ជនជាតិរ៉ូហ៊ីងយ៉ាជាជនរងគ្រោះដោយអំពើប្រល័យពូជសាសន៍

ចែករំលែក៖

ក្រុមជនជាតិរ៉ូហ៊ីងយ៉ាកំពុងប្រឈម នឹងបញ្ហាជាច្រើនដោយសារតែពេលភៀសខ្លួនទៅកាន់បង់ក្លាដែស ត្រូវប្រទេសនេះ បដិសេធ មិនទទួលស្គាល់ថាជាជនជាតិ ដើមរបស់ខ្លួន ។ ចំណែកនៅក្នុងប្រទេស មីយ៉ាន់ម៉ាវិញត្រូវបាន គេចាត់ទុកជាជន ភៀសខ្លួន មកពីបង់ក្លាដែស កាលពីសម័យ​អង់គ្លេសគ្រប់គ្រង ។ ទាំងនោះហើយបានជាក្រុមជនជាតិនេះប្រឈមនឹងវិបត្តិ ដោយ គ្មានអ្នកណា ចេញមុខការពារ ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក Zeid Ra’ad al Hussein ឧត្តមស្នងការសិទ្ធិ ​​ ​មនុស្សអន្តរជាតិបានបរិហារលើផែនការរៀបចំទុកមុនរបស់កម្លាំងសន្តិសុខមីយ៉ាន់ម៉ាប្រឆាំងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ តាម លោក Hussein ទង្វើរបស់កម្លាំងសន្តិសុខមីយ៉ាន់ម៉ារបៀបនេះអាចចាត់ទុកជាអំពើប្រល័យពូជសាសន៍។ការលើកឡើងរបស់លោកក្នុងសម័យប្រជុំវិសាមញ្ញក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីសដើម្បីនិយាយពីស្ថានភាពពលរដ្ឋរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា។

កន្លងមក អង្គការសហប្រជាជាតិធ្លាប់បានចាត់ទុកការធ្វើទុក្ខបុកម្នេញលើពល រដ្ឋរ៉ូហ៊ីងយ៉ាពីសំណាក់កងទ័ពមីយ៉ាន់ម៉ានៅក្នុងរដ្ឋរ៉ាឃីនថាជាការបោសសម្អាត ជនជាតិភាគតិច។ តែលើកនេះ ឧត្តមស្នងការសិទ្ធិមនុស្សអន្តរជាតិលោក Zeid Ra’ad al Hussein បានប្រើពាក្យធ្ងន់ៗដោយចាត់ទុកជាអំពើប្រល័យពូជសាសន៍។ ការហ៊ានប្រើពាក្យ « ប្រល័យពូជសាសន៍ » ដោយលោក Hussein សំអាងលើភស្តុ តាងមួយចំនួនដូចជា ការដុតបំផ្លាញផ្ទះ សម្បែងរបស់ពួករ៉ូហ៊ីងយ៉ាជាមួយនឹងមនុស្សចាស់ កូនក្មេងនៅខាងក្នុង ការបាញ់រះលើពួករ៉ូហ៊ីងយ៉ាដោយមិនរើសមុខ ឬមួយក៏ការជម្លៀសពួករ៉ូហ៊ីងយ៉ាចេញពីលំនៅឋានដោយបង្ខំ។

បើទង្វើទាំងអស់នេះមិនមែនជាអំពើ ប្រល័យពូជសាសន៍ តើវាជាទង្វើអ្វី? នេះ ជាការចោទសួររបស់លោក Hussein ដោយបន្ថែមថា លោកបានស្នើក្រុមប្រឹក្សាឲ្យចាត់វិធានការគ្រប់បែបយ៉ាងដើម្បីបិទ បញ្ចប់វិបត្តិមួយនេះ។ បន្ទាប់មក លោក Hussein ក៏បានបញ្ជាក់ពីការចង់ឃើញការវិលត្រឡប់ប្រកបដោយលក្ខខណ្ឌសន្តិសុខ និងសុវត្ថិភាពល្អរបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រមាណជា ៦២៦.០០០នាក់ពីជំរំស្ថិតក្នុងប្រទេសបង់ក្លាដែសទៅកាន់ប្រទេស មីយ៉ាន់ម៉ាវិញ។ នៅត្រង់ចំណុចនេះ លោក ឯកអគ្គរដ្ឋទូត Htin Lynn ប្រចាំក្រុមប្រឹក្សាសិទ្ធិមនុស្សអន្តរជាតិបានអះអាងថា រដ្ឋាភិបាលមីយ៉ាន់ម៉ាកំពុងធ្វើការជាមួយរដ្ឋាភិបាលបង់ក្លាដែសដើម្បីធានាការវិលត្រឡប់របស់ពួករ៉ូហ៊ីងយ៉ាក្នុងរយៈពេល ២ខែ។

យ៉ាងណាក៏ដោយលោក Husseinបានស្នើឲ្យមានការបង្កើតយន្តការណយុត្តិធម៌ និងឯករាជ្យមួយដើម្បីស៊ើបអង្កេតលើឧក្រិដ្ឋកម្មដែលប្រព្រឹត្តនៅមីយ៉ាន់ម៉ាដូចដែលធ្លាប់បានបង្កើតឡើងសម្រាប់ប្រទេសស៊ីរី។ តែឧបសគ្គអាចនឹងកើតមានដូចនៅស៊ីរីដែរ គឺរដ្ឋអំណាចមីយ៉ាន់ម៉ាមិនចង់ឃើញវត្តមានក្រុមអ្នកស៊ើបអង្កេតអន្តរជាតិនៅលើទឹកដីរបស់ខ្លួនទេ ពិសេសនៅរដ្ឋរ៉ាឃីនដែល សម្បូរពលរដ្ឋរ៉ូហ៊ីងយ៉ារស់នៅ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print