ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី ២១ និងទី ២២ ខែតុលា ឆ្នាំ ២០១៥ នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំ ក្រុមការងារចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផល នៅក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលសុទ្ធសឹងតែជាខេត្ត ដែលប្រកបដោយសក្តានុពលខាងការផលិតស្រូវរបស់កម្ពុជា។
បន្ទាប់ពីបានចុះពិនិត្យដោយផ្ទាល់ដល់ទីតាំងមូលដ្ឋានជាក់ស្តែង លោករដ្ឋមន្ត្រី បានធ្វើការវាយតម្លៃ ជារួមសម្រាប់បណ្តាខេត្តនៅតំបន់ភាគពាយ័ព្យនេះ ការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំនេះនឹងទទួលបានទិន្នផលល្អ សក្តានុពលទឹករបស់យើង មានគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់ទាំងរដូវវស្សា និងរដូវប្រាំងខាងមុខ ។
លោករដ្ឋមន្ត្រី បានបន្តថា បើពិនិត្យលំអិតលើខេត្តនីមួយៗ នោះយើងនឹងឃើញថា ៖ ១-ខេត្តកំពង់ឆ្នាំង មកដល់ពេលនេះ ស្រូវវស្សាដាំដុះបាន ១២០.៦០៧ហិកតា ស្មើនឹង ១១០,១៤ ភាគរយនៃផែនការ ។ ស្រូវវស្សាទាំងនេះ ពុំមានបញ្ហាប្រឈមរឿងទឹកទេ ហើយសក្តានុពលទឹករបស់យើង អាចនៅសល់សម្រាប់ការផលិតស្រូវប្រាំងបានប្រមាណ ២៤.០០០ ហិកតា ថែមទៀត ។ ២- ខេត្តពោធិសាត់ ស្រូវវស្សាដាំដុះបាន ចំនួន ១០៨.៥៥០ហិកតា ស្មើនឹង ១០៨,៥៥ ភាគរយនៃផែនការ ។
លោករដ្ឋមន្ត្រីបន្ថែមថា នៅពេលនេះប្រព័ន្ធធារាសាស្ត្រសំខាន់របស់យើង រួមមានទំនប់ទី៣ និងទី៥, ដំណាក់អំពិល, ចារឹក និងបណ្តាប្រព័ន្ធផ្សេងទៀត មានទឹកពេញបរិបូរណ៌ និងគ្រប់គ្រងបានយ៉ាងល្អ ដូចនេះ សម្រាប់ខេត្តពោធិ៍សាត់ យើងមានសុទ្ទិដ្ឋិនិយម ទាំងស្រូវវស្សា ទាំងស្រូវប្រាំងបានប្រមាណ ១២.០០០ហិកតា បន្ថែមទៀត នាពេលខាងមុខនេះ ។ ៣-ចំពោះខេត្តបាត់ដំបង ស្រូវវស្សាដាំដុះបាន ចំនួន ២៨៦.៤៥២ ហិកតា ស្មើនឹង ១១២,៣៣ ភាគរយនៃផែនការ។
លោករដ្ឋមន្ត្រីបន្តថា បើទោះបីជាពេលនេះ អាងទឹកកំពីងពួយដែលទើបនឹងធ្វើការជួសជុលរួច មិនទាន់មានទឹកពេញ រហូតដល់ទៅ ១៧០-១៨០ លានម៉ែត្រគូ ដូចដែលយើងចង់បាន ប៉ុន្តែយើងកំពុងបន្តបង្វែរទឹកពីស្ទឹងបវេល បញ្ចូលទៅក្នុងអាងនេះបន្ថែមទៀត ។ ទោះជាយ៉ាងណា សក្តានុពលទឹកដែលយើងមាននាពេលបច្ចុប្បនេះ ទាំងនៅប្រព័ន្ធកំពីងពួយ ប្រព័ន្ធកង្ហត និងបណ្តាអាងទឹកផ្សេងៗទៀត ខេត្តបាត់ដំបងអាចផលិតស្រូវប្រាំងបានប្រមាណ ២២.០០០ ហិកតា នាពេលខាងមុខ។
លោករដ្ឋមន្ត្រី រួមជាមួយក្រុមការងារ កំពុងបន្តបេសកកម្ម ទៅកាន់ខេត្តបន្ទាយមានជ័យ សៀមរាប កំពង់ធំ និងខេត្តកំពង់ចាម ទៀត ៕