ខេត្តរតនគីរី ៖ មួយរយៈនេះ បើទោះបីជាអាជ្ញាធរខេត្ត ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធបានតាំងចិត្តយ៉ាងមុតមាំ ក្នុងការបង្ក្រាបមិនឲ្យមានបទល្មើសឈើ ដើម្បីអនុវត្តតាមបទបញ្ជាថ្នាកលើ ប៉ុន្តែមិនដឹងយ៉ាងម៉េចក្រុមឈ្មួញនៅតែព្រហើនហ៊ានធ្វើសកម្មភាព ដឹកជញ្ជូនឈើយ៉ាងរលូនដោយមិនញញើតនឹងច្បាប់ទាល់តែសោះ អាចដោយសារអំពើឃុបឃិតគ្នាឬមួយអសមត្ថភាព.?
ជាក់ស្តែង នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ គេឃើញមានរថយន្តប្រភេទ វ៉េអង ពណ៌ត្រេអ៊ីមួយគ្រឿងស្លាកលេខ៣B-២៣១៨ ដឹកឈើពេញនៅស្រុកអូរជុំ សង្ស័យដឹកលើសPC ឬមានចេតនាឆ្លងដែនទៅវៀតណាមក៏អាចថាបាន។
ចំពោះ បទល្មើសឈើកើតជាប្រចាំនេះ គឺគេទទួលស្គាល់ថា ឈ្មួញគឃ្លើននឹងច្បាប់ហ៊ានព្រហើនបំផុត ខណៈ សមត្ថកិច្ចជំនាញជាច្រើនស្ថាប័នរាងទន់ដៃក្នុងការបង្ក្រាប ដែលគេសង្ស័យថា អាចជាប់ ចិត្តនឹងលាភសក្ការក្នុងការទទួលផលប្រយោជន៍ ភ្លេចភារកិច្ច តួនាទីរបស់ខ្លួន។ នេះជាការពិតមិនអាចប្រកែកបាន។
លោក កែប កត់ ដែលមានតួនាទី នាយខណ្ឌព្រៃឈើខេត្តរតនគីរី ងាយនឹងទទួល រងការចោទប្រកាន់បំផុត ក្នុងការទទួលបានលាភសក្ការណាស់ ប្រសិនបើលោកមិនអនុវត្ត ច្បាប់ ហើយប្រព្រឹត្តផ្ទុយទៅ ច្បាប់ស្ដីពី «ព្រៃឈើ» តាមរបៀបជិះសេះលែងដៃ ។ ក្នុងនាមលោកជាមន្រ្តីជំនាញការពារនឹងប្រឆាំងបទល្មើសព្រៃឈើតែហាក់ដូចជាអសកម្ម ក្នុងការបង្រ្កាប តែសកម្មគិតលាភ។ មិនត្រឹមតែប៉ុណ្ណោះ លោកហ៊ានប្រឆាំងនឹងបទបញ្ជាសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែនទៀតផង ។
គួររំលឹកផងដែរ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ រថយន្ដយីឌុបមួយគ្រឿង ពាក់ស្លាក៣A-១៣៩៣ ដឹកឈើប្រណីតពេញ ជ្រកក្រោមឡេះប៉េសេ ដែលអនុញ្ញាតពីលោក សយ សូណា ប្រធានកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និង លោកកែប កត់ នាយខណ្ឌព្រៃឈើ ខេត្តរតនគីរីចំនួនឈើ២២.៧៨៨ម៉ែត្រគូប ដឹកទៅទីក្រុងភ្នំពេញ ។
ជាក់ស្ដែងរថយន្តខាងលើដឹកឈើ ប្រមាណជាង៥០ម៉ែត្រគូបសុទ្ធតែឈើប្រណីតដឹកចេញពីដែនជម្រកលំផាត់ឆ្លងកាត់ចំណុចខាងលើចូលក្រុងបានលុងនិងឆ្ពោះតាមផ្លូវ៧៨អា ទើបបានមកដល់ចំណុចជើងភ្នំតា សេក មុខឡឥដ្ឋឡើងចំណោតទៅមុខលែងរួចក៏បានឈប់នៅនឹងកន្លែង ចាប់ពីយប់ថ្ងៃទី២ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ ពេញមួយថ្ងៃ គេឃើញសមត្ថកិច្ចមកសាក សួរមិនឃើញវត្ត មានលោកកែប កត់ ចុះទៅត្រួតពិនិត្យនោះទេ ។ ផ្ទុយទៅវិញនៅរសៀលថ្ងៃ ដដែលត្រូវ បានដោះលែងនិងឲ្យរថយន្ដត្រឡប់ទៅក្រោយវិញដោយសុវត្ថិភាព៕ ដោយ៖ ជាយក្រុង