ប្រទេសក្រូអាត៖ អ្នកទោស ឧក្រឹដ្ឋកម្មសង្គ្រាមជនជាតិក្រូអាតដើមកំណើតប៊ូស្នៀ លោក Slobadan Praljak បានផឹកថ្នាំពុលធ្វើអត្តឃាតនៅក្នុងបន្ទប់កាត់ក្តី របស់តុលាការឧក្រឹដ្ឋកម្ម សង្គ្រាម អន្តរជាតិ នៅទីក្រុង ឡាអេ ប្រទេសហុល្លង់។
សារព័ត៌មានរ៉យទ័របានផ្សាយថា៖ នៅថ្ងៃទី៣០ខែវិច្ឆិកា តុលាកាបានច្រានចោលនិខិតតវ៉ារបស់លោក Praljak ដោយបន្តរក្សា សាលក្រម ដាក់ទោសជាប់គុក២០ឆ្នាំ នៅក្នុងសាវនាការផ្សាយផ្ទាល់តាមទូរទស្សន៍។
តាមមន្ត្រីនៅក្នុងសាវនាការ បានបញ្ជាក់ថា ៖ អតីតមេបញ្ជា ការ អាយុ៧២ឆ្នាំបានប្រកាស ប្រឆាំងនិងសាលក្រម របស់តុលាការ ដោយ បញ្ជាក់ថាលោកមិនមែនជាអ្នកទោសសង្គ្រាមនោះឡើយ ។ ភ្លាមៗនោះលោក បានយកកូនដបតូចដែលដាក់តាមខ្លួន ចេញមកផឹកនៅមុខតុលាការតែម្តង។ ពេលផឹករួចហើយ លោក Praljak បានប្រកាសថា«ខ្ញុំបានផឹកថ្នាំពុល»។
សកម្មភាពខាងលើរបស់លោក Praljak ធ្វើឲ្យមនុស្សគ្រប់គ្នាដែលមានវត្តមាន នៅក្នុងតុលាការផ្ញាក់ផ្អើលយ៉ាងខ្លាំង។ តុលាការក៏បានសម្រេចផ្អាកសកម្មភាព ហើយ បញ្ជូន លោក Praljak ទៅកាន់មន្ទីពេទ្យភ្លាមៗផងដែរ។
នាយករដ្ឋមន្ត្រីក្រូអាតលោក Andrej Plenkovic បានប្រកាសថា លោកPraljak បានស្លាប់នៅក្នុងមន្ទីពេទ្យ ក្រោយផឹកថ្នាំពុល។
សារព័ត៌មាន ប៊ីប៊ីស៊ី បានផ្សាយថា៖ កាលពីឆ្នាំ២០១៣ លោក Praljak ត្រូវបានតុលាការកាត់ទោសជាប់ពន្ធធនាគា ២០ឆ្នាំ ពីបទ ប្រឆាំងមនុស្សជាតិ ជាក់ស្តែង គឺប្រឆាំងនិងជនជាតិអិស្លាមនៅក្នុងសង្គ្រាម Bosnia នៅឆ្នាំ១៩៩២-១៩៩៥។ លោក Praljak ពេលនោះគឺជាមេបញ្ជា ការ កម្លាំង ការពារជនជាតិក្រូអាតដើមកំណើតបូស្នៀ ។ នៅឆ្នាំ១៩៩៣ បើទោះបីទទួលបានព័ត៌មានថា ទាហានក្រុមបញ្ជា របស់លោកបានឡោមព័ទ្ធ ជនជាតិអិស្លាម នៅក្នុងតំបន់ Prozor ប្រទេសក្រូអាត តែលោក Praljak មិនមានសកម្មភាពរារាំង ទាហាននោះឡើយ ។
ក្រៅពីនេះលោក Praljak ត្រូវបានកាត់ទោសពីបទចេញ បញ្ជា បំផ្លាញស្ពានប្រវត្តិសាស្ត្រ និងព្រះវិហារ នៅបូស្នៀ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមជនជាតិអិស្លាមនៅទីនោះ៕
ដោយ៖ មែវ សាធី