទេ។
លោកប្រធានមន្ទីរបានបញ្ជាក់ថា កិច្ចការនេះលោកបានប្រគល់ឲ្យទៅអាជ្ញាធរស្រុកសន្ទុក ជួយចាត់ការរឿងនេះតាំងពីយូរមកហើយ។
លោកពេជ្រ សុធា អភិបាលស្រុកសន្ទុកបាន ប្រាប់អ្នសារព័ត៍មាននៅថ្ងៃអាទិត្យនេះថា ម្ចាស់សំណង់អាណាធិបតេយ្យនេះមានឈ្មោះលោកហួត សុទ្ធា មុខរបរ ជាពេទ្យធ្មេញ រស់នៅក្នុងភូមិឃុំ ខាងលើ ហើយអាជ្ញាធរស្រុក រួមទាំងមន្ត្រីជំនាញបានកោះហៅម្ចាស់សំណង់នេះមកធ្វើកិច្ចសន្យាផ្អាកការសាងសង់ម្តងហើយ។ រហូតមកដល់ឥឡូវនេះមានរយៈពេលជិត៤ខែ គាត់ទើបតែទទួលព័ត៍មានថា ម្ចាស់សំណង់នេះបានលួចបន្តការសាងសង់ស្ងាត់ៗ ដែលលោកពុំបានដឹងសោះ។
ប៉ុន្តែយ៉ាងណា លោកអភិបាលស្រុកបានបន្តថា នៅថ្ងៃដើមសប្តាហ៏នេះកម្លាំងចម្រុះស្រុកសន្ទុកនិងចុះបញ្ឈប់ការសាងសង់ព្រមទាំងដកហូតយកសម្ភារ ដែលកំពុងសាងសង់ល្មើសច្បាប់នោះ ទាំងអស់។
ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋហាក់នៅតែបង្ហាញនូវការអស់ជំនឿចំពោះអាជ្ញាធរមានសមត្ថកិច្ចកិច្ច លើការអនុវត្តវិធានការផ្លូវច្បាប់ចំពោះអ្នកមានលុយ មានអំណាច។ ពួកគាត់ថា អស់លោកទាំងនោះនិយាយចេះតែនិយាយហើយ ប៉ុន្តែមិនដែលឃើញចេញធ្វើសោះ។ ពួកគាត់បានបង្ហាញក្ដីបារម្ភថា បើនៅតែយ៉ាងនេះទៀត ស្ទឹងតាំងក្រសាំងនេះ នឹងបាត់បង់ក្នុងពេលឆាប់ៗនេះហើយ ព្រោះអ្នកមានលុយ គេនឹងនាំគ្នាមកធ្វើផ្ទះ ចាប់ដី តាមតែទំនើងចិត្ត ដែលធ្វើឲ្យប្រជាពលរដ្ឋរងផលប៉ះពាល់ព្រោះជួបវិបត្តខ្វះទឹកប្រើប្រាស់៕
ដោយ៖ វិបុល