ភ្នំពេញ៖ គេហទំព័រអគ្គស្នងការនគរបាលជាតិដែលជាស្ថាប័នរដ្ឋទទួលបន្ទុកបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងប្រទេសបានរិះគន់អាជ្ញាធរខណ្ឌទួលគោកថា ព្រងើយកន្តើយក្នុងការបង្ក្រាបល្បែងហ្គេមបាញ់ត្រី។ ឆ្លើយតបក្នុងបញ្ហានេះ អភិបាលខណ្ឌទួលគោកឆ្លើយថា នឹងចាត់វិធានការចំពោះទីតាំងទាំងនោះ ។
(រូបភាពអគ្គស្នងការនគរបាលជាតិ)
គេហទំព័រអគ្គស្នងការនគរបាលជាតិបានសរសេរថា ទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រី ច្រើនកន្លែងក្នុងខណ្ឌទួលគោក កំពុងបន្តរលេងដោយគ្មានការអើពើ ពីសំណាក់អាជ្ញាធរក៏ដូចជាលោក អភិបាលខណ្ឌទួលគោក ឯក ឃុនឌឿន រហូតមកដល់ពេលនេះ បើទោះបីជាប្រជាពលរដ្ឋរាយការណ៍ថាបានធ្វើអោយ មានការប៉ះពាល់យ៉ាងធ្ងន់ធ្ង ដល់ក្រុមក្មេងសិស្សសាលាដែលញៀនល្បែងភ្លេច គិតការរៀនសូត្រ និងមួយចំនួនក្លាយជាក្រុមសមាសភាពមិនល្អ បង្កបញ្ហាអសន្តិសុខដល់ សង្គម។
ទាក់ទងនិងបញ្ហាខាងលើ លោកឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក បានឆ្លើយ តបខ្លីថានិងចាត់កម្លាំងចុះធ្វើវិធានការក្រោយទទួលបានព័ត៌មានពីភ្នាក់ងារ តែរហូតមកដល់ពេលនេះ ទីតាំងហ្គេមបាញ់ត្រីនៅតែបន្តការបើកទ្វារធ្វើអាជីវកម្ម គ្មានខ្លាចរអារចំពោះ សមត្ថកិច្ច។
ល្បែងស៊ីសងខាងលើ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ថាបើកលេងយ៉ាង អាណាធិបតេយ្យ២៤ម៉ោងលើ២៤ម៉ោងជាក់ស្តែងនៅតាមផ្លូវលេខ២២៥ ផ្លូវលេខ២៥៥ ក្បែរស្ពានអាកាសស្ទឹងមានជ័យស្ថិតក្នុងសង្កាត់បឹងសាឡាង និងផ្លូវលេខ១៩២ ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់១និង២ ក្នុងខណ្ឌទួលគោក ដែលក្នុងនោះ ប្រជាពលរដ្ឋបន្តអោយដឹងថា មានបង្កប់ការ ជួញដូរគ្រឿងញៀនដល់ អ្នកដែលទៅលេងល្បែងក្នុងទីតាំងមួយចំនួនផងដែរ ទីតាំង ខ្លះជ្រកក្រោមផ្លាកហាង កាហ្វេ ឯ ទីតាំងខ្លះមានការបិទទ្វារកញ្ចក់ខ្មៅដែលមិនអាចមើលឃើញ ៕