ខេត្តបាត់ដំបង៖ គ្រូពេទ្យជាប់ចោទគ្មានសញ្ញាបត្រ និងគ្មានជំនាញ ប្រចាំឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ឈ្មោះ យ៉ែម ជ្រិន រង់ការចោទប្រកាន់ព្យាបាលជំងឺបង្កឱ្យប្រជាពលរដ្ឋឆ្លងមេរោគអេដស៍២៩០នាក់ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់តុលាការដើម្បីបើកសវនការជំនុំជម្រះ ជាលើកដំបូងនោះហើយ ក្រោយពីអតីតគ្រូពេទ្យឈ្មោះ យ៉ែម ជ្រិន ត្រូវបានគេឃុំខ្លួននៅពន្ធនាគារខេត្តបាត់ដំបងជិតមួយឆ្នាំមកនោះ។
ការនាំខ្លួនជន ជាប់ចោទយកមកជំនុំជំរះកាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ គ្រាដែលមានសេចក្តីរាយការណ៍ពីឃុំរកាឱ្យដឹងថា មានក្មេងប្រុសស្រីនិងមនុស្សចាស់ឆ្លងមេរោគអេដស៍ ចំនួន១០នាក់នៅក្នុងឃុំរកាមកដល់ពេលនេះបានស្លាប់រួចមកហើយ។
ការនាំខ្លួនជនចាប់ចោទឈ្មោះ យ៉ែម ជ្រិន យកមកជំនុំជំរះ នៅតុលាការខេត្តបាត់ដំបង គេសង្កេតឃើញមានការចូលរួមពីក្រុមគ្រួសារជនរងគ្រោះបាននាំគ្នាចូលមកស្តាប់ការបើកអង្គសវការរបស់ តុលាការនោះផងដែរ។ពាក់ព័ន្ធនិងការជំនុំជំរះរឿងក្តីគ្រូពេទ្យ ឈ្មោះ យ៉ែម ជ្រិន ចៅក្រមជំនុំជំរះ លោក លីស សុខា បានប្រាប់អ្នកយកព័ត៌មានយើងនៅរសៀលថ្ងៃទី២០ ខែតុលា នេះឱ្យដឹងថា ជនជាប់ចោទឈ្មោះ យ៉ែម ជ្រិន គឺស្ថិតនៅតុលាការកំពុងសាកសួរ មិនទាន់ប្រកាសសាលក្រមនៃការផ្តន្ទាទោស នៅឡើយនោះទេ រឿងក្តីគ្រូពេទ្យឈ្មោះ យ៉ែម ជ្រិន អាចនិងដំណើរការទៅរយៈពេល៥ថ្ងៃទើបតុលាការធ្វើការប្រកាសសាលក្រមវិនិច្ច័យ។
សូមបញ្ជាក់ថា គ្រូពេទ្យឈ្មោះ យ៉ែម ជ្រិន អាយុ៥៥ឆ្នាំ រស់នៅភូមិរកា ឃុំរកា ស្រុក សង្កែ ត្រូវបាននគរបាលខេត្តបាត់ដំបងចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ ក្រោយពីមានការភ្ញាក់ផ្អើលនូវករណីផ្ទុះអ្នកឆ្លងមេរោគអេដស៍ដ៏ច្រើនសន្ទឹកសន្ធាប់លើកដំបូងនៅឃុំ រកានោះ ដែលករណីឆ្លងមេរោគអេដស៍ ត្រូវគេដាក់ការសង្ស័យថាបង្កឡើងដោយការព្យាបាលជម្ងឺទៅលើប្រជាពលរដ្ឋមិនប្រុងប្រយ័ត្នរបស់គ្រូពេទ្យឈ្មោះ យ៉ែម ជ្រិន។
អតីតគ្រូពេទ្យឈ្មោះ យ៉ែម ជ្រិន ត្រូវបានតំណាងយ្យការនៃសាសាលដំបូងខេត្ត ចោទប្រកាន់ចំនួន៣ចំណុច១.ការប្រព្រឹត្តរាលដាលមេរោគ អេដស៍ក្នុងចេតនា ចម្លងអ្នកដទៃ ក្នុងមាត្រា១៨និង៥០ នៃច្បាប់ស្តីពីអេដស៍ ហើយប្រសិនគេរកឃើញ កំហុសពិតប្រាកដជនសង្ស័យប្រឈមនិជាប់ពន្ធនាគារពី១០ទៅ១៥ឆ្នាំ ២,ឃាតកម្មដោយ អំពើឃោរឃៅ ក្នុងមាត្រា២០៥ នៃក្រមព្រហ្មទណ្ឌ និចចំណុចទី៣, ចោទប្រកាន់ ពីបទ បើកពីគ្រោះជម្ងឺដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។
ពាក់ព័ន្ធនិងការនាំខ្លួនជនជាប់ចោទឈ្មោះ យ៉ែម ជ្រិន មកចំនុំជំរះកាលពីព្រឹកមិញ មជ្ឈដ្ឋានទូទៅ និងក្រុមគ្រួសារ ជនរងគ្រោះកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើដំណើរការកាត់ក្តីរបស់តុលាការថាតើអតីតគ្រូពេទ្យប្រចាំឃុំរការូបនោះមានវាសនាយ៉ាងណានោះ ៕
ដោយ៖ សំ វិច្ឆិកា