ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា និងនាយករដ្ឋមន្ត្រីប៉ាគីស្ថានបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយអំពាវនាវឲ្យក្រុមតាលីបង់វិលត្រឡប់មកចរចារកដំណោះស្រាយសន្តិភាពជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ខណៈដែលប្រទេសទាំងពីរបានបង្ហាញពីការរិតចំណងមិត្តភាព និងជាសម្ពន្ធមិត្តប្រកបដោយជំហានវិជ្ជមានកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥នោះ ។
លោកអូបាម៉ា និងលោក ណាវាស សារីហ្វ បានញញឹម និងចាប់រលាក់ដៃគ្នាទៅវិញទៅមកនៅឯសេតវិមាន ក៏ដូចជាការសម្តែងឲ្យឃើញពីការគោរពគ្នាទៅវិញទៅមកផងដែរចំពោះមិត្តភាពរយៈពេលយូរអង្វែងរវាងអាមេរិក និងប៉ាគីស្ថាន ។
សេចក្តីថ្លែងការណ៍រួមមួយធ្វើឡើងដោយមេដឹកនាំប្រទេសទាំងពីរបានអំពាវនាវឲ្យមេដឹកនាំក្រុមតាលីបង់វិលត្រឡប់ចូលមកពិភាក្សាដោយផ្ទាល់ជាមួយទីក្រុងកាប៊ូល និងធ្វើការរួមគ្នាដើម្បីឆ្ពោះទៅរកដំណោះស្រាយសន្តិភាពមួយប្រកបដោយនិរន្តរភាព ។
អាមេរិកចាត់ទុកប៉ាគីស្ថានថា ជាប្រទេសមួយ ក្នុងចំណោមប្រទេសដ៏តិចតួចដែលមានឥទ្ធិពលទៅលើក្រុមឧទ្ទាមផ្តាច់ខ្លួន ។ មេដឹកនាំក្រុមតាលីបង់ឈ្មោះ Akhtar Mansour ត្រូវគេជឿថា ជាមនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងអិស្លាម៉ាបាដ ។
ប៉ុន្តែមន្ត្រីខ្លះនៅទីក្រុងវ៉ាស៊ីនតោនមានជំនឿថា ប្រទេសប៉ាគីស្ថានមិនបានខិតខំណាស់ណានោះតែនៅក្នុងការបញ្ចេញឥទ្ធិពលរបស់ខ្លួនដើម្បីរារាំង ក៏ដូចបញ្ចុះបញ្ចូលក្រុមតាលីបង់កុំឲ្យប្រើប្រាស់អំពើហិង្សា ។ លោក Michael Kugelman មកពីមជ្ឈមណ្ឌល Woodrow Wilson បានសម្តែងមតិថា ត្រង់ចំណុចនេះ ប្រទេសទាំងពីរនៅមានកត្តាជាច្រើនទៀតដែលមិនទាន់យល់ស្រប ឬព្រមព្រៀងជាមួយគ្នា ។
លោកបន្តថា អាមេរិកមានការអត់ធ្មត់ជាធម្មតាច្រើនឆ្នាំមកហើយនៅក្នុងការផ្តល់អាវុធ និងហិរញ្ញវត្ថុទៅឲ្យយោធាប៉ាគីស្ថាន ប៉ុន្តែប៉ាគីស្ថានមិនបានបំពេញកាតព្វកិច្ចឲ្យបានពេញលេញតាមការស្នើសុំរបស់អាមេរិកម្តងហើយម្តងទៀតដើម្បីឲ្យជួយចាត់វិធានការប្រឆាំងទៅលើក្រុមឧទ្ទាមតាលីបង់ ។
ចាប់តាំងពីលោកSharif បានវិលត្រឡប់ចូលកាន់តំណែងជានាយករដ្ឋមន្ត្រីរយៈពេល២ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរបានខិតខំប្រឹងប្រែងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ។
ទំនាក់ទំនងមិត្តភាពរបស់អាមេរិកជាមួយទីក្រុងអិស្លាមម៉ាបាដ កាលពីពេលកន្លងមក មិនសូវជាស្អិតល្មួតណាស់ណានោះទេ ។ ប្រទេសទាំងពីរមានការមិនទុកចិត្តគ្នាទៅវិញទៅមក ។ ទំនាក់ទំនងបានដាំក្បាលចុះជ្រៅក្នុងវិបត្តិថែមទៀត នៅពេលដែលមេគំនិតព្រឹត្តិការណ៍ ថ្ងៃទី១១ កញ្ញា អូសាម៉ា ប៊ិនឡាដេន ត្រូវរកឃើញថា ជាអ្នករស់នៅក្នុងទីក្រុងប៉ាគីស្ថាន ហើយដែលមានកងកម្លាំងសន្តិសុខដ៏ច្រើនក្រាស់ក្រែលផងនោះ ។
ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា កាលពីថ្ងៃទី២១ ខែតុលា បានសាទរចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបញ្ហាអប់រំជាមួយប៉ាគីស្ថាន បើទោះបីថា ការខ្វែងគំនិតគ្នាខាងសន្តិសុខនៅតែមានចំណុចច្រើននៅឡើយនៅឯកិច្ចប្រជុំធ្វើឡើងនៅឯOvalនោះក៏ដោយ ។
ទំនាក់ទំងដែលមានការស្មុគស្មាញ ។ ទីក្រុងអិស្លាមម៉ាបាដបានទំនាក់ទំនងល្អជាមួយក្រុមឧទ្ទាមតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ឧបត្ថម្ភគាំទ្រក្រុមភេរវកម្មដែលគោលដៅវាយប្រហារឥណ្ឌា និងអាមេរិក ក៏ដូចជាបន្តបន្ទប់ការចម្រាញ់សារធាតុផលិតអាវុធនុយក្លេអ៊ែរផងដែរ ដែលបញ្ហាទាំងនេះត្រូវទីក្រុងវ៉ាស៊ីនតោនមើលឃើញថា ជាបញ្ហាសន្តិសុខដែលនាំឲ្យមានការឈឺក្បាលខ្លាំងបំផុត ។ ជាមួយគ្នានេះដែរ មន្ត្រីអាមេរិកក៏បានមើលឃើញផងដែរថា មានការផ្លាស់ប្តូរតិចតួចចំពោះអាកប្បកិរិយាកម្លាំងសន្តិសុខប៉ាគីស្ថាននៅក្នុងការដោះស្រាយបញ្ហាទាំងនេះ ។
ដើម្បីបន្ធូរបន្ថយចំពោះការរិះគន់ខាងលើនេះ នាយករដ្ឋមន្ត្រីប៉ាគីស្ថា លោក ណាវាស់ សារីហ្វ បានចាប់ផ្តើមទស្សនកិច្ចទៅកាន់អាមេរិក ។ ជាមួយគ្នានេះដែរ ក៏មានដំណើរទស្សនកិច្ចរបស់ប្រធានចារកម្មប៉ាគីស្ថាន និងមន្ត្រីក្រសួងការពារជាតិប្រទេសនេះទៅកាន់អាមេរិកនៅពេលខាងមុខផងដែរ ។
កាលពីពេលថ្មីៗកន្លងមកនេះ លោកអូបាម៉ា បានថ្លែងថា កងទ័ពអាមេរិកនឹងបន្តវត្តមាននៅលើទឹកដីអាហ្វហ្គានីស្ថានរយៈពេលយូរអង្វែងទៀតជាងការដែលបានប្រកាសនាពេលកន្លងមក ។ ប៉ុន្តែគេមានជំនឿថា ដំណោះស្រាយដោយយោធាតិចតួចប៉ុណ្ណោះដែលអាចធ្វើឡើងទៅបាននោះ ។ សេតវិមានមានក្តីរំពឹងថា ក្រុមតាលីបង់នឹងវិលត្រឡប់ចូលតុដើម្បីពិភាក្សាចរចាគ្នា ក្រោយពីជំនួបលើកដំបូងមិនទទួលបានជោគជ័យនោះ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត