ភ្នំពេញ ៖ ករណីឃាតកម្មមួយបានកើតឡើង បន្ទាប់ពីនារីម្នាក់ ត្រូវបានប្រុសស្នេហ៍នាំមកឡើងឋានសួគ៍ រួចហើយក៏សម្លាប់នាងចោលនៅក្នុងផ្ទះសំណាក់យីហោ ពន្លឺពេជ្រ លុះទៀបភ្លឺជនដៃដល់បានរត់គេចខ្លួនបាត់ ដោយទុកសាកសពបន្ទប់បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចទាំងព្រឹក ។
ហេតុការភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០៣និង៤០នាទីទៀបភ្លឺ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបន្ទប់លេខ៦៦ជាន់ទី២ ក្នុងផ្ទះសំណាក់យីយោ ពន្លឺពេជ្រ មានទីតាំងផ្ទះលេខ៤៣B៣ ផ្លូវលេខ៨៦ ភូមិទី៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៍មានពីមន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា នារីរងគ្រោះ មិនទាន់ស្គាល់ អត្តសញ្ញាណ ភេទស្រី អាយុប្រហែល២៥ឆ្នាំ ជនជាតិខ្មែរ ដេកស្លាប់លើគ្រែពូក។ ចំណែកជនសង្ស័យ មិនស្គាល់ អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ ជនជាតិខ្មែរ (គេចខ្លួន)។
តាមការបំភ្លឺម្ចាស់ផ្ទះសំណាក់ឲ្យដឹងថាកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង២១និង៤២នាទី ជនសង្ស័យ ភេទប្រុសអាយុប្រហែល៣៥ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូមួយគ្រឿង ម៉ាកវេវពណ៌ស មិនចាំស្លាកលេខបានដឹកនារីរងគ្រោះមកដេកផ្ទះសំណាក់យីហោពន្លឺពេជ្យ ខាងលើហើយលុះដល់វេលាម៉ោង០៣ម៉ោង៤០នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនសង្ស័យបានចុះមកក្រោមតែម្នាក់ឯងជិះម៉ូតូចេញទៅបាត់ ដោយមានការសង្ស័យអ្នកមើលការខុសត្រូវផ្ទះសំណាក់បាន ឡើងទៅមើលក្នុងបន្ទប់ក៏ឃើញស្ត្រីរងគ្រោះដេកស្លាប់ហើយទើបរាយការណ៍ឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុនិងបានបង្កើតគណះកម្មាការត្រួតពិនិត្យលើសាកសពនារីរងគ្រោះ ដោយសន្ឋិដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ ដោយសារករណីឃាតកម្មពិតប្រាកដមែន ៕
ដោយ៖ ស តារា