ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលត្រើយស្លាស្រាវជ្រាវឃាត់ខ្លួនបានកាលពីវេលាម៉ោង០២ និង១០នាទីរសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ត្រង់ចំណុចបរិវេណវត្តស្លាកេតុ ហៅវត្តកងម៉ម ស្ថិតក្នុងភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល បន្ទាប់ពីបុរសរូបនេះធ្វើសកម្មភាពរំលោភបូកគ្នា៣នាក់ទៅលើនារីពិកាជើងទាំងសងខាងរហូតបានសម្រេច ។
លោកអនុសេនីយ៍ ពុយ ទ្រី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លាបានឲ្យដឹងថា ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន៦៨៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ របស់លោក ធ្ធាំ ប៊ុណ្ណា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល ។ ដីកាខាងលើនេះបានបញ្ជាឲ្យសមត្ថកិច្ចចាប់ខ្លួនជនត្រូវចោទឈ្មោះ ប្រិយ ថុង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ ជាកសិករ មានទីនៅក្នុងភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ពីបទ “រំលោភសេពសន្ថវៈមានស្ថានទម្ងន់” ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥ នៅភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
លោកនាយប៉ុស្តិ៍បានរំឮកថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥ជនត្រូវចោទខាងលើនេះនិងបក្ខពួក២នាក់ទៀតបានធ្វើសកម្មភាពល្បួងនារីពិការជើងទាំងសងខាង យកទៅរំលោភសេពសន្ថវៈនៅក្នុងបរិវេណសាលាវិទ្យាល័យត្រើយស្លា ខណៈកំពុងធ្វើសកម្មភាពជិតបានសម្រេចបំណងទាំង៣នាក់ទៅហើយនោះសមត្ថកិច្ចនគរបាលល្បាតបានទៅដល់បាន ប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពរំលោភនារីរងគ្រោះ ទើបកម្លាំងល្បាតចេញអន្តរាគមន៍ឈានដល់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ជាក់ស្តែងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ។ដោយឡែកជនសង្ស័យ២នាក់ទៀតដែលរត់គេចខ្លួន ក៏ត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿង និងសាវតាជាតិបញ្ជូនទៅកាន់សាលាដំបូងខេត្តផងដែរ ។
ក្រោយមកទើបលោកធ្ធាំ ប៊ុណ្ណា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់បន្ថែមទៀត ។ អនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនខាងលើនេះសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលត្រើយស្លា បានឈានដល់ធ្វើការឃាត់ខ្លួនជនត្រូវចោទឈ្មោះ ប្រិយ ថុង បន្ថែមម្នាក់ទៀត គ្រាដែលជនត្រូវចោទចូលមកស្រុកកំណើតវិញ ៕
ដោយ៖ ស្អាងជ័យ