ខេត្តកណ្តាល៖ លោក លី ចាណា អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៥ បានដឹកនាំក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល ចុះពិនិត្យទីតាំងបូមទឹកបំពេញអាងសម្រាប់ត្រៀមផ្គត់ផ្គង់ដល់ការងារដាំដុះស្រូវរដូវប្រាំងនាពេលខាងមុខ ក្នុងស្រុកពញាឮ និងស្រុកមុខកំពូល ខេត្តកណ្តាល ។
លោក លី ចាណា បានថ្លែងឱ្យដឹងថា បន្ទាប់ពីបានចុះពិនិត្យទីតាំងជាក់ស្តែង និងជួបពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន ក្រុមការងារយើងកំពុងរៀបចំតម្លើងម៉ាស៊ីនបូមទឹកប្រភេទ ៦៥ សេស ចំនួន ០៥គ្រឿង ដើម្បីធ្វើការបូមលើទីតាំង ចំនួន ០៣ រួមមាន ទីតាំងទី១ ម៉ាស៊ីន ៦៥ សេស ចំនួន ០២ គ្រឿង បូមបំពេញអាងទឹក ចំនួន ០៣ សម្រាប់ផ្គត់ផ្គង់លើផ្ទៃដីស្រូវប្រាំងប្រមាណ ៧៩ ហិកតា ក្នុងភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ទីតាំងទី២ ម៉ាស៊ីន ៦៥ សេស ចំនួន ០១ គ្រឿង បូមបំពេញអាំងទឹក ចំនួន ០១ សម្រាប់ផ្គត់ផ្គង់លើផ្ទៃដីស្រូវប្រាំងប្រមាណ ២០ហិកតា ក្នុងភូមិជ្រោយសំបួរ ឃុំកោះចិន ស្រុកពញាឮ និងទីតាំងទី៣ ម៉ាស៊ីន ៦៥ សេស ចំនួន ០២គ្រឿង បូមបំពេញអាងទឹក ចំនួន ០២ សម្រាប់ផ្គត់ផ្គង់លើផ្ទៃដីស្រូវប្រាំងប្រមាណ ៣៨០ហិកតា ក្នុងឃុំព្រែកដំបង ស្រុកមុខកំពូល ។
លោកអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា លោក និងក្រុមការងារ កំពុងបន្តចុះពិនិត្យលើទីតាំងផ្សេងៗទៀត ៕