ភ្នំពេញ៖ កម្លាំងគយ ចល័តដឹកនាំដោយ លោក ព្រាប គារ៉ាត និង លោក ជាប សៅ ក្រោមការបញ្ជាផ្ទាល់ពី លោក កើត សុទ្ធារ៉ា ប្រធាននាយកដ្ឋាន បង្ការ និងបង្ក្រាបបទល្មើសនៃអំពើគេចពន្ធ សហការជាមួយកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់រថយន្តអត់ពន្ធ មួយគ្រឿង ពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ 2L-8907 ម៉ាក SIENNA ត្រូវបាននៅចំណុចមុខហាង Delima Oil Products Cambodia Co., Ltd. ក្បែរស្តុបទួលទំពូង ក្នុងទឹកដីខណ្ឌចំការមន កាលពីរសៀលថ្ងៃទី២១ខែ តុលា ឆ្នាំ២០១៥ នេះ។
លោក ព្រាប គារ៉ាត បានប្រាប់អ្នយកព័ត៌មានថា ការចុះចាប់នេះ ធ្វើការតាមបទបញ្ជា របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធាន នាយកដ្ឋាន បង្ការ និងបង្ក្រាបបទល្មើសនៃអំពើគេចពន្ធ ដែលឲ្យអនុវត្តចាត់វិធានការ បង្ក្រាបតាមដងផ្លូវ ទូទាំងប្រទេស និងតាមផ្លូវជាតិនានា ចំពោះម្ចាស់យានយន្តណា ដែលមិនបំពេញកាតព្វកិច្ចពន្ធចូនរដ្ឋ ហើយប្រតិបត្តការនេះមិនមែនធ្វឡើងតែនៅក្នុងរាជ ធានីទេ គឺធ្វើព្រមគ្នាទាំងក្រុងនិងខេត្ត ។
ទោះយ៉ាងណាគេបានដឹងថា នៅព្រឹកថ្ងៃទី២១ ខែតុលាឆ្នាំ២០១៥នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងមួយ ដោយព្រមានធ្ងន់ៗថា នឹងចាត់វិធានការបង្ក្រាបតាម ដងផ្លូវទូទាំងប្រទេស តាមគេហដ្ឋាន និងទីសាធារណៈនានា ចំពោះម្ចាស់យានយន្តណា ដែលមិនទៅ បំពេញកាតព្វកិច្ចពន្ធអាករ ទាន់ពេលវេលា និង មិនមានការអនុគ្រោះឡើយ ៕
ដោយ៖ ប្រាថ្នា