ខេត្តបន្ទាយមានជ័យ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយផ្តើមចេញពីក្មេងស្ទាវម្នាក់ បានបើកម៉ូតូយ៉ាងលឿនបញ្ច្រាសទិសចរាចរណ៍អាទិភាពរបស់ខ្លួ បានទៅបុកម៉ូតូ១គ្រឿងរបស់ស្ត្រីម្នាក់ដែលជិះច្រាសគ្នា បណ្តាលឲ្យដួលរងរបួសទាំងសងខាង។
ហេតុការណ៍នេះកើតឡើងកាលពីល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ ត្រង់ចំណុចមុខទីលានបាល់ទាត់ខេត្ត ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់នេះគឺបង្កឡើងដោយយុវជនម្នាក់ បានបើកបរម៉ូតូម៉ាកស្កូបពី ពណ៌ក្រហម និងគ្មានស្លាកលេខ ក្នុងល្បឿនលឿន។ លុះទៅដល់ចំណុងកើតហេតុ ម៉ូតូខាងលើបានជ្រុលទៅបុកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខខ បើកបរដោយស្ត្រីម្នាក់ក្នុងទិសដៅច្រាស់គ្នា បណ្តាលឲ្យស្ដ្រីនោះដួលបោកផ្ទប់នឹងថ្នល់ សន្លប់ស្តូកស្តឹងនៅនឹងកន្លែង ត្រូវបានប្រជាពលរដ្ឋដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន។ ចំណែកជនបង្ក ក៏រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដូចគ្នា
ក្រោយពីវាស់វែងរួច ម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចដឹកទៅរក្សាទុកនៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
ដោយ៖ វិបុល