ខេត្តកំពង់ចាម ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកចំការលើ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរ បាលរដ្ឋបាលស្វាយទាប ដឹកនាំដោយលោកវរសេនីយ៍ទោ ខេង ស្រេង អធិការនគរបាលស្រុកចំការលើ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យ៥នាក់ ស្នាក់នៅក្នុងបន្ទប់ជួលនៃផ្ទះសំណាក់ យីហោផ្កាឈូក កាលពីវេលាម៉ោង២១ និង១០នាទី ថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។
លោកវរសេនីយ៍ទោ ខេង ស្រេង អធិការនគរបាលស្រុកចំការលើបានឲ្យដឹងថា ក្រោយ ទទួលព័ត៌មានអំពីករណីខាងលើ នៅថ្ងៃដដែលវេលាម៉ោង៩និង១០នាទីយប់ លោកបាន សុំការឯកភាពពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម បានចុះ ធ្វើការបង្ក្រាបនិងឃាត់ខ្លួនបានជនសង្ស័យបាន៥នាក់ ។
លោកបន្តថា អ្នកទាំង៥នាក់មានឈ្មោះ ១-ឈ្មោះ អ៊ិន អាន ភេទប្រុស អាយុ២៥ឆ្នាំជាតិខ្មែរ ,២-ឈ្មោះ ផល ម៉ៅ ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ ។ ទាំងពីរនាក់នេះ មានទីលំនៅ ភូមិត្រពាំងឫស្សី ឃុំរូង ស្រុកមេមុត ខេត្តត្បូងឃ្មុំ ។ ក្រោយធ្វើតេស្ដទឹកម៉ូតបញ្ជាក់ថា វិជ្ជមានទាំង២នាក់ , ៣-ឈ្មោះ ឌុល ណាក់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ,៤-ឈ្មោះ ផល ហុង ភេទប្រុស អាយុ៣០ ឆ្នាំជាតិខ្មែរ ។ ទាំងពីរនាក់ មានទីលំនៅភូមិត្រពាំង ឫស្សី ឃុំរូង ស្រុកមេមុត ខេត្តត្បូងឃ្មុំ ។ ក្រោយធ្វើតេស្ដទឹកម៉ូតបញ្ជាក់ថា អវិជ្ជមាន ទាំង២នាក់ , ៥-ឈ្មោះ វៀង មិញតាំ (NGUYEN MINH TAM) ភេទប្រុស អាយុ៣៣ឆ្នាំ ជន ជាតិវៀតណាម មានទីលំនៅភូមិតឹងហា ឃុំតឹងហា ស្រុកតាំងចូវ ខេត្តតៃមិញ ប្រទេស វៀតណាម ធ្វើតេស្ដទឹកម៉ូតបញ្ជាក់ថា វិជ្ជមាន ។
ក្រោយការឃាត់ខ្លួនអ្នកទាំង៥នាក់ សមត្ថកិច្ចបានធ្វើការឆែកឆេររកឃើញវត្ថុតាង ថ្នាំញៀន១កញ្ចប់តូច , ឧបករណ៍សេពគ្រឿងញៀន១ ,សៀវភៅឆ្លងដែន (ប៉ាស្ព័រ) ១ក្បាល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក និងដកហូតម៉ូតូ១គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង សមត្ថកិច្ចកសាងសំណុំរឿងចាត់ការបន្តដើម្បីផ្តន្ទាទោសតាមច្បាប់ ៕ វណ្ណៈ