ប៉ូលិសមិចស៊ីកូបានថ្លែងថា ប៉ូលិសបានរកឃើញរូងក្រោមដីដែលប្រើប្រាស់សម្រាប់រត់ពន្ធគ្រឿងញៀនចូលទៅកាន់ទីក្រុង San Diego ។ ការរកឃើញនេះបានកើតឡើងកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ។
រូងក្រោមដីមានចម្ងាយយ៉ាងវែងគឺត្រូវគេជីកពីទីក្រុង Tijuana របស់មិចស៊ីកូរហូតទៅដល់ទីក្រុង San Diego ។ រូងក្រោមដីនេះត្រូវគេជឿថាជារូងរបស់ក្រុមរត់ពន្ធគ្រឿងញៀនល្បីឈ្មោះ Joaquin Guzman ។
ទាក់ទងការរកឃើញរូងក្រោមដីខាងលើនេះដែរ ប៉ូលិសបានអះអាងថា បានចាប់ខ្លួនជនសង្ស័យ១៦នាក់ ព្រមទាំងរិបអូសគ្រឿងញៀនប្រមាណ១០តោន ។
ជាច្រើនឆ្នាំកន្លងមកហើយ ក្រុមរត់ពន្ធគ្រឿងនៅមិចស៊ីកូបានប្រើប្រាស់រូងក្រោមដីទាំងនេះដើម្បីធ្វើសកម្មភាពរត់ពន្ធគ្រឿងញឿនចូលទៅកាន់ទឹកដីអាមេរិក ។ ប៉ូលិសបញ្ជាក់ថា រូបដែលរកឃើញនៅពេលនេះមានប្រវែង៨០០ម៉ែត្រ និងមានជម្រៅប្រមាណ១០ម៉ែទ្រ ។ ប៉ូលិសអះអាងថា ក្នុងប្រតិបត្តិការណ៍នេះកើតឡើងបន្ទាប់ពីមានការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់។ កម្លាំងសមត្ថកិច្ចបានឆ្មក់ចូលទីតាំងខាងលើនេះ ដោយក្រុមអ្នករត់ពន្ធគ្រឿងញៀនមិនអាចបាញ់តដៃជាមួយសមត្ថកិច្ចបានឡើយ ។
មិនទាន់មានការបញ្ជាក់ផ្លូវការថា រូងក្រោមដីនេះធ្វើឡើងដោយក្រុមរត់ពន្ធគ្រឿងញៀនមួយណានោះទេ ប៉ុន្តែប្រភពដែលស្នើក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា រូងក្រោមដីនេះជារបស់ក្រុមរត់ពន្ធគ្រឿងញៀនដែលមានឈ្មោះ Guzman Sinaloa Cartel ជាមេខ្លោង ជាក្រុមល្បីល្បាញខ្លាំងជាងគេ និងជាអ្នកចរាចរដ៏ជាងគេនៅក្នុងតំបន់ ។
មេជួញដូរគ្រឿងញៀន El Chapo ដែលរត់រួចពីមន្ទីរឃុំឃាំង ស្ថិតក្រោមការយាមកាមសន្តិសុខយ៉ាងតឹងរ៉ឹងនោះបានលួចរត់គេចខ្លួនតាមរូងក្រោមដីផងដែរក្នុងចម្ងាយប្រមាណ១.៥គីឡូម៉ែត្រកាលពីខែកក្កដា ឆ្នាំ២០១៥ រហូតមកដល់ពេលនេះ ប៉ូលិសនៅមិនទាន់ចាប់ខ្លួនបាននៅឡើយទេ ។
រូងក្រោមដីដទៃផ្សេងទៀតក៏ត្រូវបានរកឃើញផងដែរកាលពីខែសីហា ឆ្នាំ២០១៥ស្ថិតនៅក្នុងតំបន់ Tijuana ។ រូងក្រោមដីនេះ ប្រសិនបើទុកឲ្យមានការបន្តជិករហូតបានសម្រេចនោះ គឺក្រុមអ្នករត់ពន្ធគ្រឿងញៀនអាចឆ្លងកាត់ចូលទឹកដីអាមេរិកក្នុងរយៈពេលមួយយ៉ាងឆាប់រហ័សបំផុត ៕
ប្រែសម្រួល៖ ថាច់ យ៉ាត