ខេត្តបន្ទាយមានជ័យ ៖ សកម្មភាពទំនិញគេចពន្ធបានហូរចូលតាមច្រករបៀងចំការគរជាថ្មី ខណៈមន្ត្រីយោធានៅទីនោះបានឃុបឃិតជាមួយឈ្មួញ ។ បញ្ហាទាំងអស់នេះ ប្រសិនបើគ្មាន ការទប់ស្កាត់ណាមួយពីសមត្ថកិច្ចពាក់ព័ន្ធទេ ចំណូលពន្ធរបស់រដ្ឋច្បាស់ជាត្រូវបាត់បង់ដោយ សារតែមន្ត្រីពុករលួយឃុបឃិតគ្នា ស្ថិតក្នុងដែនសមត្ថកិច្ចគ្រប់គ្រងដោយលោកឧត្តមសេនីយ៍ ត្រី ឃួន ជឿន មេបញ្ជាការយោធាវរៈការពារព្រំដែនលេខ៥០៣ ។
ប្រភពពីអ្នកមិនទទួលបានផលប្រយោជន៍បានទម្លាយឲ្យដឹងថា លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន បានបើកដៃឲ្យមនុស្សជំនិតខ្លួនប្រព្រឹត្តបទល្មើសនៃអំពើគេចពន្ធឆ្លងដែន លួចនាំចូលម៉ូតូ មានទាំងរថយន្តចង្កូតស្ដាំ និងឈើគ្រញូងពីទឹកដីថៃ ឆ្លងដែនតាមច្រករបៀងចំការគរ និងមានច្រក ជាច្រើនកន្លែងទៀត នៅក្រុងប៉ោយប៉ែត ស្រុកស្វាយចេក ស្រុកថ្មពួក ស្រុកអូរជ្រៅ និងស្រុក ម៉ាឡៃ នៅតែកើតឡើងយ៉ាងអនាធិបតេយ្យ ។
ប្រភពព័ត៌មានខាងលើនេះបានបញ្ជាក់ថា បទល្មើសសេដ្ឋកិច្ចនាំចូលម៉ូតូគេចពន្ធខាងលើនេះ គឺមិនមែនទើបតែកើតមាននៅពេលនេះទេ តែមន្ត្រីជំនាញពាក់ព័ន្ធប្រចាំតំបន់នោះមិននាំគ្នាបង្ក្រាប ។ ប្រភពដដែលបានបញ្ជាក់ថា ការបែកធ្លាយព័ត៌មានការឃុបឃិតនាំចូលម៉ូតូគេពន្ធនេះ គឺកើតឡើងបន្ទាប់ពីមានទំនាស់ផលប្រយោជន៍រួមគ្នា រវាងឈ្មួញ និងមន្ត្រីជំនាញ ព្រមទាំងឈ្មួញផ្សេងទៀតផងដែរ ។
បើទោះបីកន្លងមកក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសរួចមកហើយក្តី ឲ្យអាជ្ញាធរខេត្ត បន្ទាយមានជ័យ បិទច្រករបៀងទាំងអស់ ប៉ុន្តែទំនិញគេចពន្ធ ក៏ដូចជាឈើគ្រញូងនៅតែបន្ត លួចនាំចូលតាមច្រកចំការគ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យយ៉ាងគំហុក និងមានទ្រង់ ទ្រាយធំជាងមុនទៅទៀត ក្នុងនោះមានឈើគ្រញូង ម៉ូតូគេចពន្ធ និងរថយន្តគេចពន្ធផងដែរ ។
កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក៏បានចេញលិខិតមួយបន្ទាន់ផងដែរ ក្នុងនាមគណៈបញ្ជាការឯកភាពបញ្ជាដល់កងកម្លាំង មាននគរ បាល យោធា កងរាជអាវុធហត្ថ នគរបាលវរៈការពារព្រំដែន គណៈអភិបាល នៃគណៈអភិបាល ក្រុង ស្រុក ដូចជា ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកម៉ាឡៃ ស្រុកថ្មពួក ត្រូវតែបិទច្រករបៀង ប៉ុន្តែសកម្មភាពនៃបទល្មើសនៃច្រករបៀងក្នុងក្រុង និងស្រុកទាំងនេះ បន្តកើតមានដដែល ។
ច្រករបៀងចំការគរ ត្រូវបានគេរាយការណ៍មកថា ឈើគ្រញូង ម៉ូតូគេចពន្ធ និងឡានគេចពន្ធ ហូរចូលដូចសព្វមួយដង ក្រោមក្រសែភ្នែកនគរបាលព្រំដែន ក៏ដូចជាសមត្ថកិច្ចដទៃទៀត ពិសេសយោធាព្រំដែន បានអនុញ្ញាតឲ្យឈ្មួញ នាំចូលយ៉ាងគគ្រឹកគគ្រេង ។
ជុំវិញបញ្ហានេះ អាជ្ញាធរខេត្ត គួរមានវិធានការលុបបំបាត់អនុវត្តតាមសេចក្តីប្រកាស របស់ ក្រសួងមហាផ្ទៃ ក្នុងនោះច្រករបៀងទាំងនេះ បើទោះជាអភិបាលនៃគណៈអភិបាលខេត្តបាន ដាក់ចេញលិខិតឲ្យបិទច្រករបៀង យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃក៏ដោយ ក៏អស់លោកថ្នាក់ស្រុក យោធាព្រំដែន នគរបាលវរៈការពារព្រំដែន នៅតែបើកឲ្យមានចរា ចរណ៍ទំនិញគេចពន្ធទាំងបំពានច្បាប់ ។
អ្នកជំនាញមួយរូប សុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា ចង់បំបាត់បទល្មើសនៃអំពើគេចពន្ធ ការលួចនាំចូលទំនិញគេចពន្ធទាំងអស់នេះ ដូចជាមិនពិបាករកមុខនោះទេ គឺសុទ្ធតែសមាសភាពចូលរួមពីសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ គេឃុបឃិតគ្នានាំចូលឆៅៗតែម្តង ។ ដូចច្នេះបើសមត្ថកិច្ចគយចង់លុបបំបាត់ គួរមានវិធានការបោសសម្អាតពួកគេទាំងអស់នោះឲ្យអស់ទៅ ពេលនោះគ្មានម៉ូតូគេចពន្ធឯណាយកមកលក់ដែរ ហើយអ្នកទិញប្រើប្រាស់ក៏ដូចគ្នា។ ចឹងកុំឆ្ងល់ថាហេតុអ្វី មានម៉ូតូ រថយន្ត និងទំនិញផ្សេងៗទៀតអាចធ្វើចរាចរនៅតាមពណ្តាក្រុង-ខេត្តនានាបាន ។ ដូចនេះការចុះចាប់ម៉ូតូពីអ្នកលក់ក៏ដូចជាអ្នកប្រើប្រាស់ ដូចជាមិនសូវយុត្តិធម៌ប៉ុន្មានទេ៕ ជាយក្រុង