ភ្នំពេញ៖ ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ ផ្លូវបេតុង ០៥ខ្សែ និងប្រឡាយ ០១ខ្សែ ក្នុងសង្កាត់ពងទឹក និងសង្កាត់ប្រទះឡាង ស្ថិតក្រោមគម្រោងមូលនិធិសង្កាត់ឆ្នាំ២០១៥ និងគម្រោងថវិការបស់រដ្ឋបាលខណ្ឌដង្កោឆ្នាំ២០១៥ បានបើកការដ្ឋានស្ថាបនា ក្រោមអធិបតីភាព លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ ។
លោកអភិបាលខណ្ឌដង្កោ បានថ្លែងនូវការអបអរសារទរចំពោះសមិទ្ធផលថ្មីបន្ថែមទៀតដែលសង្កាត់ទាំងពីរ ក្នុងខណ្ឌដង្កោ បានទទួលតាមរយៈគម្រោងមូលនិធិសង្កាត់ និងគម្រោងថវិការបស់រដ្ឋបាលខណ្ឌ ឆ្នាំ២០១៥ ដែលរួមមានផ្លូវបេតុង ០៥ខ្សែ ដែលត្រូវបើកការដ្ឋានស្ថាបនាក្នុងពេលនេះ ។
លោកអភិបាលក៏បានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនរបស់មូលដ្ឋានយើង ក្រោមការដឹកនាំប្រកប ដោយកត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលសម្តេចបានរំដោះប្រទេសជាតិអោយរួចពីរបបប្រល័យពូជសាសន៍ប៉ុលពត និងបានបន្តអភិវឌ្ឍប្រទេសជាតិអោយរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងបានលើកកម្ពស់ជីវភាពប្រជាពលរដ្ឋបានល្អប្រសើរ។ ជាមួយគ្នាលោកអភិបាលខណ្ឌក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ទាំង០២ ជាពិសេសអ្នកដែលរស់នៅជាប់នឹងគម្រោងដែលត្រូវស្ថាបនានេះ សូមយល់អធ្យាស្រ័យចំពោះផលប៉ះពាល់តិចតួចដែលកើតមានដោយសារការស្ថាបនាផ្លូវ ហើយសូមតាមដានការលើការស្ថាបនាផ្លូវនេះ បើឃើញមានបញ្ហា ឬភាពមិនប្រក្រតី ណាមួយ ត្រូវរាយការណ៍ជូនចៅសង្កាត់ និងមន្ត្រីជំនាញដើម្បីធ្វើការពិនិត្យ និងវាយតម្លៃ ព្រោះនេះគឺដើម្បីបម្រើប្រយោជន៍ដល់បងប្អូនដែលអ្នកប្រើប្រាស់ផ្លូវនេះផ្ទាល់ ។
គួរបញ្ជាក់ថាៈការបើកការដ្ឋានស្ថាបនានាថ្ងៃនេះរួមមាន៖
សង្កាត់ពងទឹក ផ្លូវបេតុង ០២ខ្សែ និងប្រឡាយ ០១ខ្សែ
- ខ្សែទី១ ផ្លូវបេតុងឆ្អឹងដែក ០១ខ្សែ ប្រវែង ៥១៥ម៉ែត្រ ទទឹង ០៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិឃ្លះសណ្តាយ
- ខ្សែទី២ ផ្លូវបេតុងគ្មានសសៃដែក ០១ខ្សែ ប្រវែង ៦២០ម៉ែត្រ ទទឹង ០៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងទា ស្តារប្រឡាយ ០១ខ្សែ ប្រវែង ១៥០០ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងទា
សង្កាត់ប្រទះឡាង
- ខ្សែទី១ ផ្លូវបេតុងឆ្អឹងដែក ០១ខ្សែ ប្រវែង ៧៥០ម៉ែត្រ ទទឹង ០៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិអង្គ
- ខ្សែទី២ ផ្លូវបេតុងគ្មានសសៃដែក ០១ខ្សែ ប្រវែង ២១២ម៉ែត្រ ទទឹង ០៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិប្រទះឡាង
- ខ្សែទី៣ ផ្លូវបេតុងគ្មានសសៃដែក ០១ខ្សែ ប្រវែង ១១៨ម៉ែត្រ ទទឹង ០៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិគោកខ្សាច់ ៕
ដោយ៖ ជីម ភារ៉ា