ខេត្តពោធិ៍សាត់៖ យ៉ាហោចបុរស ២នាក់បានរងរបួសបែកក្បាល និងបាក់ជើងម្ខាងធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍គោយន្តកន្រ្តៃបើកបុក ខណៈកំពុងធ្វើដំណើរបញ្ច្រាសគ្នា នៅលើកំណាត់ផ្លូវកៅស៑ូឯស្រុកក្រគរ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវកៅស៑ូ ១ខ្សែ ត្រង់ចំណុចព្រំប្រទល់ឃុំកំពង់ពោធិ៍ និងឃុំអូរសណ្ដាន់ ស្ថិតក្នុងភូមិចេកចៅ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរស្រុកក្រគរបានឲ្យដឹងថា ហេតុការណ៍នេះបង្កឡើងដោយភាគ្គីបើកគោកន្រ្តៃ ប៉ុន្តែប្រភពមិនបានបញ្ជាក់អំពីអត្តសញ្ញាណអ្នកបើកបរគោយន្តកន្រ្តៃនោះទេ បានធ្វើដំណើរក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង លុះមកដល់ចំណុចកើតហេតុក៍បានជ្រុលម៉ូតូ ១គ្រឿងម៉ាក ស្មាសរីវ៉ូ ពណ៏ខ្មៅលាយស ពាក់ស្លាកលេខ កណ្ដាល 1D 7679 ខណៈដែលកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា បណ្ដាលឲ្យភាគ្គីខាងម៉ូតូ ២នាក់រងរបួសបែកក្បាលបាក់ជើង(ធ្ងន់)។
ប្រភពខាងលើបន្តថា ជនរងរបួស(ធ្ងន់)បើកបរម៉ូតូឈ្មោះ នៅ ខៃ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្នែរ រស់នៅភូមិកណ្ដុរស ឃុំបឹងកន្ទួត ស្រុកក្រគរ និងអ្នករួមដំណើរឈ្មោ បូ សុប៑ិន ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិមាត់ព្រៃ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ របួសបាក់ជើងខាងស្តាំ(ធ្ងន់)។
ប្រភពដដែលខាងលើបន្តទៀតថា ជនរងរបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកវត្ថុតាវម៉ូតូ និងគោយន្តកន្រ្តៃនគរបាលយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ពោធិ៍ រងចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធី៕ ប៉ឹមពិន