ខេត្តបន្ទាយមានជ័យ៖ សកម្មភាពនៃការនាំអង្កាមចេញទៅប្រទេសថៃ ដឹកតាមរថយន្តធុនធំធ្វើឡើងជារៀងរាល់ថ្ងៃ មិនមានការវ៉ិចខ្ចប់ឱ្យបានត្រឹមត្រូវ ។ ករណីនេះត្រូវគេមើលឃើញថា បានរង់ការរិះគន់ពីប្រជាពលរដ្ឋរស់នៅតាមបណ្តាយផ្លូវជាតិលេខ៥ ក្នុងខេត្តបន្ទាយមានជ័យ និងអ្នកធ្វើដំណើរតាមដឹងផ្លូវជាតិដទៃទៀត គ្រាដែលការដឹកអង្កាមតាមរថយន្តធុនធំៗទាំងនោះធ្លាក់ជំពុប ពាសពេញផ្លូវជាតិបង្កប៉ះពាល់បរិស្ថាន និងធ្លាក់ខ្ចាត់ខ្ចាយខាងមុខផ្ទះប្រជាពលរដ្ឋបង្កឱ្យកើតក្តៅក្រហាយ ពីសំណាក់ប្រជាពលរដ្ឋនិងអង្កាមទាំងនោះក៏ធ្លាក់ហ៊ុយចូលភ្នែកអ្នកជិះម៉ូតូ និងអ្នកជិះកង់ធ្វើដំណើរតាមផ្លូវជាតិដែលជាហេតុបង្កឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈយ៉ាងធ្ងន់។
បញ្ហានេះត្រូវប្រជាពលរដ្ឋនិយាយថា គេមិនឃើញអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធចាត់វិធានការដល់ឈ្មួញរកស៊ីដឹកអង្កាមនោះឡើយ ។ សកម្មភាព នៃការដឹកជញ្ជូនអង្កាមតាមរថយន្តធុនធំបង្ក ឱ្យកើតក្តីក្តៅក្រហាយរបស់ប្រជាជនបែបនេះ ត្រូវប្រជាពលរដ្ឋលើកឡើងថា គឺឈ្មួញមិនខ្វល់នោះទេ ដោយគេគិតតែពីផលចំណេញ និងប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីកត្តាផលប៉ះពាល់ដល់ប្រ ជាពលរដ្ឋនោះឡើយ ។ ប្រជាពលរដ្ឋសំណូមពរឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យមេត្តាជួយចាត់ វិធានការដោះស្រាយបញ្ហារថយន្តដឹកអង្កាមនេះផង កុំបណ្តែតបណ្តាយបែបនេះតទៅទៀត ។
ជំនួញអង្កាមត្រូវគេនិយាយថា បានកើតឡើងយ៉ាងគគ្រឹកគគ្រេងមានរយៈពេល២ទៅ៣ឆ្នាំចុងក្រោយនេះ ខណៈដែលតម្លៃទីផ្សារអង្កាមកំពុងមានហាងឆេងខ្ពស់ត្រូវឈ្មួញថៃនាំគ្នាសម្រុកទិញអង្កាមនាំទៅប្រទេសថៃ ដោយអង្កាមទាំងនោះត្រូវគេរាយការណ៍ឱ្យដឹងថា ថៃទិញយកទៅកែច្នៃធ្វើជាជីធម្មជាតិ ។ អង្កាមត្រូវបានឈ្មួញប្រមូលទិញពីរោងម៉ាស៊ីនកិនស្រូវខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តសៀមរាប ហើយនាំចេញទៅប្រទេសថៃតាមច្រករបៀងក្នុងភូមិសាស្ត្រ ឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ រថយន្តដឹកអង្កាមបច្ចុប្បន្នធ្វើសកមភាពដឹកជញ្ជូនក្នុងមួយថ្ងៃៗមិនក្រោម១០រថយន្តនោះទេ នេះមិនគិតដឹកតាមមធ្យោបាយផ្សេងទៀត ។
សូមបញ្ជាក់ថា បច្ចុប្បន្នគេសង្កេតឃើញរថយន្តដឹកអង្កាមកែច្នៃទ្រុងតឡើងលើខុសច្ចេកទេសដើម្បីសម្រាប់ដឹកផ្ទុកអង្កាមបានច្រើន ។ ការកែច្នៃទ្រុងរថយន្តខុសបច្ចេកទេសត្រូវគេនិយាយថា ឈ្មួញអនុវត្តផ្ទុយនឹងច្បាប់ចរាចរណ៍ផ្លូវគោក ។ រថយន្តដឹកអង្កាមកន្លងមក ត្រូវគេរាយការណ៍ឱ្យដឹងថា បានបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានអ្នកស្លាប់ និងរងរបួស នៅស្រុកមង្គលបុរី នោះផងដែរ ៕
ដោយ៖ សំ វិច្ឆិកា