សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ប្រាប់​អា​មេ​រិ​កថា​ការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​គឺ​ធ្វើ​ឡើង​ទៅ​តាម​ច្បាប់​

ចែករំលែក៖

ភ្នំពេញ​ ៖​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ប្រាប់​ដល់​ ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​ ឯកឧត្តម​ William​ Heitd​ ថា​ ការ​ដែល​តុលាការ​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​គឺ​ធ្វើ​ឡើង​ទៅ​តាម​ច្បាប់​ប៉ុណ្ណោះ​ ហើយ​កម្ពុជា​នៅ​តែ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​អា​មេ​រិ​ក​ដដែល​។​

​ការ​ថ្លែង​របស់​ សម្តេច​ក្រឡាហោម​យ៉ាង​ដូច្នេះ​ គឺ​បន្ទាប់​ពី​ ឯកឧត្តម​ William​ Heitd​ ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​ បាន​សម្តែង​ការ​ព្រួយបារម្ភ​អំពី​ស្ថានភាព​នយោបាយ​ និង​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​នៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ​។​

យ៉ាងណា​ក៏​ដោយ​ សម្តេច​ក្រឡាហោម​ បាន​ថ្លែង​ថា​ ការ​ដែល​តុលាការ​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​គេ​ធ្វើ​ទៅ​តាម​ច្បាប់​ប៉ុណ្ណោះ​ ខណៈ​គណបក្ស​នេះ​បាន​ប្រព្រឹត្ត​ ខុស​នឹង​ច្បាប់​ថ្មី​ស្តី​អំពី​គណបក្ស​នយោបាយ​នៅ​កម្ពុជា​។​

​ថ្លែង​នៅ​ក្នុង​កិច្ច​ជំនួប​ទ្វេភាគី​ជាមួយ​ ឯកឧត្តម​ William​ Heitd​ ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​ នា​ល្ងាច​ថ្ងៃ​ទី​២១​ ខែ​វិ​ច្ឆ​កា​ ឆ្នាំ​២០១៧​នេះ​ នៅ​ស្តី​ការ​ក្រសួងមហាផ្ទៃ​នោះ​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​បន្ត​ទៀត​ថា​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ឯករាជ្យ​ភាព​អធិបតេយ្យភាព​ ដូច្នេះ​អ្វី​ដែល​ក្រសួងមហាផ្ទៃ​ធ្វើ​នា​ពេល​បច្ចុប្បន្ន​គឺ​ធ្វើ​ឡើង​តាម​នីតិវិធី​ច្បាប់​ និង​ពង្រឹង​នីតិវិធី​ច្បាប់​ប៉ុណ្ណោះ​។​ មួយវិញទៀត​ក្រសួងមហាផ្ទៃ​បាន​ចាត់​ទុក​អង្គការ​សង្គម​ស៊ី​វិល​ជា​ដៃ​គួរ​ដ៏​ល្អ​ដើម្បី​លើក​ស្ទួយ​វិស័យ​នានា​នៅ​ប្រទេស​កម្ពុជា​។​ ប៉ុន្តែ​អង្គការ​សង្គម​ស៊ី​វិល​ទាំងនោះ​ត្រូវ​តែ​គោរព​ និង​ចាត់​ទុក​ក្រសួងមហាផ្ទៃ​ជា​ដៃ​គួរ​ដ៏​ល្អ​ផង​ដែរ​។​

​នៅ​ក្នុង​កិច្ច​ជំនួប​នោះ​ដែរ​ ឯកឧត្តម​ William​ Heitd​ បាន​ថ្លែង​ចំពោះ​មុខ​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ថា​អា​មេ​រិ​ក​នៅ​តែ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​កម្ពុជា​ដដែល​ ជា​ពិសេស​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ស្តី​អំពី​ការ​ទប់ស្កាត់​ការ​ជូ​ញ​ដូរ​មនុស្ស​ និង​ប្រឆាំង​ភេរវកម្ម​ជាដើម​។​

​ឯកឧត្តម​ William​ Heitd​ បាន​លើក​ឡើង​ថា​ «​អា​មេ​រិ​ក​ពិតជា​អគុណ​ដល់​កម្ពុជា​ដែល​បាន​ទប់ស្កាត់​នូវ​ជនជាតិ​អា​មេ​រិ​ក​ចំនួន​១៣​នាក់​ មិន​ឲ្យ​ចូល​ក្នុង​ប្រទេស​របស់​ខ្លួន​ដោយសារ​តែ​ជន​ទាំង​១៣​នាក់​នោះ​ បាន​ប្រព្រឹត្ត​អំពើ​អនាចារ​ចំពោះ​កុមារ​»​។​ តែ​យ៉ាងណា​ក្តី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​អា​មេ​រិ​ក​ និង​កម្ពុជា​គឺ​នៅ​តែ​ជា​មិត្ត​ដ៏​ល្អ​ និង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​បន្ថែម​ទៀត​ផង​ដែរ​។​

​នៅ​ក្នុង​កិច្ច​ជំនួប​ជាង​មួយ​ម៉ោង​នោះ​ ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​អំពី​បញ្ហា​ជនជាតិ​ ខ្មែរ​ដែល​រស់នៅ​អា​មេ​រិ​ក​ហើយ​គ្រោង​នឹង​ប​ញ្ចូ​ន​មក​កម្ពុជា​វិញ​ ខណៈ​កម្ពុជា​ស្នើ​សុំ​ឲ្យ​អា​មេ​រិ​ក​ពន្យា​រពេល​ដល់​ជនជាតិ​ខ្មែរ​ទាំងនោះ​ជា​បណ្តោះអាសន្ន​ ដោយសារ​តែ​ពួក​គេ​ទាំងនោះ​ពុំ​ទាន់​ជា​សះស្បើយ​ពី​ជំងឺ​ ។​

​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​បញ្ជាក់​ប្រាប់​ដល់​ ឯកឧត្តម​ William​ Heitd​ ថា​ កម្ពុជា​នឹង​ទទួលយក​ជនជាតិ​ខ្មែរ​ទាំងនោះ​មក​វិញ​ជា​បន្តបន្ទាប់​ ក្រោយ​ពី​ពួក​គេ​មានការ​ស្ម័គ្រចិត្ត​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print