សមត្ថកិច្ចចម្រុះ សហការជាមួយកាំកុងត្រូល ភ្នាក់ងារស៊ើបអង្កេតរបស់ស្ថានទូតអាមេរិក កាត់ស៊ីលទូកុងតឺន័រចំនួន៣ទូ ដើម្បីត្រួតពិនិត្យ ហើយបានរកឃើញភ្លុកដំរីចំនួន២៧៩ដុំ ស្មើនឹង៩៤១.៤១គីឡូក្រាម នៅកំពង់ផែព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ លោក លឹម ប៊ុនហេង បាន សម្របសម្រួលនីតិវិធីអោយ សមត្ថកិច្ចចម្រុះរួមមាន៖ អាជ្ញាធរកំពង់ផែ មន្ត្រីនគរបាល មន្ត្រីកាំកុងត្រូល ភ្នាក់ងារស៊ើបអង្កេតរបស់ស្ថានទូតអាមេរិច មន្ត្រីគយ និងរដ្ឋាករសាខាគយ និងរដ្ឋាករកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ បានសហការគ្នា កាត់ស៊ីលទូកុងតឺន័រចំនួន៣ទូ ដើម្បីត្រួតពិនិត្យ ហើយបានរកឃើញភ្លុកដំរីចំនួន២៧៩ដុំ ស្មើនឹង៩៤១.៤១គីឡូក្រាម នៅកំពង់ផែព្រះសីហនុ។

មន្ត្រីដែលចូលរួមក្នុងប្រតិបត្តិការ បានថ្លែងឲ្យដឹងនៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧នេះថា៖ លទ្ធផលដែលរកឃើញរួមមានទី១៖ ទូ MSCU3214532 បានរកឃើញ ដុំឈើចំនួន៦៨២ដើម ទម្ងន់សរុប ១២,១៧៤គីឡូក្រាម ស្មើនឹង១៧ម៉ែត្រគូប, ដុំឈើសង្ស័យចំនួន១០ដើម ដែលបង្កប់ភ្លុកដំរីចំនួន១៣២ដុំស្មើនឹង៤៥៤.៥១គីឡូក្រាម, ទី២៖ ទូ CLHU2983749 បានរកឃើញ, ដុំឈើចំនួន៦០៥ដើម ទម្ងន់សរុប ២០,០១០គីឡូក្រាម ស្មើនឹង១៩ម៉ែត្រគូប, ទី៣៖ ទូ MEDU2333385 បានរកឃើញ, ដុំឈើចំនួន៦៧៧ដើម ទម្ងន់សរុប១៧,៣៨០គីឡូក្រាម ស្មើនឹង ១៨ម៉ែត្រគូប, ដុំឈើសង្ស័យចំនួន១២ដើម ដែលបង្កប់ភ្លុកដំរីចំនួន១៤៧ដុំ ស្មើនឹង៤៨៦.៩០គីឡូក្រាម។ សរុបភ្លុកដំរី ចំនួន២៧៩ដុំ ស្មើនឹង៩៤១.៤១គីឡូក្រាម។

មន្ត្រីដដែលបានបន្តថា ដោយមានការចង្អុលបង្ហាញពីប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អំពីការកំណត់សម្គាល់លើកុងតែន័រចំនួន៣ទូ ទំហំ២០ហ្វីត ដែលមានលេខ MSCU3214532; CLHU2983749; MEDU2333385 របស់ក្រុមហ៊ុន Cam Transit Import Co., Ltd មកពីប្រទេស Mozambique កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ដែលបានប្រកាសនៅក្នុង Manifest គឺជាឈើចំនួន ២៩pkgs ទម្ងន់ស្មើនឹង ៥៥,២១៣kgs និងផ្អែកលើលទ្ធផលរូបភាព ផ្ដល់ដោយម៉ាស៊ីនស្កែនមានការសង្ស័យព្រមទាំងតាមអនុលោមទៅតាមនីតិវិធី ច្បាប់ស្ដីពីគយចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៧ និងប្រកាសលេខ១០៩សហវ.ប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបន្ទាប់ពីម្ចាស់ទំនិញមិនបានចូលខ្លួន មកបំពេញបែបបទយកទំនិញតាមខ្លឹមសារសេចក្ដី ជូនដំណឹងលេខ ០៩៣៨/១៧ អគរ/ស.កស ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ របស់សាខាគយ និងរដ្ឋាករកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ។

បច្ចុប្បន្នភ្លុកដំរី រួមទាំងវត្ថុតាងដទៃទៀត ត្រូវកម្លាំងជំនាញរៀបចំទុកដាក់នៅទីសុវត្ថិភាព រង់ចាំនីតិវិធីបន្ដនៅពេលក្រោយ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print