ភ្នំពេញ៖ លោក SamWchwein-gruber គ្រូបង្វឹកក្លិបភ្នំពេញក្រោនបាន សម្ដែងការខកចិត្ដជាខ្លាំងក្រោយពីកូន ក្រុមរបស់ខ្លួនលេងចាញ់ក្រុមបឹងកេត អង្គរក្នុងលទ្ធផល ២-៤ កាលពីរសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ កន្លងទៅ នៅទីលានកីឡដ្ឋានកងយោធពលខេមរភូមិន្ទស្ដាតចាស់ ។
បន្ទាប់ពីអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ ការប្រកួតរវាងក្រុមភ្នំពេញក្រោននឹង ក្រុមបឹងកេតអង្គរក្នុងលទ្ធផល ២-៤ រួចមកលោក SAM បានប្រាប់ក្រុមអ្នក សារព័ត៌មានថា ការបរាជ័យរបស់ក្រុម ភ្នំពេញក្រោនថ្ងៃនេះចាត់ទុកជាមេរៀនសម្រាប់លើកក្រោយ ។ ក្នុងនាមខ្ញុំជាគ្រូ បង្វឹកម្នាក់ពិតជាខកចិត្ដក្នុងដំណាក់ កាលដ៏សំខាន់បែរជាកីឡាកររបស់ខ្ញុំ លេងមិនបានល្អដោយគ្រាន់តែចាប់ ផ្ដើម៥នាទីដំបូងត្រូវក្រុមបឹងកេតអង្គរ រកបានគ្រាប់បាល់នាំមុខមុន១គ្រាប់បាត់ទៅហើយ ។
លោក SAM បានទទួលស្គាល់ការ បរាជ័យរបស់កូនក្រុមលោកថា លទ្ធ ផល ២-៤ ជាមួយក្រុមបឹងកេតវាជា រឿងយុត្ដិធម៌ ពីព្រោះក្រុមបឹងកេតគេ លេងបានល្អដោយអាចគ្រប់គ្រងបាល់ បានប្រមាណ៧០ភាគរយ ចំណែកឯកូន ក្រុមរបស់ខ្ញុំគ្រប់គ្រងបាល់បានប្រមាណតែ៣០ភាគរយប៉ុណ្ណោះ ។
គ្រូបង្វឹករូបនេះបានប្ដេជ្ញាចិត្ដពង្រឹង កូនក្រុមរបស់ខ្លួនឡើងវិញក្រោយពី ចាញ់ក្រុមបឹងកេតអង្គរនិងខកខានមិន បានទៅចូលរួមប្រកួតវគ្គជម្រុះពាន រង្វាន់ Toyota Mekong Cup 2015 នៅ ប្រទេសឡាវ ។ ប៉ុន្ដែក្រុមមួយនេះនឹង ត្រៀមលក្ខណៈការពារតំណែងជើងឯក MCL 2015 ។
ដោយឡែកលោក បែ មករា គ្រូ បង្វឹករបស់ក្រុមបឹងកេតអង្គរបានថ្លែង ប្រាប់ក្រុមអ្នកសារព័ត៌មានថា ជ័យជម្នះ ថ្ងៃនេះកើតឡើងដោយកិច្ចសហការក្នុង ក្រុមបានល្អទើបក្រុមបឹងកេតអង្គរក្លាយជាក្លិបតំណាងប្រទេសកម្ពុជានិងទទួល បានលិខិតអញ្ជើញទៅចូលរួមវគ្គប្រកួតជម្រុះដណ្ដើមពានរង្វាន់ Toyota Mekong Cup 2015 លើកទី២ នៅប្រទេសឡាវ ។
គួររំលឹកថា ក្រោយពីជំនួបប្រកួត រវាងក្រុមបឹងកេតអង្គរនឹងក្រុមភ្នំពេញ ក្រោនក្នុងជុំទី២ ពានរង្វាន់ MCL 2015 ជាលទ្ធផលក្រុមបឹងកេតឈរនៅលំដាប់ លេខរៀងទី១ មាន ៥៧ពិន្ទុ ក្នុងចំណោម ២២ប្រកួតក្នុងនោះឈ្នះ ១៨ដង ចាញ់១ ដង ស្មើ៣ដង រីឯ ក្រុមភ្នំពេញក្រោន ឈរនៅលេខរៀងទី២មាន៥១ពិន្ទុ ក្នុង ចំណោម២២ប្រកួត គឺឈ្នះ ១៦ដង ចាញ់ ៣ដង ស្មើ៣ដង ៕
ដោយ៖ សារីម