ភ្នំពេញ៖ ក្រុមបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រមាណជាង៥០នាក់ បានហ្វឹកហាត់បច្ចេកទេសថ្មីៗ ជាមួយគ្រូជនជាតិបារាំង២នាក់ ប្រយោជន៍ដកស្រង់បច្ចេកទេស ល្អៗ ក្នុងការពន្លត់អគ្គិភ័យ និងជួយសង្គ្រោះជនរងគ្រោះ ដែលរងគ្រោះដោយអគ្គិភ័យឆេះលំនៅដ្ឋាន ឬរោងចក្រ ។
ការហ្វឹកហាត់នេះ បានប្រព្រឹត្តទៅនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានរថយន្ដពន្លត់អគ្គិភ័យ៥គ្រឿង និងឧបករណ៍សង្គ្រោះជាច្រើនទៀត ។
លោកវរសេនីយ៍ព្រហ្ម យ៉ន នាយការិយាល័យ បង្ការពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ដើម្បីទទួលបាននូវបទពិសោធន៍ និងបច្ចេកទេសថ្មីៗថែមទៀត ក្នុងការអន្ដរាគមន៍ពន្លត់គ្រោះអគ្គិសភ័យ ដែលកើតមានក្នុងរាជធានីភ្នំពេញ ស្ទើរតែញឹកញាប់នោះ ទើបយើងបានសហការជាមួយអ្នកបច្ចេកទេសជនជាតិបារាំង២នាក់ ដើម្បីហ្វឹកហាត់យកមេរៀនល្អៗ សម្រាប់ទៅអនុវត្តជាក់ស្ដែង ប្រកបដោយជោគជ័យ ព្រោះគ្រូជនជាតិបារាំង គាត់មានបទពិសោធច្រើន ក្នុងការពន្លត់អគ្គិភ័យ។ បច្ចេកទេសថ្មីៗ ដែលយើងសិក្សានៅពេលនេះ មានវិធីសាស្ដ្រច្រើនយ៉ាង ដែលត្រូវយកទៅអនុវត្ត ដែលយើងសង្ឃឹមថា នឹងមានប្រសិទ្ធភាពបំផុត ។
លោកប្រធានការិយាល័យនេះ បានថ្លែងឲ្យដឹងដែរថា ចាប់តាំងពីខែមករាដល់ខែតុលា ឆ្នាំ២០១៥នេះ គ្រោះអគ្គិភ័យនៅរាជធានីភ្នំពេញ មានចំនួន១០៥លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ និងរបួសធ្ងន់២នាក់។ ក្រោយពេលហ្វឹកហាត់បច្ចេកទេសថ្មីៗពីគ្រូជនជាតិបារាំងនេះ តទៅយើងសង្ឃឹមថា នឹងទទួលបានបទពិសោធន៍ល្អៗ ដើម្បីយកទៅអនុវត្តជាក់ស្ដែង ប្រកបដោយប្រសិទ្ធភាពជាមិនខាន ។
ជាមួយនេះដែរ លោកវរសេនីយ៍ទោព្រហ្ម យ៉ន បានសំណូមពរ ដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នកុំឲ្យមានអគ្គិភ័យកើតឡើង ដោយត្រូវពិនិត្យភ្លើងទៀន ធូប ចង្ក្រាន និងអគ្គិសនីឲ្យបានគត់មត់ មុននឹងចាកចេញពីផ្ទះ។ ជាពិសេសទៀតនោះ សូមបងប្អូន ជាវបំពង់ពន្លត់អគ្គិភ័យ ដាក់នៅក្នុងគេហដ្ឋានឲ្យបានគ្រប់គ្នា ព្រោះវាអាចជ័យទប់ស្កាត់គ្រោះអគ្គិភ័យដែលកើតឡើងដំបូង មានប្រសិទ្ធភាពណាស់ ៕
ដោយ៖ ស រស្មី