ភ្នំពេញ៖ យ៉ាងហោចណាស់នារីម្នាក់ រងរបួសដាច់សាច់មុខមួយចំហៀង និងបុរស២នាក់ទៀត របួសបាក់ឆ្អឹងកជើង និងបាក់ឆ្អឹងស្មារលៀនចេញក្រៅ ដោយសារពួកគេជិះម៉ូតូ ព្យាយាមជែងរថយន្ត ជ្រុលទៅបុករថយន្តកុងតឺន័រយ៉ាងពេញទំហឹង បណ្ដាលឲ្យដួលអូសជាង២០ម៉ែត្រ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលា ១២និង១០នាទីឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះទាំង៣នាក់ទី១ឈ្មោះ ហុង អីម៉ី ភេទស្រី អាយុ ១៨ឆ្នាំ ធ្វើការរោងចក្រស្នាក់ សង្កាត់កំបូល, ទី២ឈ្មោះ ឈិត អាយុ២៣ ឆ្នាំ ធ្វើការរោងចក្រ ស្នាក់នៅសង្កាត់កំបូល និងទី៣ឈ្មោះ ជី វ័ន្ត អាយុ៣០ ឆ្នាំ មុខរបរជាងម៉ាស៊ីន ក្នុងរោងចក្រ ស្នាក់នៅសង្កាត់កំបូល។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះប្រុសស្រីទាំង៣នាក់ ជិះម៉ូតូឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BV-1944 ជិះក្នុងទិសដៅពីកើតទៅលិច តាមបណ្ដោយផ្លូវ២០០៤ក្នុងល្បឿនលឿន។ ដោយឡែក ស្របពេលជាមួយគ្នានោះ គ៏មានរថយន្តកុងតឺន័រមួយគ្រឿង ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ3C-7018 បើកបរដោយបុរសម្នាក់ទិសដៅពីលិចទៅកើត តាមបណ្ដោយផ្លូវ២០០៤នោះដូចគ្នាដែរពីមុខម៉ូតូរងគ្រោះ។ ពេលមកដល់ចំណុចកើតហេតុ ម៉ូតូរងគ្រោះ បានព្យាយាមបើកជែង រថយន្តកុងតឺន័រដែលនៅខាងមុខ ក៏ជ្រុលចូលទៅផ្លូវរថយន្តកុងតឺន័រ ហើយបុកបញ្ឆិតចំក្បាលរថយន្តកុងតឺន័រផ្នែកខាងឆ្វេង បណ្តាលឲ្យម៉ូតូ និងមនុស្សអូសនឹងថ្នល់ផ្លោងជាង២០ម៉ែត្រ រងរបួសធ្ងន់ទាំង៣នាក់ ដោយនារីម្នាក់ ដាច់សាច់មុខអស់មួយចំហៀងខាងឆ្វេង និងបាក់កដៃឆ្វេង បែកក្បាលជង្គង់ឆ្វេងយ៉ាងដំណំ។ ចំណែកបុរស២នាក់ទៀតដាច់កជើងឆ្វេង និងបាក់ឆ្អឹងស្មារខាងឆ្វេង។ ចំណែកម៉ូតូរងការខូតខាតយ៉ាងដំណំ។ រីឯរថយន្តបានបើកចេញពីកន្លែងកើតហេតុជាង១០០ម៉ែត្រទើបអ្នកបើកបរ ឈប់រថយន្តនៅចញ្ចើមផ្លូវ រួចរត់គេចខ្លូនបាត់តែម្តង។
បើតាមប្រភពពីបងប្អូនជនរងគ្រោះដែលបានទៅដល់កន្លែងកើតហេតុ បានឲ្យដឹងថា ពួកគេទាំង៣នាក់នាំគ្នាទៅលេងក្លឹប ហើយបានចេញមកវិញបំណងត្រលប់ទៅផ្ទះក៏ជួបគ្រោះថ្នាក់បែបនេះតែម្តងទៅ។
ក្រោយកើតហេតុ ជនរងគ្រោះទាំង៣នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ។ ចំណែកម៉ូតូនិងរថយន្ដ ត្រូវសមត្ថកិច្ចវាស់វែង និងនាំយកទៅរក្សាទុក ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ វិបុល