ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វាបានចុះត្រួតពិនិត្យរដ្ឋបាលឃាត់ខ្លួនជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាបន្តបន្ទាប់បានចំនួន១០នាក់ និងដកហូតបានគ្រឿងញៀនចំនួន២០កញ្ចប់តូច ព្រមទាំងឧបករណ៍ជក់មួយចំនួន ។
ប្រតិបត្តិការនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ នៅក្នុងភូមិដើមគរ និងភូមិទី៣ សង្កាត់-ខណ្ឌជ្រោយចង្វា ដឹកនាំលោកហ៊ុយ សារ៉ុណ អភិបាលរងខណ្ឌជ្រោយចង្វា។
លោក ហ៊ុយសារ៉ុន បានឲ្យដឹងថា ក្នុងការចុះរដ្ឋបាលនេះ កម្លាំងយើងបានឃាត់មុខសញ្ញាស្រីប្រុសពាក់ព័ន្ធនឹងគ្រឿងញៀនបានចំនួន១០នាក់ ក្នុងនោះស្រី៤នាក់ អ្នកចែកចាយ៤នាក់និងអ្នកប្រើប្រាស់ចំនួន៦នាក់ យកទៅធ្វើការសាកសួរនៅទីបញ្ជាការប៉េអិមខណ្ឌជ្រោយចង្វាដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។
វត្ថុតាងដកហូតរួមមានគ្រឿងញៀនប្រភេទក្រាមពណ៌សថ្លា (ម៉ាទឹកកក)ចំនួន២០កញ្ចប់តូច និងសាច់ជូមួយដុំប៉ុនកដៃ រួមនឹងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅទីបញ្ជាការកងរាជអាវុធខណ្ឌជ្រោយចង្វា រួចបញ្ជូនបន្តទៅទីបញ្ជាការកងរាជអាវុធរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនិតិវិធី ៕
ដោយ៖ ជ្រោយពេជ្រ