ភ្នំពេញ៖ មានហេតុការណ៍គ្រោះអគ្គីភ័យមួយដែលបង្កឡើងដោយសារតែឆ្លងចរន្ធអគ្គីសនី បណ្តាលអោយបង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរខាង និងសមត្ថកិច្ចទាំងកណ្តាលយប់ នាំគ្នាជួយម្នាក់មួយដៃមួយជើងជួយយកទឹក និងបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់ ទើបអគ្គីភ័យបានរលត់ជាស្ថាពរមិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២នឹង១៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ក្នុងភោជនីយដ្ឋានបរទេសមួយកន្លែងយីហោ ហ្រ្វី ប៉ិត តាមបណ្តោយផ្លូវលេខ២៤០ ក្បែរបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីបុរសម្នាក់ សុំមិនបញ្ចេញឈ្មោះ ដែលបានឃើញហេតុការណ៍ខាងលើនេះបានឱ្យដឹងថា នៅមុនពេលកើតហេតុគាត់ជាមួយនឹងមិត្តភក្តិ២ ទៅ៣នាក់ បាននាំគ្នាអង្គុយផឹកស៊ីនៅខាងមុខផ្ទះ ខណៈម៉ោងកើតហេតុក៏បានឃើញមានផ្សែងហុយចេញពីកន្លែងកើតហេតុ ពេលនោះរូបគាត់ក៏បានស្ទុះ ទៅមើលក៏ស្រាប់តែឃើញមានភ្លើងឆេះនៅកន្លែងចង្រ្កានបាយ ភ្លាមនោះក៏បានស្រែកឆោរឡោផ្អើល អ្នកជិតខាងតែម្តងទៅ ។ ភ្លាមៗនោះដែរ ប្រជាពលរដ្ឋនៅទីនោះបាននាំគ្នាយកទឹកនិងបំពង់មកបាញ់ពន្លត់ម្នាក់មួយដៃមួយជើងនិង វាយបំបែកកញ្ចក់ដើម្បីយកបំពង់អគ្គីភ័យមកបាញ់ពន្លត់ ដោយសារតែកន្លែងកើតហេតុត្រូវបានម្ចាស់ ចាក់សោរជាប់ ។ ប្រភពបន្តថា ដោយសារតែពិបាកក្នុងពន្លត់ពេកពួកគាត់ក៏បានទំនាក់ទំនងទៅសមត្ថកិច្ចយករថយន្តពន្លត់អគ្គីភ័យឱ្យចុះមកអន្តរាគមន៍ភ្លាមៗ ប៉ុន្តែក្នុងកិច្ចចុះប្រតិបត្តិការពន្លត់អគ្គីភ័យនោះ គឺប្រើប្រាស់ទឹកអស់ចំនួនតែ២រថយន្ត ប៉ុណ្ណោះ ទើបភ្លើងបានរលត់ជាស្ថាពរតែម្តង ។
សមត្ថកិច្ចបានឱ្យដឹងថា នៅក្នុងករណីខាងលើនេះគឺអាចសន្និដ្ឋានបានថាបណ្តាលមកពីទុស្សេ ខ្សែភ្លើង ដោយសារតែហាងនេះបានបិទទ្វារជិត ហើយក៏មិនមានម្ចាស់ស្នាក់នៅក្នុងហាងផងដែរ ម៉្យាងវិញទៀតក៏មិនមានអ្វីខូចខាតធំដំនោះឡើយ សមត្ថកិច្ចបន្តថា ក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះមិនបណ្តាលអោយនរណាម្នាក់រងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ៕
ដោយ៖ ព្រែកជ័យ