ភ្នំពេញ៖ អនុវត្តតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចចតេជោនាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងមមាញឹក ចុះពិនិត្យប្រភពទឹក តម្លើងម៉ាសុីនបូមទឹក ដើម្បីបូមទឹកបញ្ចូលអាង ព្រមទាំចាត់វិធានការនានា ទៅតាមស្ថានភាពជាក់ស្តែង ដើម្បីគ្រប់គ្រង និងថែរក្សាទឹកឲ្យបានល្អ សម្រាប់បម្រើដល់ការងារបង្កបង្កើនផលស្រូវវស្សា និងស្រូវប្រាំង នាពេលខាងមុខ ។
យោងទៅតាមស្ថានភាពជាក់ស្តែង ថ្ងៃនេះក្រុមការងាររបស់ក្រសួង សម្រេចតម្លើងម៉ាសុីនបូមទឹកធុនមធ្យមមួយចំនួន នៅតាមទីតាំងនានា ដូចជា : ខេត្តកំពង់ធំក្រុមការងារសម្រេចតម្លើងម៉ាសុី់ន ១២ គ្រឿង នៅស្រុកកំពង់ស្វាយ ០៤ គ្រឿង និងស្រុកស្ទោង ០៨ គ្រឿង ។ គួរបញ្ជាក់ ដោយសារតែឆ្នាំនេះ ទឹកទេន្លមានកម្ពស់ទាប ដូចនេះអាភ្លិចទឹកស្ទើរតែទាំងអស់ ពុំមានទឹកគ្រប់គ្រាន់ទេ ។ ការតម្លើងម៉ាសុីនបូមទឹកទាំងនេះ គឺដើម្បីបូមទឹកបញ្ចូលទៅក្នុងអាង ទុកឲ្យបងប្អូនប្រជាកសិករ ប្រើប្រាស់សម្រាប់ការធ្វើស្រែប្រាំងនាពេលខាងមុខ ។
ដោយឡែកនៅខេត្តកណ្តាល ក្រុមការងារបានសម្រេចតម្លើងម៉ាសុីនបូមទឹកចំនួន ០៩ គ្រឿង ក្នុងនោះមាន ០៤ គ្រឿង នៅក្នុងស្រុកខ្សាច់កណ្តាល និង ០៥ គ្រឿង ទៀតនៅក្នុងស្រុកពញាឮ ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ការតម្លើងម៉ាសុីនបូមទឹករបៀបនេះ អាចមាននៅច្រើនទីតាំងទៀត ។ បច្ចុប្បន្ន ទាំងថ្នាក់ដឹកនាំក្រសួង ទាំងអ្នកបច្ចេកទេស កំពុងស្ថិតនៅឯមូលដ្ឋាន ដើម្បីបំពេញបេសកកម្មខាងលើនេះ ៕