ខេត្តស្ទឹងត្រែង ៖ កំលាំងអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង សហការណ៍ជាមួយការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្ត រួមនិងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃំុថ្មកែវ បានចុះបង្ក្រាបករណីជួញដូរសារធាតុញៀនមួយកន្លែង ឃាត់ខ្លួនជនសង្ស័យ២នាក់ម្តាយកូន និងចាប់យកថ្នាំញៀនចំនួន៥កញ្ចប់ធំ ប្រភេទWYពណ៍ក្រហម ជិត ១០០០គ្រាប់ កាលពីវេលាម៉ោង៩ និង៣០ ថ្ងៃទី១៥ ខែវិច្ឆិការ ឆ្នាំ២០១៧ នៅត្រង់ទីតាំងផ្ទះមួយកន្លែង នៅជាប់ក្លោងទ្វាវត្តផាបាំង ស្ថិតនៅក្នុងភូមិផាបាំង ឃំុថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។
ជំុវិញក្នុងរឿងនេះ លោក ជឹម អេន អធិការនគរបាលស្រុកសៀមប៉ាង បានប្រាប់ឱ្យដឹងថាៈ ជនសង្ស័យដែលចាប់ឃាត់ខ្លួនបានខាងលើនោះ ទី១ឈ្មោះសីុម៉ន ជីឡែន ភេទប្រុសអាយុ២០ឆ្នាំ មុខរបរជាកសិករ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិឃំខាងលើ ទី២ឈ្មោះ វណ្ណា ឃឹម ភេទស្រីមានអាយុ៥១ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិឃីណាក ស្រុកម៉ីេងខូង ខេត្តចំប៉ាសាក់ប្រទេសឡាវ ទីលំនៅបច្ចុប្បន្នរស់នៅក្នុងភូមិឃំុកើតហេតុខាងលើ (ជាម្ចាស់ផ្ទះដែលប្រព្រឹត្តបទល្មើសថ្នាំញៀន) ។
លោកបានបញ្ជាក់ថា ចំពោះថ្នាំញៀនដែលបានដកហូតពីផ្ទះរបស់ជនសង្ស័យទាំងពីរនាក់ម្តាយនិងកូនខាងលើនោះ ជាថ្នាំគ្រាប់wyពណ៌ទឹកក្រូច ប្រភេទមេតំហ្វេតាមីនមានចំនួន៥កញ្ចប់ធំស្មើនិងចំនួន៩៧៦គ្រាប់ ។
បច្ចុប្បន្ន ជនសង្ស័យចំនួន២នាក់ម្តាយនិងកូនដែលបានប្រព្រឹត្តបទល្មើសជាក់ស្តែងនៅក្នុងផ្ទះរបស់ខ្លួន ពីការជួញដូរថ្នាំញៀនដោយខុសច្បាប់ដែលមានឈ្មោះខាងលើនោះ បានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងហើយ ដើម្បីរៀបចំឯកសារបន្ថែមទៀតពីសមត្ថកិច្ចជំនាញរួចបញ្ជូនខ្លួនបន្តទៅកាន់តុលាការចាត់ការតាមនិតិវិធី ៕ មាស ៖ សុផាត