រថយន្តក្រុងបើកបុកម៉ូតូហុងដាឌ្រីមពេញទំហឹងរងរបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ៖ មនុស្សប្រុសស្រី២នាក់បានរងរបួសធ្ងន់ធ្ងរខណៈជួបគ្រោះថ្នាក់ចរាចរបង្កឡើងដោយរថយន្តក្រុងបើកបុកពេញទំហឹងហើយត្រូវរថយន្តសាម៊ុយដឹកយកទៅសង្គោះនៅមន្ទីពេទ្យភ្លាមៗចំណែកអ្នកបើកបររថយន្តបង្កររត់គេចខ្លួនបាត់។

គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង៦និង​៣០នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវភ្នំពេញហាណូយ(១៩១៩)កែងនិងផ្លូវលេខ១៩៧០ ស្ថិតក្នុងក្រុម២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥​សេរីឆ្នាំ២០០៤ព័ណខ្មៅពាក់ស្លាកលេខបាត់ដំបង១L.៥០៦៤ បើកបរដោយបុរសម្នាក់និងស្ត្រីម្នាក់ជាអ្នករួមដំណើរជិះពីក្រោយក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុកន្លែងផ្លូវបំបែកក៍មានរថយន្តក្រុង១គ្រឿងម៉ាកKIA ព័ណក្រហមពាក់ស្លាកលេខភ្នំពេញ៣C២០៦១ដែលជាប្រភេទរថយន្តដឹកអ្នកដំណើរបើកបរក្នុងទិសដៅពីលិចទៅកើតឆ្លងផ្លូវទៅបុកនិងម៉ូតូជនរងគ្រោះពេញទំហឹងបណ្តាលឲ្យបុរសនិងស្ត្រី២នាក់រងរបួសធ្ងន់ធ្ងរចំណែកម៉ូតូកៀបជាប់ក្រោមរថយន្ត។

ក្រោយពីឃើញហេតុការណ៍នេះអ្នកបើកបររថយន្តបានបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោលដោយឡែកជនរងគ្រោះទាំង២នាក់ត្រូវរថយន្តសាម៊ុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យ។

ក្រោយកើតហេតុនគរបាលផ្នែកចរាចរខណ្ឌសែនសុខបានចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនីអធិការដ្ឋាននគរបាលខណ្ឌដើម្បីដោះស្រាយនៅពេលក្រោយ៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print