ត្រី​ទន្លេ​នៅ​ឆ្នាំ​នេះ​មិន​សម្បូរ​ដូច​រាល់​ឆ្នាំ​ ចំណែក​មន្ត្រី​ជលផល​អះអាង​ថា​ ដោយសារ​កម្ពស់​ទឹកទន្លេ​មេគង្គ​ឆ្នាំ​នេះ​តូច​

ចែករំលែក៖

​ខេត្តក្រចេះ​៖​ ក្រុម​ប្រជា​នេសាទ​ដែល​បាន​ប្រើប្រាស់​ឧបករណ៍​នេសាទ​ ចាប់​ត្រី​ជា​លក្ខណៈ​គ្រួសារ​ នៅ​តាម​ដង​ទន្លេមេគង្គ​ក្នុង​ខេត្តក្រចេះ​ បាន​ត្អូញត្អែរ​ថា​ ការ​ប្រកបរ​បរចាប់​ត្រី​ជា​លក្ខណៈ​គ្រួសារ​ របស់​ពួក​គាត់​ឆ្នាំ​នេះ​គឺ​រក​ចាប់​ត្រី​មិន​បាន​ ដូច​រាល់​ឆ្នាំ​កន្លង​ទៅ​នោះ​ទេ​ ប្រការ​នេះ​បាន​ធ្វើ​ឱ្យ​ជីវភាព​គ្រួសារ​របស់​ពួក​គាត់​ធ្លាក់​ចុះ​មួយ​កម្រិត​។​ ចំណែក​មន្ត្រី​ជលផល​ បាន​អះអាង​ថា​ ការ​ខ្សត់​ត្រី​នៅ​ឆ្នាំ​នេះ​ វា​ជា​រឿង​ធម្មជាតិ​ ណាមួយ​ឆ្នាំ​នេះ​ គឺ​កម្ពស់​ទឹកទន្លេ​មេគង្គ​ឆ្នាំ​នេះ​តូច​ ធ្វើ​ឱ្យ​ពពួក​ត្រី​ មិន​អាច​តោង​ពង​កូន​បាន​។​

Untitled-1

​ក្រុម​ប្រជា​នេសាទ​បាន​លើក​ឡើង​ទៀត​ថា​ ជា​ធម្មតា​រាល់​ឆ្នាំ​កន្លង​ទៅ​ក្នុង​មួយ​ថ្ងៃ​ ពួក​គាត់​អាច​បណ្តែត​មង​ចាប់​ត្រី​ បាន​៥​ទៅ​១០​គីឡូ​ក្នុង​មួយ​ថ្ងៃ​ តែ​ចម្លែក​ឆ្នាំ​នេះ​ពួក​គាត់​បណ្តែត​មង​ចាប់​ត្រី​មិន​បាន​ដោយ​ក្នុង​មួយ​ថ្ងៃ​សឹង​រកតែ​៥​គីឡូ​មិន​បាន​ផង​ ហើយ​ពួក​គាត់​បាន​លើក​ឡើង​ថា​ អាច​មក​ពី​ឆ្នាំ​នេះ​ទឹកទន្លេ​មេគង្គ​តូច​ ធ្វើ​ឱ្យ​ត្រី​មិន​ចុះ​មក​ខាងក្រោម​ដូច​ទឹកធំ​នោះ​ទេ​។​

​ជាមួយ​និង​ត្រី​ក្ស​ត់​ បាន​ធ្វើ​ឱ្យ​តម្លៃ​ត្រី​ទឹកទន្លេ​មេគង្គ​នៅ​លើ​ទីផ្សារ​ខេត្តក្រចេះ​ មានការ​ឡើង​ផ្លៃ​ខ្ពស់​ ក្នុង​នោះ​មាន​ប្រភេទ​ត្រី​២​ប្រភេទ​ គឺ​ត្រី​ក្របី​និង​ត្រី​ឆ្កោក​ គឺ​មាន​តម្លៃ​ ៣​ម៉ឺន​ទៅ​៣​ម៉ឺន​៥​ពាន់​រៀល​ក្នុង​១​គីឡូក្រាម​ ហើយ​ប្រភេទ​ត្រី​ទាំង​២​នេះ​ គឺ​កំពុង​ត្រូវប៉ាន់​សម្រាប់​ជា​អាហារ​ប្រចាំ​ថ្ងៃ​ ជា​ពិសេស​នៅ​តាម​អាហារ​ដ្ឋា​ន​ តែងតែ​មក​កា​ម្មង់​ទិញ​ត្រី​នេះ​ សម្រាប់​ធ្វើ​ម្ហូប​លក់​ឱ្យ​ភ្ញៀវ​បន្ត​។​

​អ្នកស្រី​ ញ៉ែ​ម​ សុខលាភ​ មាន​ទីលំនៅ​សង្កាត់​ក្រករ​ ក្រុង​ក្រចេះ​ ដែល​តែងតែ​ទៅ​ទិញ​ត្រី​ ធ្វើ​ជា​អាហារ​សម្រាប់​គ្រួសារ​របស់​គាត់​ បាន​និយាយ​ថា​ សព្វ​ថ្ងៃនេះ​ត្រី​មិនសូវ​សម្បូរ​ទេ​ មិនតែប៉ុណ្ណោះ​ថែម​ទាំង​មាន​តម្លៃ​ថ្លៃ​ទៀត​ផង​ តែបើ​ចង់​ទិញ​ត្រី​ទាំងនេះ​បាន​ទាល់តែ​គាត់​ចូល​ផ្សារ​ពី​ព្រឹក​។​

​ដោយឡែក​នាយ​រង​ខណ្ឌ​ជលផល​ក្រចេះ​ លោក​ ម៉ុ​ក​ ពន្លក​ បាន​លើក​ឡើង​ឱ្យ​ដឹង​ដែរ​ថា​ រឿង​នេះ​វា​ជា​កត្តា​ធម្មជាតិ​ដោយសារ​ឆ្នាំ​នេះ​ សភាព​ទឹកទន្លេ​មេគង្គ​ឡើង​តូច​ខុស​ពី​រាល់​ឆ្នាំ​ ហើយ​សន្ទុះ​ទឹកភ្លៀង​ក៏​មានការ​ថយ​ចុះ​ដែរ​ ។​លោក​ថា​ផ្ទៃ​ទឹកទន្លេ​មេគង្គ​ឆ្នាំ​នេះ​មាន​កម្ពស់​ទាប​ បើ​ធៀប​ជាមួយ​ឆ្នាំទៅ​ទឹក​មាន​កម្ពស់​២២​ម៉ែត្រ​ តែ​ឆ្នាំ​នេះ​ទឹក​មាន​កម្ពស់​ត្រឹមតែ​ជាង​១៨​ម៉ែត្រ​ប៉ុណ្ណោះ​។​

​លោក​បន្ត​ថា​ ទឹកតូច​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​មាន​ត្រី​តិច​ ដោយសារ​ទឹក​មិន​ហូរ​ចូល​ព្រែក​,​បឹង​ ហើយ​ត្រី​មួយ​ចំនួន​ ត្រូវការ​ពង​តោង​នៅ​តាម​ព្រៃ​លិច​ទឹក​ តែបើ​ប្រភេទ​ត្រី​ទាំងនេះ​ ពង​តោង​នៅ​តាម​ព្រៃ​មាត់ទន្លេ​វិញ​ លោក​ថា​ វា​នឹង​ខូច​ទាំងអស់​ ហើយ​កត្តា​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ត្រី​មួយ​ចំនួន​ធំ​ត្រូវ​បាត់បង់​ទៅ​វិញ​ ដោយសារ​កម្ពស់​ទឹកទន្លេ​មេគង្គ​មាន​កម្ពស់​ទាប​ ៕​

...

ដោយ៖ កោះ​ទ្រុង​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print