ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានសហការជាមួយកម្លាំងនគរបាលស្រុកថ្មពួក និងអនុវត្តតាមបទបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យចេញបង្រ្កាបរថយន្តស្លាកលេខ (ខម)ចង្កូតស្តាំម៉ាកហ្វត១គ្រឿង(ខុសច្បាប់)នាំពីប្រទេសថៃចូលប្រទេសកម្ពុជា គ្រាដែលរថយន្តនោះបើកចេញពីច្រករបៀងព្រំដែនបើករត់គេចពីកម្លាំងសមត្ថកិច្ចពួនស្ទាក់រួចបានជ្រុលធ្លាក់ចូលប្រឡាយទឹកទៅមុខលែងរួច ។
ចំណែកម្ចាស់រថយន្តនោះវិញបានរត់គេចខ្លួនបាត់។ការបង្រ្កាបបានធ្វើឡើងកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥៦A នៅភូមិភ្នំថ្មី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមាន ជ័យ។
រថយន្តម៉ាកហ្វតស៊េរីឆ្នាំ២០១៦ ស្លាកលេខខេមរភូមិន្ទ២-៩១១០ បានរងការបង្រ្កាបក្នុងវិធានការបង្ការទប់ស្កាត់នៃការនាំចូលរថយន្តចង្កូតស្តាំគេចពន្ធខុសច្បាប់ គ្រាដែលសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឱ្យមានការទប់់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ហើយសម្តេចក៏បាបញ្ជាឱ្យបិតច្រករបៀងខុសច្បាប់ទាំងអស់នោះផងដែរ ពីព្រោះថាច្រករបៀងនេះជាប្រភពនៃការប្រព្រឹត្តបទល្មើសខុសច្បាប់។
រថយន្តចង្កូតស្តាំត្រូវបានច្បាប់ប្រទេសកម្ពុជាហាមឃាត់មិនឱ្យប្រើប្រាស់នោះឡើយ វាជាផ្នែកមួយបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នោះផងដែរ ពីព្រោះប្រទេសកម្ពុជាក្នុងច្បាប់ចរាចរណ៍ត្រូវប្រើប្រាស់រថយន្តចង្កូតឆ្វេងហើយត្រូវ ប្រកាន់ស្តាំ។
បើតាមការបញ្ជាក់ឱ្យដឹងពីមន្ត្រីនគរបាលកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យថារថយន្តខាងលើត្រូវបានក្រុមជនខិលខូចនាំពីប្រទេសថៃចូលប្រទេសកម្ពុជាតាមច្រករបៀងនៅក្នុងស្រុកស្វាយចេកឬស្រុកថ្មពួក ។
កម្លាំងនគរបាលកំពុងតាមដានស្រាវជ្រាវស៊ើបអង្កេតដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យដែលលួចនាំចូលរថយន្តចង្កូតស្តាំខុសច្បាប់មកកម្ពុជា ។ រថយន្តខាងលើត្រូវបានយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការយកទៅចាត់ការតាមនីតិវិធី ៕ សំ វិច្ឆិកា