ខេត្តកំពង់ធំ៖ អាចនិយាយបានថា ជាលើកទី១នៅកម្ពុជា ដែលអាជ្ញាធរចាប់ផ្លែខ្វិត២បាវរបស់អាជីវករ ដែលត្រាំទឹកសំអុយយកទៅលក់នៅក្បែររបងសាលារៀន ។ ម្ចាស់ផ្លែខ្វិតទាំង២បាវត្រូវបានអប់រំណែនាំប្រាប់ថា ថ្ងៃក្រោយកុំយកផ្លែខ្វិតទៅត្រាំទឹកសំអុយ ហើយពុះហាន់លក់ឲ្យសិស្សានុសិស្ស ។ ពោលគីអាជ្ញាធរមិនបានដាក់ទោសទណ្ឌទៅលើស្ត្រីម្ចាស់ផ្លែខ្វិតទាំង២បាននោះទេ ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែនបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ លោក អ៊ា គឹមឡូន អភិបាលរងស្រុកស្ទឹងសែនបានបញ្ជាឲ្យសមត្ថកិច្ចនគរបាលរិបអូសផ្លែខ្វិត២បាវ ដែលម្ចាស់យកទៅត្រាំក្នុងទឹកស្អុយក្បែររបងសាលាបឋមសិក្សាកំពង់ធំក្រុង ដើម្បីហៅម្ចាស់មកណែនាំ ពីព្រោះការត្រាំខ្វិតនៅក្នុងទឹកសំអុយនោះ ថ្វីដ្បិតវាបានបន្សាបជាតិចត់នៃផ្លែខ្វិត ប៉ុន្តែទឹកសំអុយនោះសម្បូរមេរោគ ។
ប្រភពរាយការណ៍ថា អាជីវករដែលយកផ្លែខ្វិតទៅត្រាំក្នុងទឹកស្អុយនោះជាស្ត្រីភេទ មានអាយុជាង៣០ឆ្នាំ ហើយគាត់តែងតែធ្វើយ៉ាងដូច្នេះសម្រាប់ចិតលក់ឲ្យប្រជាពលរដ្ឋ និងសិស្សសាលានៅក្បែរនោះ ដោយពុំចាប់អារម្មណ៍ ឬពុំបានគិតអំពីផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ឬសិស្សានុសិស្សដែលទិញផ្លែខ្វិតនោះទៅទទួលទាននោះឡើយ។
សមត្ថកិច្ចនគរបាលមិនបានឃាត់ខ្លួនអាជីវកររូបនោះទេ ដោយគ្រាន់តែណែនាំកុំឲ្យត្រាំផ្លែខ្វិតក្នុងទឹកសំអុយនោះទៀត៕
ដោយ៖ ប៊ុន រិទ្ធី