ខេត្តមណ្ឌលគិរី៖ ម៉ូតូអត់ពន្ធជាច្រើនគ្រឿង ត្រូវឈ្មួញដាក់តាំងលក់យ៉ាងសេរី អមតាមសងខាងផ្លូវជាតិលេខ៧៦ ស្ថិតក្នុងភូមិអូរ ស្ពាន សង្កាត់ស្ពានមានជ័យ នៅចំកណ្តាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
បើតាមសំដីរបស់ប្រជាពលរដ្ឋនិយាយថា ម៉ូតូដែលគ្មានលិខិតស្នាមនាំចូលទាំងនេះ គេឃើញដាក់លក់ តាមហាងលក់ម៉ូតូជាច្រើនកន្លែង ក្នុងក្រុងសែនមនោ រម្យ ដូចជា ហាងជាងផេង ជាងឡេង និងហាងអង្គជុំ ព្រមទាំងហាងជាច្រើនទៀត ដោយហាងលក់ម៉ូតូទាំងនេះមានដាក់លក់ម៉ូតូ អត់ពន្ធជាយូរយាណាស់មកហើយ ប៉ុន្តែកម្រឃើញមានវត្តមានសមត្ថកិច្ចជំនាញ ជាពិសេសមន្ត្រីគយ ចុះត្រួតពិនិត្យ ឫ ចាប់បង្ក្រាបណាស់ ។
ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរហាងលក់ម៉ូតូទាំងអស់នោះបាននិយាយថា កាលពីអំឡុងដើមឆ្នាំ២០១៣ គេធ្លាប់ ឃើញប៉ូលីសសេដ្ឋកិច្ចចុះបង្ក្រាបទីតាំងលក់ម៉ូតូអត់ពន្ធទាំងនេះម្ដងដែរ ប៉ុន្តែបន្ទាប់ពីការបង្ក្រាបនោះ រហូតមកដល់ពេលបច្ចុប្បន្ន គេបានឃើញ ហាងលក់ម៉ូតូទាំងនោះដាក់តាំងលក់ម៉ូតូអត់ពន្ធច្រើនជាងមុនទៅទៀត ហើយមិនមានការបង្ក្រាបឡើយ ។
សេចក្ដី រាយការណ៍បាននិយាយទៀតថា មូលដែលមិនមានមន្ត្រីជំនាញចុះបង្ក្រាប់ទីតាំងលក់ម៉ូតូអត់ពន្ធទាំងនោះ ត្រូវគេសង្ស័យថា មន្ត្រី ជំនាញដែលមានតួនាទីបង្ក្រាបបទល្មើទទាំងនេះ អាចមានជាប់ពាក់ព័ន្ធលើរឿងអ្វីមួយ ជាមួយនិងឈ្មួញលក់ម៉ូតូអត់ពន្ធទាំងអស់ នោះហើយ ទើបមិនបង្ក្រាប ។
បើយោងតាមប្រភពពីម្ចាស់ហាងលក់ម៉ូតូមួយរូបក្នុងក្រុងសែនមនោរម្យ បានប្រាប់អ្នកសារព័ត៌មានដោយត្រង់ថា ម៉ូតូ ដែលដាក់លក់សព្វថ្ងៃនេះ គឺលាយឡំគ្នា ទាំងម៉ូតូអត់ពន្ធ និងមានពន្ធ ។ ហើយចំពោះម៉ូតូអត់ពន្ធវិញ គាត់បានទិញយកមកលក់ បន្តពីឈ្មួញ ដោយម៉ូតូអត់ពន្ធទាំងនេះ គឺពួកឈ្មួញបាននាំចូលតាមច្រកទ្វេភាគី និងច្រករបៀងមួយចំនួន តាមបន្ទាត់ព្រំដែនក្នុង ខេត្តមណ្ឌលគិរី និងស្រុកស្នួល ខេត្តក្រចេះ ។
ជុំវិញករណីនេះ លោក សំ សុវណ្ណរិទ្ធ ប្រធានសាខាគយ និងរដ្ឋាករខេត្តមណលគិរីបានឲ្យដឹងថា លោកទទួលស្គាល់ថា ពិតជាមានម៉ូតូអត់ពន្ធដាក់លក់នៅក្នុងក្រុងសែនមនោរម្យ តែលោកមិនទាន់អាចចុះបង្ក្រាបបានទេ ព្រោះតាមការណែនាំរបស់ថ្នា ក់លើ តម្រូវឲ្យម្ចាស់ហាងដែលលក់ម៉ូតូអត់ពន្ធទាំងនោះ ស្ម័គ្រចិត្តយកម៉ូតូដែលអត់ពន្ធ ចូលមកបងពន្ធដោយខ្លួនឯងសិន តែបើ ម្ចាស់ម៉ូតូអត់ពន្ធទាំងនោះ នៅតែមិនធ្វើតាមការណែនាំ ទើបឈានដល់ការបង្ក្រាប ។
លោកប្រធានសាខាគយនិងរដ្ឋាករខេត្តមណ្ឌ លគិរីបានឲ្យដឹងទៀតថា ចំពោះការនាំម៉ូតូអត់ចូលតាមច្រករបៀងនានាក្នុងខេត្តមណ្ឌលគិរីនោះ គឺលោកមិនបានដឹងច្បាស់ទេ ព្រោះច្រករបៀង គឺនៅក្រៅដែនសមត្ថកិច្ចរបស់លោក ប៉ុន្តែនៅតាមច្រកទ្វារទ្វេរភាគី ដែលមានមន្ត្រីលោកប្រចាំការមិនមានការនាំ ម៉ូតូគេចពន្ធចូលទេ ។
យ៉ាងណាក៏ដោយ មជ្ឈដ្ឋាននានាក្នុងខេត្តមណ្ឌលគិរីបានលើកឡើងថា សមត្ថកិច្ចជំនាញពាក់ព័ន្ធមិនគួរបណ្តែតបណ្ដោ យឲ្យឈ្មួញលក់ម៉ូតូអត់ពន្ធយ៉ាងអនាធិបតេយ្យយូរឆ្នាំកន្លងមកហើយបែបនេះទេ គួរណាត្រូវរួមគ្នាទប់ស្កាត់ឲ្យមានប្រសិទ្ធិភាព ជុំវិញបញ្ហានេះ ព្រោះការបើកឲ្យលក់ដូរម៉ូតូអត់ពន្ធយ៉ាងសេរីដូច្នេះ បានធ្វើឲ្យខាត់បង់ចំណូលពន្ធនាំចូលរបស់រដ្ឋយ៉ាងច្រើនក្នុង មួយឆ្នាំៗ ហើយម្យ៉ាងវិញទៀត ការដែលបើកដៃឲ្យហាងលក់ម៉ូតូនានា ដាក់លក់នូវម៉ូតូគ្មានលិខិតស្នាមត្រូមត្រូវដូច្នេះ ក៏អាចជា ទីផ្សារងងឹត សម្រាប់ទិញ-លក់ម៉ូតូចោរ ផងដែរ ៕
ដោយ៖ ហេង សូរិយា